ខេត្តស្វាយរៀង: សាលាដំបូងខេត្តស្វាយរៀង ចេញដីកាឃុំខ្លួនបណ្ដោះអាសន្នជនដែលត្រូវចោទ ក្នុងពន្ធនាគារករណី ហឹង្សា យកកាំបិតផ្គាក់ដេញកាប់ជនរងគ្រោះ បណ្ដាលអោយរងរបួសធ្ងន់ និងស្រាលនៅស្រុករំដួល។
យោងតាមសមត្ថកិច្ចនគរបាលស្រុករំដួលបានអោយដឹងនារសៀលថ្ងៃទី១៧ខែកក្កដាឆ្នាំ២០២៥នេះថា កម្លាំងអធិការដ្ឋាននគរបាលស្រុករំដួល កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥
បានទទួលពាក្យបណ្ដឹង ពីអាណាព្យាបាល ជនរងគ្រោះ ថានៅចំណុចផ្លូវកៅស៊ូ ស្ថិតក្នុងភូមិត្រពាំងពោន ឃុំធ្មា ស្រុករំដួល ថាមានក្រុមក្មេងទំនើងមួយក្រុម បានយកកាំបិតផ្គាក់ដេញកាប់កូនរបស់ខ្លួន បណ្ដាលអោយរងរបួសធ្ងន់ និងស្រាល។
ប្រភពបន្តថា ក្រោយពីទទួលពាក្យប្ដឹងនេះរួចមក កម្លាំងជំនាញស្រុក ដឹកនាំដោយបញ្ជាដោយផ្ទាល់ពីលោកវរសេនីយ៍ឯក មាស ធួក អធិការនគរបាលស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលធ្មា និងកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុករមាសហែក បានចុះដល់ទីតាំងកើតហេតុ និងបានធ្វើការស្រាវជ្រាវកំណត់បានមុខសញ្ញា។
ក្រោយពី ធ្វើការស្រាវជ្រាវកំណត់បានមុខសញ្ញាសមត្ថកិច្ច បានឈានទៅឃាត់ខ្លួនក្មេងទំនើងចំនួន ០១នាក់ ប្រុស រួមទាំងវត្ថុតាង កាំបិតផ្គាក់ ០១ដើម និងម៉ូតូ ០១គ្រឿង។
នៅចំពោះមុខសមត្ថកិច្ច ក្មេងទំនើងខាងលើ បានឆ្លើយសារភាពថា ខ្លួន និងបក្សពួក ពិតជាបានប្រព្រឹត្តសកម្មភាពខាងលើពិតប្រាកដមែន។
បច្ចុប្បន្ន ក្មេងទំនើង ០១នាក់ រួមនិងវត្ថុតាង បានកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ និងត្រូវបានសាលាដំបូងខេត្ត ចេញដីកាឃុំខ្លួក្នុងពន្ធនាគារខេត្តរួចហើយ៕