ភ្នំពេញ ៖ អ្នកវិភាគសង្គមចាត់ទុកការប្រកាសរបស់ចិន «ធ្វើជាមិត្តដ៏គួរឱ្យទុកចិត្តរបស់កម្ពុជា ក្នុងពេលស្ថានការណ៍អន្តរជាតិមានការប្រែប្រួល» បញ្ជាក់ពីកម្រិតនៃការជឿទុកចិត្ត និងការប្តេជ្ញាចិត្តខ្ពស់ ក្នុងទំនាក់ទំនង រវាងប្រទេសទាំងពីរ។
ក្នុងពេលជួបគ្នា នៅប្រទេសម៉ាឡេស៊ី ក្រៅកិច្ចប្រជុំអាស៊ាន ប្រមាណជា១សប្តាហ៍មុន រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានបញ្ជាក់ជូន រដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ថា ប្រទេសចិន មានឆន្ទៈធ្វើជាមិត្ត និងដៃគូដ៏គួរឱ្យទុកចិត្ត របស់កម្ពុជា ក្នុងការប្រឈមមុខនឹងស្ថានការណ៍អន្តរជាតិ ដែលមានការប្រែប្រួល និងចលាចល ទាក់ទងនឹងជម្លោះពាណិជ្ជកម្ម ផ្តើមចេញពីអាមេរិក ជាដើម។
ជុំវិញចំណុចនេះ លោកបណ្ឌិត កៅ មុយថង បានប្រាប់ នៅថ្ងៃទី១៧ ខែកក្កដាថា ការប្រកាសរបស់រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ដែលថា ប្រទេសចិនបានត្រៀមខ្លួនជាស្រេចដើម្បីធ្វើជាមិត្តដ៏គួរឱ្យទុកចិត្តរបស់កម្ពុជា ពង្រឹងចំណងមិត្តភាព និងភាពជាដៃគូយុទ្ធសាស្ត្រ។ ការប្រើប្រាស់ពាក្យពេជន៍ “មិត្តដ៏គួរឱ្យទុកចិត្ត” មិនមែនគ្រាន់តែជាពាក្យសម្ដីធម្មតាទេ តែវាបញ្ជាក់ពីកម្រិតនៃការជឿទុកចិត្ត និងការប្តេជ្ញាចិត្តខ្ពស់ក្នុងទំនាក់ទំនងរវាងចិន-កម្ពុជា។
លោកបន្តថា «មិត្តដ៏គួរឱ្យទុកចិត្ត គឺជាពាក្យពេចន៍ដែលសង្កត់ធ្ងន់ទៅលើ ទំនុកចិត្តខ្ពស់ ភាពស្មោះត្រង់ និងការគាំទ្រគ្នាទៅវិញទៅមក។ វាមិនមែនត្រឹមតែជាទំនាក់ទំនងរវាងរដ្ឋពីរធម្មតាទេ តែជាការបង្ហាញពី ទំនាក់ទំនងពិសេស ដែលមានលក្ខណៈដូចគ្រួសារ ឬមិត្តភក្តិជិតស្និទ្ធ។ ចិនពិតជាចាត់ទុកកម្ពុជាជាប្រទេសយុទ្ធសាស្ត្រមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសក្នុងបរិបទនៃគំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ” (BRI)។ ដូច្នេះ ការសង្កត់ធ្ងន់លើ “មិត្តដ៏គួរឱ្យទុកចិត្ត” ពីមហាអំណាចចិន គឺជាការបញ្ជាក់សារជាថ្មីនូវ កម្រិតនៃទំនាក់ទំនងដែលស៊ីជម្រៅជាងធម្មតា។ នេះជាការបង្ហាញថា ចិនចាត់ទុកកម្ពុជាជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ ហើយមានតម្លៃដែលអាចពឹងផ្អែកបាន ជាពិសេសក្នុងស្ថានភាពពិភពលោក ដែលមានភាពប្រែប្រួល គ្រប់វិស័យ។ ការណ៍នេះ ក៏ជាការសរបញ្ជាក់ពីការបន្តការពង្រឹង “ភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ” ដែលប្រទេសទាំងពីរបានបង្កើតឡើង»។
«ជារួម ខ្ញុំចង់បញ្ជាក់ថា ការប្រកាសរបស់លោក Wang Yi គឺបញ្ជាក់ពីទំនាក់ទំនងដ៏រឹងមាំ និងជិតស្និទ្ធរវាងកម្ពុជា-ចិន ដែលមានលក្ខណៈជាយុទ្ធសាស្ត្រ គាំទ្រគ្នាទៅវិញទៅមកក្នុងបរិការណ៍អន្តរជាតិប្រែប្រួល និងផ្តោតលើកិច្ចសហប្រតិបត្តិការជាក់ស្តែងដើម្បីផលប្រយោជន៍ប្រជាជនទាំងពីរ» នេះបើតាមបណ្ឌិត កៅ មុយថង ដដែល៕
ប្រភព ៖ «CCFR China state-controlled media »