ខេត្តកណ្តាល ៖ លោក ប៉េង ពោធិ៍នា សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្អាង នាព្រឹកថ្ងៃសៅរ៍ ទី១២ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជា ស្រុកស្អាង ខេត្តកណ្តាល ដោយមានការចូលរួមពីលោក លោកស្រី សមាជិក សមាជិកា ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក និងមូលដ្ឋានឃុំទាំងអស់ក្នុងស្រុកស្អាងជាច្រើនរូប។
ពិធីនាព្រឹកនេះធ្វើឡើង ក្នុងគោលបំណងសំណេះសំណាលជាមួយសមាជិកបក្សដែលបានប្រកាសចូលរួមរួចហើយនាពេលកន្លងទៅផង និងប្រកាសជាផ្លូវការ បញ្ចូលជាសមាជិកថ្មីរបស់គណបក្សប្រជាជនកម្ពុជា ចំនួន៤៩៥នាក់។
ថ្លែងក្នុងអង្គពិធី លោកប្រធាន បានសំណេះសំណាលទៅកាន់បងប្អូនដែលជាសមាជិកគណបក្សទាំងអស់ និងសមាជិកដែលទើបបញ្ចូលថ្មី ដែលបានចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សដែលមានភាពចាស់ទុំ មានអាយុកាល៧៤ឆ្នាំហើយ។ ក្នុងរយៈពេលដ៏វែងឆ្ងាយនេះ ទោះបីត្រូវប្រឈមនឹងការវិវត្តដ៏ស្មុគស្មាញបំផុតនៃសភាពការណ៍ជាតិ និងសភាពការណ៍អន្តរជាតិយ៉ាងណាក្ដី ក៏គណបក្សប្រជាជន បានផ្សារភ្ជាប់ខ្លួនយ៉ាងជិតស្និទ្ធជាមួយជោគវាសនារបស់ជាតិ និងប្រជាជន។
ជាទីបញ្ចប់ លោកប្រធាន បានបន្ថែមក្នុងអង្គពិធីទាំងមូលឱ្យជឿជាក់លើរាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែន ដោយរាជរដ្ឋាភិបាលនឹងព្យាយាមដោះស្រាយឱ្យអស់លទ្ធភាព និងមិនរុញច្រានប្រទេសឱ្យធ្លាក់ក្នុងសង្គ្រាមនោះឡើយ យើងត្រូវរួបរួមគ្នាជាធ្លុងមួយ ដើម្បីទប់ស្កាត់ និងបំផ្លាញមហិច្ឆតានយោបាយរបស់ក្រុមជ្រុលនិយមមួយក្ដាប់តូច ដែលតែងតែបញ្ឆេះកំហឹងជាតិសាសន៍ និងយកបញ្ជព្រំដែនជារបៀបវារៈបម្រើនយោបាយទុច្ចរិតរបស់ខ្លួន ហើយសូមជឿជាក់លើការដឹកនាំរបស់ សម្តេច ហ៊ុន សែន ប្រធានគណបក្ស និងសម្ដេចធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សរបស់យើង៕
ដោយ ៖ សិលា