អន្តរជាតិ៖ បើតាមការចុះផ្សាយរបស់កាសែត Viet Nam News បាននិយាយថា៖ តម្លៃនៃការនាំចេញកាហ្វេវៀតណាមបានកើនឡើងខ្ពស់កប់ពពកដល់ជាង ៥ ប៊ីលានដុល្លារ នៅឆមាសទី ១ ដើមឆ្នាំ ដោយសារតែតម្រូវការសកលរឹងមាំ ខណៈការផ្គត់ផ្គង់មានកម្រិតដោយសារតែបញ្ហាអាកាសធាតុ។
ទិន្នន័យពីក្រសួងកសិកម្ម និងបរិស្ថាន (MAE) បានបង្ហាញថា វៀតណាមបាននាំចេញកាហ្វេប្រមាណ ៩៥៣ ៩០០ តោន ក្នុងតម្លៃ ៥,៤៥ ប៊ីលានដុល្លារអាមេរិក ក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំ ២០២៥។ ចំនួននេះ បង្ហាញពីកំណើនប្រមាណ ៥,៣ ភាគរយ គិតជាបរិមាណ ហើយរហូតដល់ ៦៧,៥ ភាគរយ បើគិតជាតម្លៃ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
អាល្លឺម៉ង់ អ៊ីតាលី និងអេស្ប៉ាញ នៅតែជាប្រទេសនាំចូលកាហ្វេរបស់វៀតណាមកំពូល ខណៈក្រសួងកសិកម្មវៀតណាមរំពឹងថា ការនាំចេញកាហ្វេពេញមួយឆ្នាំ ២០២៥ នឹងកើនឡើងដល់ប្រមាណ ៧,៥ ប៊ីលានដុល្លារ ដោយកើនឡើងជិត ៣០ ភាគរយ ធៀបឆ្នាំមុន។
គួរបញ្ជាក់ថា តម្លៃនាំចេញកាហ្វេសកលបានកើនឡើងនាពេលកន្លងមក ដោយសារតែតម្រូវការរឹងមាំ ខណៈការផ្គត់ផ្គង់មានកម្រិតដោយសារតែគ្រោះរាំងស្ងួត ដែលប៉ះពាល់ដល់ផលិតកម្មកាហ្វេក្នុងប្រទេសដាំធំៗរួមទាំងវៀតណាម និងប្រេស៊ីលជាដើម។ យ៉ាងណាមិញ ផលិតកម្មនាឆ្នាំនេះ រំពឹងថានឹងងើបឡើងវិញ៕