ភ្នំពេញ ៖ ខណៈបញ្ហាអគ្គិភ័យ បានកើតឡើងជាញឹកញាប់នៅទូទាំងប្រទេស គួរឲ្យព្រួយបារម្ភ អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលមាននាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ បានបន្ដសហការជាមួយផ្សារទំនើបអ៊ីអន១ ស្ថិតក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ ធ្វើលំហាត់សមយុទ្ធទ្រង់ទ្រាយធំ ដើម្បីបង្រៀនទៅដល់ប្រជាពលរដ្ឋ អាជីវករ និងបុគ្គលិកផ្សារទំនើបអ៊ីអន១ ពីវិធីនៃការបង្ការ និងពន្លត់អគ្គិភ័យ ក៏ដូចជាការជួយសង្គ្រោះជាដើម។
ក្នុងពិធីសមយុទ្ធនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ នេះ លោកឧត្តមសេនីយ៍ទោ សឿ រិទ្ធី អនុប្រធាននាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្រ្គោះ បានឲ្យដឹងថា នេះគឺជាលើកទី៩ហើយ ដែលអគ្គស្នងការដ្ឋាននគរបាលជាតិ មានកិច្ចសហការជាមួយផ្សារទំនើប AOEN ដើម្បីធ្វើលំហាត់សមយុទ្ធពន្លត់អគ្គិភ័យ ដែលនៅពេលនេះ មានអ្នកចូលរួមអនុវត្តផ្ទាល់ជាង ៤០០នាក់ រួមទាំងប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ និងឧបករណ៍សម្ភារមួយចំនួនទៀត។
លោកឧត្តមសេនីយ៍ទោអនុប្រធាននាយកដ្ឋានបានបន្ថែមថា ការធ្វើលំហាត់សមយុទ្ធនេះ គឺបន្ថែមទៅលើការត្រៀមរួចរាល់របស់ប្រជាពលរដ្ឋ ក៏ដូចជាតាមផ្សារទំនើប ដែលមានឧបករណ៍សម្ភារសម្រាប់បង្ការ និងពន្លត់អគ្គភ័យដែលមានស្រាប់ ហើយការបង្រៀននេះ ក៏កាន់តែធ្វើឲ្យពួកគេចេះប្រើរបស់ឧបករណ៍ទាំងអស់នោះបានត្រឹមត្រូវ ហើយពន្លត់អគ្គិភ័យ និងសង្គ្រោះជនរងគ្រោះបានទាន់ពេលវេលា ស្របពេលដែលបញ្ហាអគ្គិភ័ បានកើតឡើងច្រើនគួរឲ្យព្រួយបារម្ភនោះ។
លោក ផុន រក្សា អនុប្រធានគ្រប់គ្រងផ្នែកសុវត្ថិភាព និងជាតំណាងផ្សារទំនើប AOEN MALL បានឲ្យដឹងថា ប្រធានបទកម្មវិធីធ្វើលំហាត់សមយុទ្ធនេះ មានចំនួន៤ធំៗ ក្នុងនោះមាន៖ ការពន្លត់អគ្គិភ័យ ការជម្លៀសអតិថិជន ការប្រើប្រាស់ដំង សាហ្សួម៉ាតាក់ និងការសង្គ្រោះបឋម។
លោក ផុន រក្សា ក៏សូមថ្លែងអំណរគុណដល់នាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការនគរបាលជាតិ ដែលបានរៀបចំនូវកម្មវិធីនេះឡើង ដែលអាចផ្ដល់ចំណេះដឹងដល់បុគ្គលិក អាជីវករក្នុងផ្សារ និងប្រជាពលរដ្ឋ។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០២៤ មានករណីអគ្គិភ័យកើតឡើងចំនួនជាង ១ពាន់លើក បណ្ដាលឲ្យមានមនុស្សស្លាប់ចំនួន ១៤នាក់ និងរបួស ៤៣នាក់ ដោយឡែករយៈពេល ៦ខែ ឆ្នាំ២០២៥ អគ្គិភ័យកើតឡើងជាង ៥០០លើក ហើយមានអ្នកស្លាប់រហូតដល់ ២១នាក់ ៕
ប្រភព ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