រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ : តើការដកសញ្ជាតិត្រូវធ្វើក្នុងលក្ខខណ្ឌដូចម្តេច ហើយត្រូវអនុវត្តក្នុងវិធីបែបណា?

ចែករំលែក៖

ភ្នំពេញ : លោក កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលនឹងយកការទទួលខុសត្រូវក្នុងការធ្វើវិសោធនកម្មច្បាប់ស្តីពីការដកសញ្ជាតិ និងលិខិតបទដ្ឋានគតិយុត្តិនានាដែលមានការពាក់ព័ន្ធនាពេលខាងមុខ ដោយធានាថា ច្បាប់នេះនឹងបម្រើឱ្យឧត្តមប្រយោជន៍របស់ជាតិ ព្រមទាំងធានាបាននូវនិយាម និងស្តង់ដារអនុវត្តន៍ស្របបទដ្ឋានអន្តរជាតិ។

នៅក្នុង «សម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៧ ពិភាក្សា និងអនុម័តសេចក្តីស្នើច្បាប់ធម្មនុញ្ញា ស្តីពី វិសោធនកម្មមាត្រ៣៣ នៃរដ្ឋធម្មនុញ្ញា នៃព្រះរាជាណាចក្រកម្ពុជា» នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ លោក កើត រិទ្ធ បានឆ្លើយតបទៅនឹងការលើកឡើងមួយចំនួនដែលមានចរិតបំភ្លៃ និងបំភាន់ការពិតដើម្បីបម្រើឱ្យរបៀបវារៈនយោបាយទុច្ចរិតរបស់ខ្លួន។

លោកបានឆ្លើយតបថា ការរៀបចំឲ្យមានក្របខណ្ឌច្បាប់ដើម្បីអនុញ្ញាតឲ្យមានការដកសញ្ជាតិនេះ ទាំងក្នុងច្បាប់បរទេសទាំងក្នុងច្បាប់កម្ពុជា គឺមិនមែនជាអំពើប្រល័យពូជសាសន៍នោះទេ គឺធ្វើឡើងក្នុងគោលបំណងដើម្បីការពាររដ្ឋ បម្រើប្រជាពលរដ្ឋដើម្បីក្រើនរំលឹកជាប្រចាំដល់ប្រជាពលរដ្ឋខ្មែរឲ្យមានទឹកចិត្តស្នេហាជាតិឲ្យបានរឹងមាំនិងភក្ដីភាពឥតងាករេ ចំពោះជាតិនិងប្រជាជនរបស់ខ្លួន។ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានចោទជាសំណួរថា ប្រសិនបើការដកសញ្ជាតិជាអំពើប្រល័យពូជសាសន៍ ដូច្នេះប្រទេសជាង ១៥០ នៅលើពិភពលោកសុទ្ធតែប្រទេសប្រព្រឹត្តអំពើប្រល័យពូជសាសន៍ឬយ៉ាងណា?

លោក កើត រិទ្ធ បានគូសបញ្ជាក់ថា ការដកសញ្ជាតិខ្មែរនេះគឺអនុវត្តន៍លើពលរដ្ឋខ្មែរណាដែលឃុបឃិតជាមួយបរទេសប្រព្រឹត្តិអំពើក្បត់ជាតិឯង ឬធ្វើសកម្មភាពប៉ះពាល់ធ្ងន់ធ្ងរដល់វិស័យសន្តិសុខជាតិ សេចក្តីសុខសាន្តរបស់ប្រជាជន និងឧត្តមប្រយោជន៍របស់ប្រទេសជាតិតែប៉ុណ្ណោះ។
នៅសម័យប្រជុំនេះ ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ បានពន្យល់អំពីមូលហេតុសំខាន់ៗចំនួន៣ដូចតទៅ៖
ទី១៖ វិសោធនកម្មសេចក្ដីស្នើច្បាប់នៃរដ្ឋធម្មនុញ្ញ មានគោលបំណងដ៏សំខាន់ ដើម្បីបន្សុទ្ធទឹកចិត្តស្នេហាជាតិ ប្រជាពលរដ្ឋខ្មែរ ចំពោះជាតិ មាតុភូមិ និងប្រជាជនកម្ពុជា ពោលគឺការលើកកម្ពស់ឧត្ដមគតិជាតិ មនសិការស្នេហាជាតិ និងគោលជំហរស្មោះត្រង់ឥតងាករេរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូបចំពោះជាតិ មាតុភូមិ និងប្រជាជនកម្ពុជា នៅគ្រប់កាលៈទេសៈទាំងអស់។ តាមរយៈវិសោធនកម្មមាត្រា ៣៣នេះ នឹងបើកផ្លូវឲ្យមានការរៀបចំនូវក្របខណ្ឌច្បាប់ ដើម្បីដកសញ្ជាតិខ្មែរ ដែលក្របខណ្ឌច្បាប់នេះ នឹងជាឧបករណ៍គតិយុត្តដ៏សំខាន់របស់រដ្ឋ ដើម្បីការពាររដ្ឋ ពិសេសប្រឆាំងនឹងពលរដ្ឋដែលឃុបឃិតជាមួយនឹងបរទេសប្រព្រឹត្តអំពើ ក្បត់ជាតិ ឬធ្វើសកម្មភាពប៉ះពាល់ដល់វិស័យសន្តិសុខជាតិធ្ងន់ធ្ងរ សេចក្ដីសុខសាន្តរបស់ប្រជាជន និងឧត្ដមប្រយោជន៍របស់ប្រជាជាតិយើង។
ទី២៖ ដើម្បីធានាការគោរពនូវមាត្រា៤៩ ថ្មីនៃរដ្ឋធម្មនុញ្ញ ដែលចែងថា ប្រជាពលរដ្ឋខ្មែរគ្រប់រូបត្រូវតម្កល់ផលប្រយោជន៍ជាតិជាធំ ហើយមិនត្រូវធ្វើសកម្មភាពណាមួយ ទោះដោយផ្ទាល់ក្ដី ឬដោយប្រយោលក្ដីនាំឲ្យប៉ះពាល់ដល់ផលប្រយោជន៍ របស់ព្រះរាជាណាចក្រកម្ពុជា និងប្រជាពលរដ្ឋខ្មែរ។
ទី៣៖ ដើម្បីរួមចំណែកយ៉ាងសំខាន់ នៅក្នុងការប្រឆាំងនឹងការជ្រៀតជ្រែកពីខាងក្រៅចូលមកក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ជាពិសេសការប្រឆាំងនឹងអំពើឃុបឃិតគ្នាជាមួយបរទេស ប្រព្រឹត្តិអំពើក្បត់ជាតិឯង ដែលធ្វើសកម្មភាពបណ្ដាលឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់វិស័យសន្តិសុខជាតិ សេចក្ដីសុខសាន្តរបស់ប្រជាពលរដ្ឋខ្មែរ និងឧត្ដមប្រយោជន៍របស់ប្រទេសជាតិ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print