ប្រទេសម៉ាឡេសុី ៖ ថ្ងៃទី១០ខែកក្កដាឆ្នាំ២០២៥ លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជារដ្ឋមន្ត្រីការបរទេសចិនបានជួបជាមួយលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជានៅទីក្រុងគូឡាឡាំពួប្រទេសម៉ាឡេស៊ី។
លោក Wang Yi បានថ្លែងថា ភាគីចិនមានឆន្ទៈរួមជាមួយភាគីកម្ពុជាដើម្បីអនុវត្តជាក់ស្តែងនូវសមិទ្ធផលនៃការបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជារបស់លោក Xi Jinping ប្រធានរដ្ឋចិន ពង្រីកវិស័យសហប្រតិបត្តិការ ធ្វើឱ្យការកសាងសហគមន៍ជោគវាសនារួមចិន-កម្ពុជានាំមកនូវសុខុមាលភាពកាន់តែច្រើនជូនប្រជាជនកម្ពុជា។
លោកបានបន្តថា អាមេរិកដំឡើងពន្ធគយជាច្រើនចំពោះប្រទេសកម្ពុជា ក៏ដូចជាប្រទេសអាស៊ីអាគ្នេយ៍ដទៃទៀត គឺប៉ុនប៉ងចង់ដកហូតសិទ្ធិអភិវឌ្ឍន៍ដ៏ត្រឹមត្រូវរបស់បណ្តាភាគីនានា។ភាគីចិនជឿជាក់ថា បណ្តាប្រទេសអាស៊ីអាគ្នេយ៍មានសមត្ថភាពឆ្លើយតបនឹងសភាពការណ៍ដ៏ស្មុគស្មាញនេះ ដើម្បីគាំពារផលប្រយោជន៍ផ្ទាល់ខ្លួននិងផលប្រយោជន៍រួមនៃគ្រប់ភាគី។
ជាការឆ្លើយតប លោកប្រាក់ សុខុនបានថ្លែងអំណរគុណចំពោះជំនួយទាំងអស់របស់ភាគីចិនដែលបានផ្តល់ជូនកម្ពុជា ដើម្បីអភិវឌ្ឍសដ្ឋកិច្ចនិងសង្គម មានឆន្ទៈនឹងអនុវត្តឱ្យបានល្អនូវគំនិតឯកភាពដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានឈានដល់ ពង្រីកកិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងគ្រប់វិស័យ។ក្រៅពីនេះ ភាគីកម្ពុជាក៏ថ្លែងអំណរគុណចំពោះភាគីចិនដែលបានផ្តល់ភាពអនុគ្រោះពន្ធគយសូន្យនូវមុខទំនិញដល់ប្រទេសកម្ពុជាផងដែរ នេះគឺផ្ទុយស្រឡះពីអាមេរិកដែលដំឡើងពន្ធគយ៣៦%ចំពោះប្រទេសកម្ពុជា។ភាគីកម្ពុជាមានឆន្ទៈរួមជាមួយភាគីអាមេរិកដោះស្រាយការខ្វែងគំនិតតាមរយៈការចរចា ក៏ប៉ុន្តែនឹងមិនបោះបង់ចោលគោលការណ៍និងផលប្រយោជន៍របស់ខ្លួន ហើយក៏មិនប៉ះពាល់ដល់ផលប្រយោជន៍នៃភាគីទី៣ដែរ៕
ដោយ ៖ សិលា