ភ្នំពេញ : អគ្គនាយកដ្ឋានភស្ដុភារ និងហិរញ្ញវត្ថុ ស្ថិតក្នុងរចនាសម្ព័ន្ធរបស់ក្រសួងហាផ្ទៃ និងមានតួនាទីធ្វើជាសេនាធិការជូនរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ បើយោងតាមអនុក្រឹត្យលេខ១០៩ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋានភស្ដុភារ និងហិរញ្ញវត្ថុ មានភារកិច្ចជាច្រើនដូចជា កសាងគម្រោងផែនការសេដ្ឋកិច្ច ហិរញ្ញវត្ថុ កសាងផែនការបែងចែកថវិកា កសាងគម្រោងផែនការផ្គត់ផ្គង់របបឧបត្ថម្ភ សម្ភារប្រើប្រាស់សម្រាប់ជនជាប់ឃុំ គ្រប់គ្រងចំណូល-ចំណាយថវិកាជាតិ ដែលស្ថិតនៅក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃ គ្រប់គ្រងរាល់ប្រភពចំណូលរបស់បណ្តាអង្គភាព គ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ គ្រប់គ្រងការដោះដូរ និងការជួល ការលក់នូវរាល់អចលនវត្ថុ ចលនវត្ថុទាំងឡាយរបស់រដ្ឋដែលស្ថិតក្រោមការកាន់កាប់របស់ក្រសួងមហាផ្ទៃ។
តួនាទី និងភារកិច្ចបន្ថែមទៀត រួមមាន ដឹកនាំការអនុវត្តកិច្ចលទ្ធកម្មសាធារណៈ តាមបែបបទ និងនីតិវិធីហិរញ្ញវត្ថុ សម្របសម្រួល និងសហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋាន និងអង្គភាព នានាចំណុះក្រសួងមហាផ្ទៃ អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ក្នុងការប្រមូលថវិកា ចំណូលមិនមែន សារពើពន្ធនានា ធ្វើការផ្សព្វផ្សាយរូបភាព និងសកម្មភាព សមិទ្ធផល ព្រមទាំងស្នាដៃនានារបស់រាជរដ្ឋាភិបាល និងផ្តោតសំខាន់បង្កើនការផ្សព្វផ្សាយពីសកម្មភាពការងារប្រចាំថ្ងៃរបស់កងកម្លាំងនគរបាលជាតិ ក្នុងការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ការងារ បង្ការបង្ក្រាបបទល្មើសគ្រប់ប្រភេទ សំដៅថែរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គមបានល្អប្រសើរ។
អគ្គនាយកដ្ឋាននេះក៏មានភារកិច្ច កសាងផែនការសំណង់អគារមន្ទីរពេទ្យ គិលានដ្ឋាន ផ្គត់ផ្គង់ឱសថ សម្ភារបរិក្ខារវេជ្ជសាស្ត្រសម្រាប់ ពិនិត្យសុខភាព ព្យាបាលជំងឺដល់មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ កសាងផែនការ វិធានការ វិធីសាស្ត្រ ការងារសុខាភិបាលក្នុងការផ្គត់ផ្គង់បំប៉នសុខភាពដល់មន្ត្រីទាំងបី ដែលសម្រាកក្នុងមន្ទីរពេទ្យ គិលានដ្ឋាន ស្រាវជ្រាវ កសាងផែនការកែលម្អ បំពាក់មធ្យោបាយ ឧបករណ៍សម្ភារបច្ចេកទេសវិទ្យាសាស្ត្រទំនើបៗ បម្រើដល់កិច្ចប្រតិបត្តិការការងារសុខាភិបាល កំណត់លក្ខណៈវិនិច្ឆ័យអំពីសុខភាពកាយសម្បទារបស់មន្ត្រីបុគ្គលិក ដើម្បីបំពេញបែបបទឱ្យសម្រាកព្យាបាលសុខភាព ចេញវិញ្ញាបនបត្របញ្ជាក់អំពីសុខភាព កាយសម្បទា និងបំពេញបែបបទបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យនានារបស់មន្ត្រីបុគ្គលិកក្រោមឱវាទក្រសួងមហាផ្ទៃ និងទៅក្រៅប្រទេស។
