អភិបាល​ស្រុក​អូរាំង​៖​ “កង្ហារអគ្គិសនីដើរដោយថាមពលខ្យល់” នឹងចេញជារូបរាងលើទឹកដីមណ្ឌលគិរី ក្នុងពេលដ៏ខ្លីខាងមុខនេះ!

ចែករំលែក៖

ខេត្ត​មណ្ឌល​គិរី​៖​ បើតាមលោក សៀក មុន្នី អភិបាលស្រុកអូររាំង​ បានឱ្យដឹងនៅថ្ងៃ​ទី​១២​ ខែកក្កដា​ ឆ្នាំ​២០២៥នេះ​ថា៖​ “កង្ហារអគ្គិសនីដើរដោយថាមពលខ្យល់” ខេត្តមណ្ឌលគិរី នឹងទទួលបានសមិទ្ធផលថ្មីមួយទៀត ក្នុងពេលដ៏ខ្លីខាងមុខនេះ ដែលអាចផ្គត់ផ្គង់ថាមពលអគ្គិសនីទាំងក្នុងស្រុក និងអាចតបណ្ដាញទៅផ្គត់ផ្គង់ថាមពលនៅតំបន់ផ្សេងទៀត។

អភិបាលស្រុកអូររាំង​ ក៏បានរំពឹងថា តាមរយៈគម្រោងនេះក៏អាចនឹងលើកស្ទួយសេដ្ឋកិច្ចជាតិថែមមួយកម្រិតទៀត ជាពិសេសគឺអាចទាក់ទាញទេសចរជាតិ និងអន្តរជាតិ ឱ្យមកលេងកម្សាន្តនៅខេត្តមណ្ឌលគិរី កាន់តែច្រើន។​ លោកបន្តថា នាពេលកន្លងទៅ មានក្រុមហ៊ុនចំនួន៦ បានទំនាក់ទំនងសិក្សាសាងសង់អគ្គិសនីដើរដោយថាមពលខ្យល់ (ថាមពលស្អាត) ក្នុងស្រុកអូររាំងខេត្តមណ្ឌលគិរី។

លោកអភិបាលស្រុករូបនេះ​ បានឱ្យដឹងទៀតថា​ បើតាមអ្វីដែលរដ្ឋបាលស្រុកទទួលដំណឹងថ្មីៗនេះ ក្នុងនោះមានក្រុមហ៊ុនចំនួន២ ដែលគ្រោងនឹងបើកការដ្ឋានសាងសង់ ស្ថានីយអគ្គិសនីដើរដោយថាមពលខ្យល់ផងដែរ គឺស្ថិតក្នុងឃុំសែនមនោរម្យ និងឃុំដាក់ដាំ​ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។

លោកអភិបាលស្រុក​ បានបញ្ជាក់ថា តាមរយៈគម្រោងនេះក្នុងនាមរដ្ឋបាលស្រុកអូររាំង ពិតជាមានក្តីសោមនស្សណាស់ ដែលទទួលបានគម្រោងសាងសង់ស្ថានីយផលិតកង្ហារអគ្គិសនីដើរដោយថាមពលខ្យល់ នៅលើទឹកដីរបស់ខ្លួន។ ខណៈរំពឹងថា វត្តមានដងកង្ហារដែលមានរយៈកម្ពស់ខ្ពស់នេះ អាចផ្គត់ផ្គង់ថាមពលអគ្គិសនីទូទាំងខេត្តមណ្ឌលគិរី ក៏ដូចជាដល់អ្នកប្រើប្រាស់គ្រប់ប្រភេទនៅគ្រប់ផ្នែកទាំងអស់ នៃព្រះរាជាណាចក្រកម្ពុជាផងដែរ។

លោកអភិបាលស្រុក​ បានបន្ថែមថា​ ពេលដែលមានដងកង្ហាអគ្គិសនីដើរដោយថាមពលខ្យល់ បានដំណើការនៅពេលនោះ ក៏អាចទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរជាតិ-អន្តរជាតិ ឱ្យមកទស្សនាកម្សាន្ត ខេត្តមណ្ឌលគិរី ថែមទៀត នាពេលខាងមុខផងដែរ។

សូមជម្រាបជូនថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នាពេលថ្មីៗកន្លងទៅ​ បានអនុម័តគម្រោងអភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនី ដើរដោយថាមពលខ្យល់អានុភាព ១៥០មេហ្កាវ៉ាត់ នៅស្រុកអូររាំង ខេត្តមណ្ឌលគិរី ក្នុងទំហំទុនវិនិយោគ ២០៧ លានដុល្លារ និងអាចបង្កើតការងារចំនួន ១៤៥កន្លែង។

គួររម្លឹកថា​ រដ្ឋសភា កាលពីថ្ងៃទី២២ ខែឧសភាកន្លងទៅ​ បាននុម័តលើគម្រោងវិនិយោគលើការផលិតថាមពលអគ្គិសនីដើរដោយថាមពលខ្យល់ នៅខេត្តមណ្ឌលគិរី ចំនួន ៦គម្រោងផ្សេងគ្នា ដែលមានអានុភាព សរុបចំនួន ៩០០មេហ្កាវ៉ាត់ ហើយរាជរដ្ឋាភិបាល បានដាក់ផែនការផលិតថាមពលស្អាតឱ្យបាន ៧០% នៅត្រឹមឆ្នាំ២០៣០ ដើម្បីឱ្យការអភិវឌ្ឍមានចេរភាព និងទាក់ទាញ ការវិនិយោគបន្ថែម៕ ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print