ភ្នំពេញ ៖ បុរសម្នាក់បានបើកបររថយន្ត ក្នុងស្ថានភាពស្រវឹង ជ្រុលទៅបុករបងផ្ទះប្រជាពលរដ្ឋបណ្តាលឲ្យរងការខូចខាតកាលពីវេលាម៉ោង ៣និង៤០នាទីទៀបភ្លឺ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ លើផ្លូវលេខ ៩០៧ ក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីទីតាំងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុមានបុរសម្នាក់បើកបររថយន្ត ម៉ាកKIA CARNIVAL ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2AL-3331 តាមបណ្តោយផ្លូវលេខ៩០៧ ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ រថយន្តក៏បានរេចង្កូតទៅផ្នែកខាងស្តាំបណ្តាលឲ្យបុករះគ្រឿងសម្ភារនៅខាងមុខបរិវេណផ្ទះប្រជាពលរដ្ឋ និងខ្ទាតថ្មទៅចំកញ្ចក់ទ្វារបណ្តាលឲ្យបែកកញ្ចក់ចំនួន០២ផ្ទាំងថែមទៀត ។ អ្នកឃើញហេតុការណ៍បានបន្តទៀតថា ភ្លាមៗនោះរថយន្តមិនទាន់អស់ល្បឿនក៏បានបន្តទៅបុករះផើងផ្កា រានទេវតា និងសម្ភារផ្សេងទៀត តែសំណាងល្អមិនប៉ះចំរថយន្ត១គ្រឿងទៀតដែលចតនៅមុខផ្ទះនោះឡើយ ។
ករណីនេះមិនបង្កគ្រោះថ្នាក់ដល់មនុស្សនោះទេ ប៉ុន្តែរថយន្តត្រូវបានរងការខូចខាតផ្នែកខាងមុខមិនអាចបន្តដំណើរទៅមុខទៀតបាន ខណ:ម្ចាស់រថយន្តបើកបរក្នុងស្ថានភាពស្រវឹង ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទុកអោយភាគីខាងរថយន្តធ្វើការដោះស្រាយសិន តែការដោះស្រាយមិនត្រូវគ្នា ទើបសមត្ថកិច្ចមូលដ្ឋានទាក់ទងទៅកាន់សមត្ថកិច្ចជំនាញចរាចរណ៍ដើម្បីចុះមកធ្វើការវាស់វែង និងយករថយន្តបង្កនិងអ្នកបើកទៅទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់នៅពេលក្រោយ៕