រឿង រួចពីចំណង

ចែករំលែក៖

បន្ទាប់ពីកងទ័ពខ្មែរក្រហមវាយដណ្ដើមបានទីក្រុងភ្នំពេញនៅថ្ងៃ ១៧ មេសា ១៩៧៥ ទីរួមខេត្តព្រៃវែងត្រូវដណ្ដើមបាននៅពេលនោះដែរ។ បន្ទាប់ពីទទួលបានជ័យជំនះខ្ញុំបានត្រឡប់មកសមរភូមិក្រោយវិញ។ ប្រជាជនជាច្រើននាក់នៅរង់ចាំអបអរសាទរជ័យជំនះរបស់យើង។ ប្រជាជនខ្លះច្រៀងផង រាំផង វាយស្គរផងព្រោះគិតថាប្រទេសជាតិលែងមានសង្គ្រាមទៀត។ ក្រោយមក ឧបករណ៍ភ្លេងបុរាណដូចជាស្គរជាដើមត្រូវបានកម្ទេចចោល ថែមទាំងមានការផ្សឹកព្រះសង្ឃដោយបង្ខំដែរ។
ក្តីសង្ឃឹម និងភាពសប្បាយរីករាយភាពតស៊ូលះបង់ធ្វើឲ្យខ្ញុំអស់សង្ឃឹមជាពន់ពេក។នៅក្នុងខែមីនា ឆ្នាំ ១៩៧៦ សម្ដេចតា បានប្រកាសអំពីការសុំយាងចូលនិវត្តន៍ និងលាលែងជាតំណែងប្រមុខរដ្ឋ។ ក្រោយមកខ្ញុំមិនបានឮទ្រង់ធ្វើសេចក្តីថ្លែងការអ្វីទៀតឡើយ។ ក្រុមខ្មែរក្រហមបានបណ្ដុះគំនិតប្រជាជន ហើយស្អប់របបរាជានិយម។ ខ្មែរក្រហមបានឲ្យប្រជាជនយកទ្រព្យសម្បត្តិដាក់ជារបស់រួម និងការហូបចុកក្នុងរោងបាយរួម។ យើងហូបមិនឆ្អែតនោះទេ ទោះបីជាយើងធ្លាប់តស៊ូលះបង់ជីវិតយកជ័យជំនះឲ្យខ្មែរក្រហមក៏ដោយ។ យើងមានតែរបបជាមួយសម្លម្ជូរត្រកួនបង់ប្រហុក និងបន្លែទេ។ សូម្បីតែស្ករស ម្ជូរ និងអំបិល មិនមានបង់ចូលក្នុងសម្លផង។ ខ្មែរក្រហមបញ្ជូនខ្ញុំឲ្យទៅធ្វើការងារក្នុងកងចល័តដោយឲ្យខ្ញុំលើកភ្លឺស្រែ។នៅឃុំស្មោងខាងជើងស្រុកកំចាយមារ។ រហូតមកដល់ចុងឆ្នាំ ១៩៧៦ ខ្មែរក្រហមបានបញ្ជូនខ្ញុំឲ្យត្រឡប់ទៅវិញ។ នៅពេលដែលខ្ញុំមកដល់ភូមិវិញ ប្រធានភូមិបានចាត់តាំងឲ្យខ្ញុំធ្វើការងារនៅក្នុងរោងម៉ាស៊ីនកិនស្រូវក្នុងភូមិព្រៃគុយ ឃុំតាំងស្រែ។ រោងម៉ាស៊ីនកិនស្រូវនោះជារបស់អាចារ្យតុងដែលត្រូវខ្មែរក្រហមយកមកធ្វើជាសម្បត្តិរួមកិនអង្ករផ្គត់ផ្គង់នៅទូទាំងឃុំតាំងស្រែ។ នៅទីនោះខ្ញុំជាអ្នកកាន់ម៉ាស៊ីនកិនស្រូវហើយឈ្មោះ ជាវ គឺជាអ្នកជួសជុលម៉ាស៊ីន និងរវៃម៉ាស៊ីន។ ការងារទាំងនោះមិនងាយស្រួលទេ។ទោះបីជាកិនដោយប្រើម៉ាស៊ីនក៏ដោយ។ នៅក្នុងមួយថ្ងៃខ្ញុំត្រូវកិនស្រូវទាំងអស់ដែលមាននៅក្នុងភូមិចំនួនប្រហែល ១០០ ថាំង។ ខ្ញុំត្រូវរៀបចំខ្លួនឲ្យរួចរាល់និងចាប់ផ្ដើមធ្វើការនៅម៉ោង ៧ ព្រឹករហូត ដល់ម៉ោង ៥ ល្ងាច។ ពេលខ្លះខ្ញុំធ្វើមិនទាន់ឲ្យបានរួចរាល់ តាមការកំណត់របស់អង្គការ ខ្ញុំត្រូវតែបន្តខិតខំកិនឲ្យហើយរហូតដល់ម៉ោង ៨ យប់ទើបបាន។ ខ្ញុំបានធ្វើការងារជាអ្នកកិនអង្កររហូតដល់ឆ្នាំ ១៩៧៨។
នៅខែឧសភាឆ្នាំ ១៩៧៨ ខ្មែរក្រហមបានចាប់ផ្ដើមអនុវត្តគោលនយោបាយវិសុទ្ធកម្ម។ប្រជាជនទាំងអស់ត្រូវតែសុទ្ធមិនមែនជាក្បាលយួនខ្លួនខ្មែរនោះទេ។ ប្រជាជនភូមិភាគបូព៌ា គឺជាគោលដៅ និងមុខសញ្ញាក្នុងការធ្វើវិសុទ្ធកម្ម។ ប្រជាជននៅក្នុងភូមិរបស់ខ្ញុំរស់នៅមិនបានសុខសាន្តនោះទេ។ ក្រៅពីធ្វើការងារលំបាកនិងហូបមិនឆ្អែតនៅក្នុងឆ្នាំ ១៩៧៨ ខ្ញុំក៏មានការប៉ះទង្គិចគ្នារវាងកងទ័ពវៀតណាម និងខ្មែរក្រហមដែរ។ តំបន់មួយចំនួននៃភូមិភាពបូព៌ាបានក្លាយទៅជាសមរភូមិដែលធ្វើឲ្យប្រជាជនមានភាពភ័យខ្លាចយ៉ាងខ្លាំង។ រវាងប្រជាជនខ្មែរ និងជនជាតិខ្មែរគ្នាឯង បានចោទប្រកាន់ និងលាបពណ៌គ្នាទៅវិញទៅមក។ ប្រជាជនជាច្រើនត្រូវខ្មែរក្រហមយកទៅសម្លាប់ដោយអយុត្តិធម៌។ ខ្ញុំពិតជាមានការភ័យខ្លាចខ្លាំងណាស់ចំពោះការកាប់សម្លាប់នេះ។ ខ្ញុំនឹងប្រជាជនមួយចំនួនបានលួចរត់ទៅវត្តជីផុចសូមឱ្យអង្គការនៅទីនោះជួយ និងអ្នកនៅបណ្ដោះអាសន្ន ព្រោះកម្មាភិបាលខ្មែរក្រហមនៅទីនោះមានចិត្តសន្តោសប្រណីជាងកម្មាភិបាលខ្មែរក្រហមគ្រប់គ្រងនៅក្នុងភូមិរបស់ខ្ញុំ។
រសៀលថ្ងៃមួយ នៅក្នុងវត្តជីផុចខ្ញុំបានជួបប្រទះនឹងព្រឹត្តិការណ៍រន្ធត់យ៉ាងខ្លាំង។ ខ្ញុំបានឃើញរថក្រោះចំនួន ៣ គ្រឿង បានបើកមកពីទៅខាងលិច និងមានកងទ័ពចំនួនបីឡានដែលមានមនុស្សប្រមាណ ៤០ នាក់។ ក្រុមកងទ័ពទាំងនោះ មានដៃកាន់អាវុធគ្រប់ៗគ្នា។ បន្តិចក្រោយមកឡានបានឈប់ទម្លាក់កងទ័ពចុះ នៅក្នុងបរិវេណវត្ត ជីផុច ដោយមិនដឹងថាមានបំណងអ្វីនោះទេ។ កម្មាភិបាលខ្មែរក្រហមដែលគ្រប់គ្រងនៅវត្តជីផុច បាននាំគ្នារត់បាត់អស់នៅសេសសល់តែប្រជាជនទេ។ នៅពេលយប់កងទ័ពខ្មែរក្រហមបានបញ្ជាឲ្យអ្នកភូមិស្រីប្រុសចំនួន ១០០ នាក់នៅក្នុងវត្តចូលទៅដេកនៅក្នុងព្រះវិហារ។ ក្រោយមកប្រហែលជាម៉ោង ១២ រំលងអធ្រាត្រកងទ័ពខ្មែរក្រហមបានហៅអ្នកភូមិចំនួន ១០ នាក់ចេញមកជាបន្តបន្ទាប់។ ខ្ញុំគឺជាមនុស្សម្នាក់នៅក្នុងចំណោមប្រជាជន ១០ នាក់ដែលបានខ្មែរក្រហមបណ្ដើរចេញពីព្រះវិហារសំដៅទៅកាន់ក្លោងទ្វារខាងជើងវត្ត។ ខ្ញុំឃើញមានកងទ័ពខ្មែរក្រហម ១០ នាក់ចាំយាមនៅទីនោះ។ កងទ័ពទាំងអស់នោះបានទាញកាំភ្លើងភ្ជង់យើងឱ្យនៅស្ងៀម រួចទាញខ្សែធាងត្នោតមកចងយើងប្រតែងជាប់គ្នា។ នៅពេលដែលកងទ័ពបានចង់មកដល់ខ្ញុំ ស្រាប់តែអស់ខ្សែធាងត្នោត។ កងទ័ពខ្មែរក្រហមបានយកក្រមាមកទាក់ជាមួយនឹងស្មារបស់ខ្ញុំទាំងសងខាង និងទាញដៃរបស់ខ្ញុំឲ្យមកខាងក្រោយ។យើងត្រូវកងទ័ពខ្មែរក្រហមបណ្ដើរចេញទៅ។ ដៃយើងជាប់ចំណងថែមទាំងមានកងទ័ពខ្មែរក្រហមដើរតាមពីខាងមុខផង និងខាងក្រៅផង នាំយើងសំដៅទៅទួលព្រៃខាងជើងវត្តជីផុច ដែលមានដើមឈើតូចធំដុះតម្រៀបមានទាំងចំការដំឡូង និងចម្ការត្រសក់នៅក្បែរៗនោះ។ ក្រមា ដែលកងទ័ពខ្មែរក្រហមចងខ្ញុំមិនជាប់ខ្លាំងនោះទេ ដូច្នេះហើយខ្ញុំដើរបណ្ដើរ ខ្ញុំព្យាយាមស្រាយក្រមាបណ្ដើរទៅតាមអ្វីដែលខ្ញុំអាចធ្វើទៅបាន។ នៅពេលដែលយើងដើរជិតដល់ក្បែរទួល កងទ័ពខ្មែរក្រហមបាននាំមនុស្សពីរនាក់យកទៅមុន ដោយនិយាយថា

នាំអាពីរនាក់នេះទៅជួបអង្គការមុនទៅ ដោយទុកខ្មែរក្រហមជំនួនប្រាំនាក់ចាំយាមប្រជាជនដែលនៅតែសេសសល់។ នៅចម្ងាយប្រហែលជា ៦០ ម៉ែត្រខ្ញុំបានឮសំឡេងដូចជាវាយក្បាលគោនឹងត្បូងចប ឬខ្នងពូថៅ ។ ខ្ញុំគិតដឹងច្បាស់ក្នុងចិត្តថា មនុស្សពីរនាក់ដែលកងទ័ពខ្មែរក្រហមនាំទៅនោះប្រាកដជាយកទៅសម្លាប់ចោលហើយ។ ខ្ញុំក្រោកឈរបន្តិចសម្លឹងរកផ្លូវរត់។ កងទ័ពខ្មែរក្រហមបានស្រែកហាមខ្ញុំមិនឲ្យក្រោកឈរនោះទេ។ ខ្ញុំមានអារម្មណ៍ថាចំណងខ្សែដែលនៅនឹងដៃរបស់ខ្ញុំជិតរបូត តែមានគំនិតចង់រត់គេចខ្លួនភ្លាមៗ។ ទោះបីជាខ្ញុំគ្មានសង្ឃឹមថានឹងអាចរត់គេចផុតពីខ្មែរក្រហមក៏ដោយ ខ្ញុំមិនចង់ស្លាប់ដោយការវាយនឹងត្បូងចបបែបនេះដែរ។ (នៅមានត)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print