នៅព្រឹកថ្ងៃទី 19 ខែកក្កដា ព្យុះទីហ្វុង Wipha បានបន្តពង្រឹងខ្លួនខ្លាំងឡើង ខណៈដែលវាបានចាកចេញពីប្រទេសហ្វីលីពីន បន្ទាប់ពីបានបង្កឲ្យមានខ្យល់បក់ខ្លាំង និងភ្លៀងធ្លាក់ខ្លាំងនៅក្នុងតំបន់ជាច្រើន រួមទាំងរដ្ឋធានីម៉ានីលផងដែរ។
ព្រឹត្តិបត្រអាកាសធាតុ របស់ទីភ្នាក់ងារបរិយាកាស និងភូគព្ភសាស្ត្រហ្វីលីពីន (PAGASA) នៅព្រឹកថ្ងៃទី១៩ ខែកក្កដា បានឲ្យដឹងថា ព្យុះទីហ្វុង Wipha បានចាកចេញពីតំបន់អាកាសធាតុ ដែលត្រូវបានត្រួតពិនិត្យដោយទីភ្នាក់ងារនៅម៉ោង ១០៖០០នាទីព្រឹក ម៉ោងក្នុងស្រុក ដោយរំកិលទៅទិសខាងលិច ឆ្ពោះទៅភាគខាងត្បូងប្រទេសចិន។
ព្យុះនេះត្រូវបានគេព្យាករណ៍ថានឹងបន្តពង្រឹង ហើយអាចឈានដល់ស្ថានភាពព្យុះទីហ្វុងដ៏ខ្លាំងនៅល្ងាចថ្ងៃទី 20 ខែកក្កដា។ យោងតាមព្រឹត្តិបត្រនេះ តំបន់ឆ្នេរ និងតំបន់ភ្នំនឹងមានខ្យល់បក់កាន់តែខ្លាំង។
យោងតាមស្ថិតិរបស់ក្រុមប្រឹក្សាកាត់បន្ថយ និងគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយហ្វីលីពីន គិតត្រឹមព្រឹកថ្ងៃទី ១៩ ខែកក្កដា មនុស្សសរុបចំនួន ៩៦.៧៩១ នាក់នៅទូទាំងប្រទេសបានរងផលប៉ះពាល់ដោយព្យុះទីហ្វុង Wipha ដោយតំបន់ជាច្រើនបានជួបប្រទះនឹងគ្រោះទឹកជំនន់ និងការបាក់ដី។ មនុស្សពីរនាក់បាត់ខ្លួន៕
រូបថត: TTXVN