មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន បង្ហាញមោទនភាពចំពោះកម្ពុជាដែលបានធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ និងកិច្ចប្រជុំពាក់ព័ន្ធ

ចែករំលែក៖

ខេត្ត​សៀមរាប​៖​ លោក កឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន​ មានប្រសាសន៍​ផ្ដល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានមុនបើកសិក្ខាសាលាចំនួន៧​ ព្រមៗគ្នានៅថ្ងៃទី១នៃសន្និសីទកំពូល បានបង្ហាញមោទនភាពចំពោះប្រទេសកម្ពុជាដែលបានធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ និងកិច្ចប្រជុំពាក់ព័ន្ធ (20th Asia Media Summit) ដែលមានអ្នកជំនាញព័ត៌មាន និងអ្នកជំនាញបច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត AI ចូលរួមចូលរួមពី៣៧ប្រទេស ដើម្បីពិភាក្សាគ្នារិះរកមធ្យោបាយឆ្លើយតបទៅនឹងព័ត៌មានក្លែងក្លាយឱ្យបានទាន់ពេលវេលានាសម័យកាលឌីជីថល។​ ចំពោះ​ការចូលរួមរបស់ប្រទេសជាច្រើននៅថ្ងៃនេះ​ ដោយបង្ហាញពីទំនុកចិត្តរបស់ប្រទេសនានាចំពោះកម្ពុជា និងជាការផ្ដល់កិត្តិយសដល់កម្ពុជាផងដែរ។

មន្រ្តីជាន់ខ្ពស់ក្រសួង​ព័ត៌មាន​រូប​នេះ​ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ នៅសណ្ឋាគារសុខាសៀមរាប ក្រុងសៀមរាបនេះថា៖«កម្ពុជាមានកិត្តិយស ដែលបានធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលមានការចូលរួមពីប្រទេស៣៧ប្រទេសគឺជាអំណះអំណាងមួយយ៉ាងជាក់ស្ដែងថា កម្ពុជាជាប្រទេសពិតជាមានសុខសន្តិភាព គឺជាប្រទេសដែលអាចទទួលក្នុងការៀបចំកម្រិតអន្តរជាតិនេះជាបញ្ហាទី១ ,បញ្ហាទី២ សំខាន់គឺទេពកោសល្យរបស់ប្រជាពលរដ្ឋកម្ពុជាយើងដែលផ្ដល់នូវស្នាមញញឺម ការផ្ដល់នូវភាពរាក់ទាក់ ការផ្ដល់នូវស្នាមញញឹមចាត់ទុកថា ភ្ញៀវទាំងអស់សុទ្ធសឹងជាក្នុងចង្កោមគ្រួសារតែមួយ ចឹងហើយអ្នកដែលបានចូលរួមនៅទីនេះសុទ្ធតែបានបន្លឺ សុទ្ធតែបានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួន ទោះបីភ្ញៀវខ្លះធ្លាប់បានអញ្ជើញមកលើកទី១ លើកទី២ក្ដីមិនធ្លាប់មកក្ដី សុទ្ធតែបាននិយាយថា កម្ពុជាមានភាពស្រស់ស្អាត ប្រជាពលរដ្ឋកម្ពុជាស្រស់ស្រាយញញឹមរាក់ទាក់ ហើយកម្ពុជាមានសន្តិភាពយ៉ាងពិតប្រាកដ»។

សូមរម្លឹកដែរថា​ នាពេលថ្មីៗនេះ​សន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ និងកិច្ចប្រជុំពាក់ព័ន្ធ មុនចូលមកដល់ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រា ភក្រ្តា បានមានប្រសាសន៍ថា ការអនុញ្ញាតឱ្យកម្ពុជាធ្វើជាម្ចាស់ផ្ទះបង្ហាញពីការផ្តល់នូវជំនឿទុកចិត្តចំពោះកម្ពុជាពីបណ្តាប្រទេសផ្សេងៗ រួមទាំង AIDB ដែលជាអង្គការអន្តររដ្ឋាភិបាល ដោយទី១.បង្ហាញថា កម្ពុជាមានស្ថេរភាព សន្តិភាព,ទី២.បង្ហាញពីសមត្ថភាពនៃភាពជាអ្នកដឹកនាំ និងទី៣.បង្ហាញពីបទពិសោធន៍ដែលជាជំនឿទុកចិត្តក្នុងការបំពេញការងារមិនថ្លោះធ្លោយ ការបំពេញការងារដោយយកចិត្តទុកដាក់ ដោយទទួលបានលទ្ធផល។ ទាំង៣ចំណុចនេះបង្ហាញថាបណ្តាប្រទេសនានាបានផ្តល់ជំនឿទុកចិត្តមកឱ្យកម្ពុជារបស់យើងធ្វើជាម្ចាស់ផ្ទះ ដែលនេះជាចំណុចមួយសំខាន់ណាស់។

លោករដ្ឋមន្រ្តី​ បានគូសបញ្ជាក់ថា«បើគេ ពិនិត្យទៅលើបណ្តាប្រទេសក្នុងតំបន់ គឺកម្ពុជា ជាប្រទេសមួយដែលមានភាពសកម្ម ក្នុងនេះតំណាងក្រសួងព័ត៌មានរបស់យើងមានសមត្ថភាព មានគំនិត ក៏ដូចជាមានយោបល់ ចូលរួមកិច្ចប្រជុំ ដោយភាពសកម្មបំផុត។ ក្រៅពីនេះកម្ពុជាបច្ចុប្បន្នគេមើលឃើញមិនដូចអតីតកាលទេ ដោយកម្ពុជាសម័យតេជោ កម្ពុជាសម័យធិបតី កម្ពុជា ជាប្រទេសមួយរីកលូតលាស់ មានការរីកចម្រើន ហើយធនធានមនុស្សក៏មានការកើនឡើង សមត្ថភាពមន្រ្តីរបស់យើង ក៏កាន់តែខ្ពស់»។

សូមជម្រាបជូនថា នេះជាលើកទី២ហើយ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះទទួលរៀបចំសន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ី ដែលលើកទី១រៀបចំនៅឆ្នាំ២០១៩ នៅលើទឹកដីសៀមរាបអង្គរផងដែរ៕ដោយ​៖តារា​

...

រូបភាព​៖ទីភ្នាក់ងារ​AKP​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print