ខេត្តកំពង់ចាម ៖ បុរសស្រវឹងខួបម្នាក់ត្រូវបានបងថ្លៃកាប់ប្រហារត្រូវ៣ពូថៅ បណ្ដាលរងរបួសធ្ងន់។ ហេតុ ការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៩យប់ថ្ងៃ១៨ កក្កដា ២០២៥ នៅភូមិបឹងជ្រោយ ឃុំសូទិព្វ ស្រុកជើងព្រៃ ។ រហូតមកដល់ព្រឹកថ្ងៃទី១៩ កក្កដា បុរសជាបងថ្លៃបានរត់គេចខ្លួនចេញពីមូលដ្ឋាន ហើយមិនទាន់ត្រូវបានចាប់ខ្លួននៅឡើយទេ ។
មន្ត្រីនគរបាលប៉ុស្តិ៍សូទិព្វបានប្រាប់តាមទូរសព្ទឱ្យដឹងថា គ្រាហ៍ដែលរូបលោកនៅជានាយប៉ុស្តិ៍ ភាគីប្អូនថ្លៃនិងបងថ្លៃបានផឹកស្រាសស្រវឹងហើយបង្កជម្លោះញឹកញាប់ រហូតដល់ប្ដឹងមកប៉ុស្តិ៍ ដើម្បីឲ្យជួយអន្តរាគមន៍ ក្នុងគ្រាហ៍នោះក៏បានធ្វើការអប់រំណែនាំមិនឱ្យប្រព្រឹត្តទង្វើបែបនេះបន្តទៀត ។ តែភាគីប្អូនថ្លៃជាមនុស្សស្រវឹងខួប មិនស្ដាប់ការណែនាំ និងការអប់រំរបស់សមត្ថកិច្ចទេគឺខ្លួននៅតែប្រព្រឹត្តផឹកស្រាសស្រវឹង ស្ទើរតែបង្កហិង្សាជាមួយនឹងបងថ្លៃទៀតផង ។
សមត្ថកិច្ចបានបន្តឲ្យដឹងទៀតថា រហូតមកដល់យប់ថ្ងៃទី១៨ កក្កដា មានករណីហិង្សាដោយចេតនាមួយកើត ឡើង បង្កដោយជនសង្ស័យ ឈ្មោះរ៉េន គឹមអុល ភេទប្រុស អាយុ៥៣ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ (ត្រូវជាបងថ្លៃ) បានយកពូថៅដៃកាប់ទៅលើជនរងគ្រោះឈ្មោះកែវ សាវុធភេទប្រុស អាយុ៦០ឆ្នាំរស់នៅភូមិ ឃុំជាមួយគ្នា(ប្អូនថ្លៃ)ត្រូវចំក្បាលចំនួន០៣ពូថៅរបួសធ្ងន់ បញ្ជូនមកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុក។ ក្រោយធ្វើសកម្មភាភាពរួចជនសង្ស័យរត់គេចខ្លួនបាត់ ។
មូលហេតុទំនាស់ពាក្យសំដីពេលស្រវឹងស្រា ហើយ ដោយអនុវត្តតាមការណែនាំរបស់លោកអភិបាលស្រុកក៏ដូចជាអធិការនគរបាលស្រុកប៉ុស្ត៍រដ្ឋបាលសូទិព្វ កំពុងតែស្វែងរកចាប់ខ្លួនបុរសជាបងថ្លៃមិនដឹងថា រហូតមកដល់ពេលនេះរត់គេចទៅដល់ទីណានោះទេ៕