ភ្នំពេញ៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានថ្លែងថា ថ្ងៃនេះ ខ្ញុំឈរនៅទីនេះ ពាក់អាវ «មោទនភាពជាតិខ្មែរ» ដែលរំឮកដល់ព្រឹត្តិការណ៍ ដំណើរថ្មើរជើងដើម្បីបង្ហាញការរួបរួមគ្នាជាធ្លុងមួយបង្ហាញគាំទ្រដល់រាជរដ្ឋាភិបាល និងកងកម្លាំងនៅជួរមុខរបស់យើង (Solidarity March)។
លោក ហ៊ុន ម៉ានី បានថ្លែងបន្តថា កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥នេះ បងប្អូនប្រជាពលរដ្ឋមកពីគ្រប់ទិសទី មិនក្រោម ១៥ម៉ឺន នាក់ បានមកជួបជុំគ្នា នៅកន្លែងតែមួយ ក្នុងពេលតែមួយ បង្ហាញសម្លេងតែមួយគឺការគាំទ្រដល់រាជរដ្ឋាភិបាល និងកងកម្លាំងជួរមុខនៅតាមបន្ទាត់ព្រំដែន។
បន្ថែមពីនេះ លោក ហ៊ុន ម៉ានី ក៏សូមលើកទឹកចិត្ត និងអំពាវនាវដល់កូនខ្មែរគ្រប់រូប ចូលរួមកម្មវិធី «តស់!យើងរួមគ្នាច្រៀងចម្រៀងជាតិដើម្បីគាំទ្រដល់វីរកងទ័ពជួរមុខ» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះនៅពហុកីឡដ្ឋានជាតិអូឡាំពិក។
ការបង្ហាញការគាំទ្រតាមរយៈការមកជួបជុំគ្នាច្រៀងចម្រៀងជាតិ ដែលមាន បទ «នគររាជ» បទ «ពង្សាវតារខ្មែរ» បទ «សុវណ្ណភូមិដីខ្មែរ» និងបង «គន់មើលទៅមេឃ» ដែលជាបទរបស់កងទ័ព គឺជាការបង្ហាញនូវស្មារតី ឆន្ទៈ និងទឹកចិត្តដ៏មោះមុតដែលបង្ហាញពីកម្លាំងគាំទ្រជាបន្តបន្ទាប់ទៅកាន់បងៗកងកម្លាំងជួរមុខ។ វត្តមានរបស់យើងម្នាក់ៗ នៅថ្ងៃទី១៩ ខាងមុខ គឺជាកាយវិការស្នេហាជាតិមួយ ក្នុងនាមជាពលរដ្ឋដែលយើងអាចធ្វើបានក្នុងកាលៈទេសៈនេះ៕
ដោយ៖តារា