ខេត្តកណ្ដាល៖ កូនប្រុសម្នាក់បានវាយឪពុកបង្កើតខ្លួនឯង បណ្ដាលឲ្យរងរបួសបែកឈាមពេញផ្ទៃមុខ និងក្បាលដោយសារតែសុំលុយមិនបានគ្រប់។ ហេតុការណ៍ហិង្សាដ៏សាហាវនេះបានកើតឡើងកាលពីវេលាម៉ោង០៦ និង២០នាទីព្រឹក ថ្ងៃទី១៦ កក្កដា ២០២៥ នៅក្រោមផ្ទះជនរងគ្រោះ ភូមិព្រែកតាហ៊ីង ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល។
ប្រភពសមត្ថកិច្ចមូលដ្ឋានឲ្យដឹងថា ជនរងគ្រោះក្នុង ករណីនេះ ឈ្មោះ លឹប ជាវលី ភេទប្រុស អាយុ៦៨ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិព្រែកតាហ៊ីង ឃុំព្រែកថ្មី ស្រុកកោះធំ (ត្រូវជាឪពុកបង្កើតរបស់ជនសង្ស័យ)។ ចំណែកជនសង្ស័យដែលត្រូវបានឃាត់ខ្លួន គឺឈ្មោះ មុត វីតា ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែកតាហ៊ីង ឃុំព្រែកថ្មី ស្រុកកោះធំ (ត្រូវជាកូនបង្កើតរបស់ជនរងគ្រោះ)។ ជនសង្ស័យរូបនេះបានធ្វើតេស្តទឹកនោមរកសារធាតុញៀនជាលទ្ធផលអវិជ្ជមាន(- )។ វត្ថុតាងចាប់យកបានរួមមាន អំបោសដងឫស្សី ១។
ប្រភពដដែលបន្តថា រយៈកាលកន្លងមក ជនសង្ស័យ មុត វីតា ធ្លាប់ត្រូវបានក្រុមគ្រួសារយកទៅដាក់មណ្ឌលកែប្រែបន្សាបគ្រឿងញៀននៅភ្នំពេញ អស់រយៈពេល ៧ខែ។ ក្រោយចេញពីមណ្ឌលវិញ ជនសង្ស័យមិនបានជួយធ្វើការងារឪពុកម្ដាយនោះទេ គឺគិតតែពីដើរលេង។ រាល់ពេលទៅសុំលុយពីម្ដាយឪពុកជននេះតែងតែស្រែក ឡូឡាជេរប្រមាថ ហើយបានធ្វើសកម្មភាពវាយតប់ទៅ លើក្បាលម្ដាយខ្លួនជាញឹកញាប់ទៀតផង តែម្ដាយរបស់ជនសង្ស័យមិនបានប្ដឹងនោះឡើយ។
ប្រភពសមត្ថកិច្ចបានឲ្យដឹងទៀតថា នៅថ្ងៃកើតហេតុ វេលាម៉ោង ៦និង២០នាទីព្រឹក ជនរងគ្រោះ លឹប ជាវលី កំពុងរៀបចំខ្លួនទៅដីចំការ។ ស្រាប់តែជនសង្ស័យ មុត
វីតា បានដើរចូលមកសុំលុយ ១០.០០០រៀល (មួយម៉ឺនរៀល)។ តែជនរងគ្រោះមានលុយតែ ៦.៥០០រៀល (ប្រាំមួយពាន់ប្រាំរយរៀល)។ ជនសង្ស័យមិនព្រមយក ហើយទារលុយបន្ថែមទៀតឲ្យគ្រប់។ ពេលជនរងគ្រោះប្រាប់ថាគ្មានលុយបន្ថែមទៀតនោះទេ ជនសង្ស័យក៏ខឹង ស្រែកឡូឡា ជេរប្រមាថ ព្រមទាំងយកដំបងឫស្សី និងអំបោសវាយទៅលើជនរងគ្រោះ លឹប ជាវលី ជាច្រើនដំបង ត្រូវចំលើផ្ទៃមុខ ២កន្លែងបណ្ដាលឲ្យបែកឈាម និងត្រូវចំក្បាលពកចេញឈាម រួមទាំងដងខ្លួន។
ប្រភពសមត្ថកិច្ចបានបន្តថា ពេលនោះ ជនរងគ្រោះបានស្រែកហៅអ្នកជិតខាងឲ្យមកជួយ។ អ្នកជិតខាងក៏បានដើរចូលមកជួយ និងចាប់ឃាត់ជនសង្ស័យបំបែក ចេញ។ ក្រោយមកបន្តិច ជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលព្រែកថ្មី ដើម្បីឲ្យសមត្ថកិច្ចជួយនាំខ្លួនជនសង្ស័យមកអធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពវាយទៅលើជនរងគ្រោះជាឪពុកបង្កើតប្រាកដមែន៕