ខេត្តកំពង់ឆ្នាំង ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានលើកឡើងថា ដរាបណាប្រទេសយើង(កម្ពុជា)នៅមាន, ការការពារជាតិត្រូវតែមានដាច់ខាត។ យើងមិនចង់មានសង្រ្គាមជាមួយប្រទេសណានោះទេ ប៉ុន្ដែក្នុងករណីដែលមានការគំរាមគំហែង យើងត្រូវតែមានសមត្ថភាពក្នុងការការពារជាតិរបស់យើង តាមរយៈការធានានូវសមត្ថភាពកងទ័ពរបស់យើង។
នៅក្នុងពិធីអបអរសាទរខួបលើកទី៣២ ទិវាបង្កើតកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣ – ១៤ កក្កដា ២០២៥) នៅខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍បន្ដថា កងទ័ពរបស់យើងមិនអាចពេលត្រូវហ្វឹកហ្វឺន ជិះយន្ដហោះទៅហ្វឹកហ្វឺននៅក្រៅប្រទេសនោះទេ យើងធ្វើនៅក្នុងប្រទេសរបស់យើង។
សម្ដេចធិបតីនាយករដ្ឋមន្ត្រី គូសបញ្ជាក់ថា ក្នុងការកសាងកម្លាំង និងថែរក្សាកម្លាំង យើងត្រូវប្ដូរវិធីសាស្រ្ដក្នុងការកែសម្រួលការកសាងកម្លាំងបច្ចុប្បន្ន។ ផ្អែកលើលទ្ធភាពថវិកា និងលទ្ធភាពនៃការគ្រប់គ្រង សម្ដេចធិបតីបានឱ្យគោលការណ៍ធ្វើវិសោធនកម្មច្បាប់ចំនួន២ គឺទី១ ច្បាប់កាតព្វកិច្ចយោធាឆ្នាំ២០០៦, ទី២ ច្បាប់សោធន។
សម្ដេចធិបតី ហ៊ុន ម៉ាណែត សង្កត់ធ្ងន់ថា ការកែសម្រួលច្បាប់នេះនឹងជួយយើងក្នុងការបង្កើនបរិមាណសាច់ទ័ព, បង្កើនប្រសិទ្ធិភាពក្នុងការបំពេញសាច់ទ័ព។ មួយវិញទៀត សម្រាប់បេក្ខជនដែលទទួលបានការហ្វឹកហ្វឺន ប៉ុន្ដែមិនត្រូវបានជ្រើសរើស ពួកគាត់នឹងក្លាយទៅជាធនធានមនុស្សនៅក្នុងសង្គម។
សម្តេចមហាបវរធិបតី បានបញ្ជាក់យ៉ាងដូច្នេះ «ខ្ញុំចង់គូសបញ្ជាក់ថា ប្រទេសកម្ពុជាយើងធ្លាប់ទទួលរងការឈ្លានពានពីបរទេស សង្គ្រាមជាច្រើនទស្សវត្សរ៍ និងអំពើប្រល័យពូជសាសន៍ ត្រូវគេហ៊ុមព័ទ្ធ និងឯកោ និងត្រូវគេប្រមាថមើលងាយពីអតីតកាល។ បច្ចុប្បន្ននេះ កម្ពុជាបានងើបឈរឡើងវិញ ប្រកបដោយភាពស្មើមុខស្មើមាត់ ជាមួយបណ្តាប្រទេសទាំងក្នុងតំបន់ និងពិភពលោក»។
សម្តេចមហាបវរធិបតី បានបន្តទៀតថា យើងត្រូវការបំផុតនូវសន្តិភាព ភាពសហប្រតិបត្តិការ និងការអភិវឌ្ឍ។ យើងគ្មានជំហរនយោបាយអមិត្ត ជាមួយប្រទេសណាមួយឡើយ ប៉ុន្តែសកម្មភាពវាយប្រហារខុសច្បាប់ ដោយកងទ័ពថៃ មកលើកងទ័ពកម្ពុជា កាលពីថ្ងៃទី២៨ ខែឧសភា កន្លងទៅ នៅតំបន់មុំបី ក្នុងទឹកដីកម្ពុជា ជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា។ ព្រឹត្តិការណ៍នេះ បានឆ្លុះបញ្ចាំងពីភាពច្រំដែលនៃប្រវត្តិសាស្ត្រ ទោះបីជាកម្ពុជាមានសុឆន្ទៈ នៅក្នុងការដោះស្រាយបញ្ហាយ៉ាងណា រាជរដ្ឋាភិបាល នៅតែប្រកាន់ជំហរម៉ឺងម៉ាត់ ច្បាស់លាស់ ក្នុងការយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ។
សម្តេចមហាបវរធិបតី បានបន្ថែមថា «កម្ពុជាបានបាត់បង់ទឹកដីខ្លួនច្រើនណាស់ហើយ ដោយសារការឈ្លានពានដណ្តើមយកពីបរទេស យើងប្តូរផ្តាច់ការពារបូរណភាពទឹកដីបច្ចុប្បន្ន ដែលបន្សល់ទុកបន្ទាប់ពីសម័យអាណានិគមឲ្យគង់វង្ស ស្ថិតស្ថិរ ជានិរន្តរ៍ មិនឲ្យបាត់បង់ សូម្បីតែមួយចំណែកតូចណាមួយ»៕
ដោយ ៖ សិលា