ពិធីប្រគល់គ្រឿងឥស្សរិយយសការងារជូនមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលមានអតីតភាពការងារចាប់ពី១០ឆ្នាំទ្បើងទៅ

ចែករំលែក៖

ភ្នំពេញ​៖​ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក.) បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់គ្រឿងឥស្សរិយយសការងារជូនមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា ដែលកំពុងបំពេញការងារនៅ ក.អ.ក. ហើយមានអតីតភាពការងារក្នុងវិស័យរដ្ឋចាប់ពី១០ឆ្នាំឡើងទៅ​ នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ នាព្រឹកថ្ងៃចន្ទ ទី១៤ ខែកក្កដា ឆ្នាំ២០២៥។ កម្មវិធីនាព្រឹកនេះមានការចូលរួមផងដែរពី លោកទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី២ ក.អ.ក., លោកអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក.អ.ក., លោកអគ្គលេខាធិការ គណៈកម្មាធិការវិនិយោគកម្ពុជា, លោក លោកស្រី ទីប្រឹក្សា មន្ត្រីរាជការ មន្ត្រីកិច្ចសន្យា និងបុគ្គលិកនៃ ក.អ.ក. ជាច្រើនរូប។

ការផ្តល់គ្រឿងឥស្សរិយយសការងារនាឱកាសនេះ គឺត្រូវបានរៀបចំឡើងស្របទៅតាមសេចក្តីណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានលើកឡើងក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតី បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមុខងារសាធារណៈ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ កន្លងទៅ។ តាមរយៈអនុក្រឹត្យលេខ ៣៤១ អនក្រ.តត ចុះថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ ស្តីពីការជូនមេដាយការងារ បានបង្ហាញឱ្យឃើញថា មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យានៃ ក.អ.ក. ដែលត្រូវឡើងទទួលគ្រឿងឥស្សរិយយស “មេដាយសំរឹទ្ធការងារ” សរុបមានចំនួន ៥៩រូប ក្នុងនោះ មន្រ្តីនារីមានចំនួន ២១រូប។

ក្នុងសុន្ទរកថាសំណេះសំណាល លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងនូវការកោតសរសើដល់មន្រ្តីរាជការ និងមន្ត្រីជាប់កិច្ចសន្យា នៅក្នុងរចនាសម្ព័ន ក.អ.ក. ទាំងអស់ ដែលបាននិងកំពុងខិតខំប្រឹងប្រែងបំពេញកិច្ចការងារ និងមានស្នាដៃល្អក្នុងការបំពេញការងារកន្លងមក ហើយឱកាសនេះជាពេលវេលាមួយដ៏រីករាយបំផុតក្នុងអាជីពរបស់ខ្លួនសម្រាប់មន្ត្រីទាំង ៥៩រូប ដែលបានទទួលការលើកទឹកចិត្តពីប្រមុខរាជរដ្ឋាភិបាល។ លោកបានបន្ថែមថា ការលើកទឹកចិត្តនាពេលនេះ គឺពិតជាស័ក្តិសមបំផុត ដែលមន្ត្រីយើងបានយកអស់នូវកម្លាំងកាយចិត្ត និងស្មារតីគ្រប់បែបយ៉ាង ក្នុងបេសកកម្មបម្រើជាតិ មាតុភូមិ ឆ្លើយតបការផ្តល់សេវាតាមមុខជំនាញរបស់ខ្លួន ប្រកបដោយវិជ្ជាជីវ: និងភាពជោគជ័យក្រោមម្លប់នៃសុខសន្តិភាពតាំងពីដើមរៀងមក។

លោកឧបនាយករដ្ឋមន្ត្រី បានគោរពថ្លែងអំណរគុណដ៏ជ្រៀលជ្រៅបំផុតជូនចំពោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី ដែលបានសម្រេចផ្តល់មេដាយការងារជូនបងប្អូនមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា ដែលនេះគឺជាការគិតគូរយកចិត្តទុកដាក់ដ៏ខ្ពស់បំផុតដល់ពួកគាត់ ក៏ដូចជាការផ្តល់នូវកម្លាំងចិត្ត និងជំរុញប្រសិទ្ធភាពការបំពេញការងារបម្រើប្រជាជាតិកាន់តែសកម្មថែមមួយកម្រិតទៀត។

ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រី​ ក៏បានស្នើឱ្យគណៈកម្មាការវាយតម្លៃការងារ នៃក.អ.ក. ពិនិត្យលទ្ធភាពក្នុងការរៀបចំឱ្យមានការលើកទឹកចិត្តជាប្រចាំ តាមរយៈការផ្តល់ជាបណ្ណសរសើរជូនដល់មន្ត្រីឆ្នើមដែលមានស្នាដៃល្អក្នុងការបំពេញការងារប្រចាំខែ និងប្រចាំឆ្នាំនៅក្នុងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាផងដែរ៕

...

ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print