បន្ថែមលើនេះ អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ មានតួនាទី កសាងផែនការផ្គត់ផ្គង់ និងបណ្ដុះបណ្ដាលមុខជំនាញគូរប្លង់ សិក្សាគម្រោងផែនការសាងសង់ សំណង់ និងវិស្វកម្ម សិក្សាស្រាវជ្រាវគម្រោងប្លង់និងស្ថាបត្យកម្ម និងគ្រប់គ្រងសម្ភារគ្រឿងចក្រ មធ្យោបាយ ស្រាវជ្រាវស្វែងរកឧបករណ៍សម្ភារបច្ចេកទេសទំនើបៗ ដើម្បីបម្រើឱ្យសំណូមពរ និងកិច្ចការចំពោះមុខ និងយូរអង្វែងដល់កងកម្លាំងនគរបាលជាតិ ទំនាក់ទំនងសហប្រតិបត្តិការជាមួយបណ្តាប្រទេសនានាដោយយោងតាមគោលការណ៍ដឹកនាំរួម និងកិច្ចព្រមព្រៀងរវាងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃជាមួយបណ្តាប្រទេសនានា គ្រប់គ្រងមន្ត្រីនគរបាលជាតិ មន្ត្រីរាជការស៊ីវិលក្រោមឱវាទ ធ្វើការវាយតម្លៃ និងលើកសំណើស្នើសុំ តែងតាំងមុខតំណែង ផ្ទេរភារកិច្ច ដំឡើងឋានន្តរសក្ដិ លើកសរសើរ ឬដាក់វិន័យ ដើម្បីដាក់ជូនថ្នាក់ដឹកនាំ ក្រសួង ពិនិត្យនិងសម្រេច។
បន្ថែមពីនេះអគ្គនាយកដ្ឋាន ក៏មានភារកិច្ច កសាងផែនការបណ្តុះបណ្តាលវិក្រឹតការ កសាងធនធានមនុស្ស និងមុខជំនាញវិជ្ជាជីវៈដល់មន្ត្រីទាំងបី ដែលបំពេញភារកិច្ចការងារភស្តុភារ ហិរញ្ញវត្ថុ នៅអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ និងនៅតាមបណ្តានាយកដ្ឋាន អង្គភាពស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ដឹកនាំគ្រប់គ្រងមន្ត្រីជំនាញភស្តុភារ ហិរញ្ញវត្ថុ ទាំងនៅអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ និងមន្ត្រីបម្រើការងារជំនាញភស្តុភារ និងហិរញ្ញវត្ថុ នៅស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ឱ្យអនុវត្តបានត្រឹមត្រូវ ទៅតាមច្បាប់ អនុក្រឹត្យ និងលិខិតបទដ្ឋានគតិយុត្ត ព្រមទាំងមានភារកិច្ចជាច្រើនទៀត ដូចដែលបានកំណត់នៅក្នុងអនុក្រឹត្យលេខ១០៩។
បច្ចុប្បន្ន អគ្គនាយកដ្ឋានភស្ដុភារ និងហិរញ្ញវត្ថុ ដឹកនាំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ ជាអគ្គនាយក ដោយមានរចនាសម្ព័ន្ធនាយកដ្ឋានចំណុះ ចំនួន៧ រួមមាន ១.នាយកដ្ឋានរដ្ឋបាលសរុប ២.នាយកដ្ឋានផែនការសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ផ្នែកសន្តិសុខសាធារណៈ ៣.នាយកដ្ឋានផែនការសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ផ្នែករដ្ឋបាលទូទៅ ៤.នាយកដ្ឋានភស្ដុភារនិងសម្ភារបច្ចេកទេស ៥.នាយកដ្ឋានសុខាភិបាល ៦.នាយកដ្ឋានស្ថាបនានិងវិស្វកម្ម ៧.នាយកដ្ឋានស្រាវជ្រាវឧបករណ៍សម្ភារបច្ចេកទេស ។ ដោយឡែក ចំពោះនាយកដ្ឋានផ្សព្វផ្សាយអប់រំ និងស្ថានីយវិទ្យុនិងទូរទស្សន៍មហាផ្ទៃ (ថ្នាក់ស្មើនាយកដ្ឋាន) ត្រូវបានរាជរដ្ឋាភិបាលចេញអនុក្រឹត្យលេខ ២៧៩ ផ្ទេរបញ្ចូលទៅក្នុងរចនាសម្ព័ន្ធ របស់អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ នៅដើមនីតិកាលទី៧
នៃរដ្ឋសភា៕
ដោយ : សេង បូលីន មន្ត្រីអ្នកនាំពាក្យក្រសួងមហាផ្ទៃ