ខេត្តកណ្ដាល៖ យុវជនម្នាក់ឈ្មោះ ឌុល ឆាង ភេទប្រុស, អាយុ ២៥ឆ្នាំត្រូវបានសមត្ថកិច្ចស្រុកអង្គស្នួល ឃាត់ខ្លួនកាលពីរសៀលថ្ងៃទី១៤ខែកក្កដា ឆ្នាំ២០២៥ នៅចំណុចបន្ទប់ជួល ភូមិព្រៃទន្លាប់ ឃុំបែកចាន ស្រុកអង្គស្នួល។ ជនសង្ស័យរូបនេះមានសារធាតុញៀនក្នុងទឹកនោម(+) និងមានប្រវត្តិជាប់ពន្ធនាគារ ៥លើកពីបទលួចបារី ស្រាបៀរ និងទូរសព្ទដៃ។
លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួលឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឡេង ហាក់ ភេទប្រុស អាយុ ៣៣ឆ្នាំបុគ្គលិករោងចក្រ បានឲ្យម្ដាយជិះម៉ូតូ Honda Dream ពណ៌ខ្មៅ(គ្មានស្លាកលេខ) ត្រឡប់មកបន្ទប់ជួលវិញ ដោយទុកសោនៅជាប់ម៉ូតូ។ ក្រោយម្ដាយជនរងគ្រោះក្រោកពីសម្រាក ក៏ឃើញម៉ូតូបាត់។
លោកអធិការបានបន្តថា ក្រោយទទួលពាក្យបណ្ដឹង សមត្ថកិច្ចបានស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យបាន។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យសារភាពថា ខ្លួនលួចម៉ូតូនោះ រួចយកទៅផ្ញើនៅកន្លែងទទួលផ្ញើម៉ូតូក្នុងមន្ទីរពេទ្យព្រះកុសុមៈ (ពេទ្យលោកសង្ឃ)។ ជននេះក៏ចេះប្រើប្រាស់គ្រឿងញៀនរយៈពេល ៥ឆ្នាំមកហើយ។
បច្ចុប្បន្ន ករណីនេះ កម្លាំងជំនាញកំពុងកសាងសំណុំ រឿងតាមនីតិវិធីច្បាប់៕