ខេត្តកំពង់ស្ពឺ៖ ក្រុមក្មេងទំនើងចំនួន ៨នាក់ បានជិះម៉ូតូអូសកាំបិតផ្គាក់នៅលើផ្លូវសាធារណៈត្រូវនគរបាលស្រុកសំរោងទង ដឹកនាំដោយលោកវរសេនីយ៍ឯកឃុតសុផល អធិការនគរបាលស្រុកសំរោងទង សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលត្រពាំងគង បានឃាត់ក្មេងទំនើង ៨នាក់ នៅរសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥។
ក្មេងទំនើងទាំង ៨នាក់ ឈ្មោះ ផន ហៃគីម ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស កាន់កាំបិត នៅភូមិព្រៃសុភី ឃុំត្រពាំងគង ស្រុកសំរោងទង, ឈ្មោះ ហ៊ុំ សុវណ្ណបរិញ្ញា ហៅញ៉ា ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរសិស្ស កាន់កាំបិត, ឈ្មោះ ឡេង គឹមឈុន ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរសិស្ស អ្នកឌុបទាំង ២នាក់ នៅភូមិត្រពាំងវែង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ, ឈ្មោះ ខុន វាសនា ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរកម្មករ កាន់កាំបិត, ឈ្មោះ ធឿន វាសនា ភេទ ប្រុស អាយុ ១៦ឆ្នាំ មុខរបរកម្មករ កាន់កាំបិត, ឈ្មោះ ហ៊ន រតន: ហៅមិត្ត ភេទប្រុស អាយុ ១៥ឆ្នាំ មុខរបរសិស្ស អ្នកឌុប, ឈ្មោះ អ៊ូច រ៉ាសាន់ ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរកម្មករ អ្នកឌុប, ឈ្មោះ សោម ឡុញអាឡិច ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស នៅភូមិត្រពាំងគង ឃុំត្រពាំងគង ស្រុកសំរោងទង។
ក្រោយប្រតិបត្ដិការបង្ក្រាបសមត្ថកិច្ចសាកសួរ ក្រុមក្មេងទំនើងទាំងនោះ ដោយពួកគេបានឆ្លើយសារភាពថា ក្រុមពួកគេពិតជាធ្វើសកម្មភាពនាំគ្នាជិះម៉ូតូអូសកាំបិតផ្គាក់នៅលើផ្លូវកៅស៊ូ ភូមិថ្មសំលៀង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីយប់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ២:២០នាទីរំលងអធ្រាត្រ ក្រុមរបស់ពួកគេធ្លាប់កាន់ដាវ កាំបិតផ្គាក់ បង្កភាពអុកឡុកនៅតាមផ្លូវជាតិលេខ៤ ច្រើនដងមកហើយ។
ទន្ទឹមនេះសមត្ថកិច្ច បានដកហូតបានកាំបិតផ្គាក់ចំនួន ៤ដើម ម៉ូតូ៣គ្រឿង និងទូរសព្ទចំនួន ៥គ្រឿង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធីច្បាប់់៕