«ការនាំយកសំណុំរឿងទាហានថៃជាន់មីននៅតំបន់មុំ៣ទៅប្តឹងអង្គការ សហប្រជាជាតិគឺជាឱកាសមាស សម្រាប់កម្ពុជា»

ចែករំលែក៖

ភ្នំពេញ ៖ បន្ទាប់ពីមានហេតុការណ៍ទាហានថៃបីនាក់ដើរជាន់មីនបណ្តាលឱ្យដាច់ជើងម្នាក់និងរងបួសពីរនាក់កាលពីថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២៥ ភាគីថៃបាននិងកំពុងធ្វើអាជីវកម្មលើរឿងនេះយ៉ាងសម្បើម។ ទាំងកងទ័ព ទាំងក្រសួងការបរទេស និងទាំងសារព័ត៌មានថៃហាក់ដូចជាមមាញឹកយ៉ាងខ្លាំងក្នុងការប្រឌិតរឿងទម្លាក់កំហុសមកលើកម្ពុជាតាមទម្លាប់អាក្រក់ឥតប្រែប្រួលរបស់ពួកគេ។

ជាដំបូង ពួកគេនាំគ្នាចោទប្រកាន់ទាំងបំពានគ្មានការពិតថា គ្រាប់មីនទាំងនោះទើបតែត្រូវបានដាក់ថ្មីៗនេះដោយទាហានកម្ពុជា។ ប៉ុន្តែ អ្វីដែលធ្វើឱ្យសាធារណជនហួសចិត្តនៅត្រង់ថា ពួកគេអះអាងថា មីននោះផ្ទុះនៅលើទឹកដីរបស់ខ្លួន តែបែរជាចោទថា ភាគីកម្ពុជាជាអ្នកបង្កប់ទៅវិញ។ ត្រង់នេះ វាហាក់ដូចជាការភូតកុហកនៅលើគោកពេកពីព្រោះបើទាហានទាំងនោះដើរនៅលើដីថៃ ហេតុអ្វីបានជាកងទ័ពកម្ពុជាអាចចូលទៅដាក់មីនកើត?

ទីបំផុត ការភូតកុហកនេះត្រូវបានបកអាក្រាតដោយក្រសួងការពារជាតិកម្ពុជាកាលពីថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០២៥ តាមរយៈសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យ ដោយបញ្ជាក់ថា កងទ័ពថៃបានបង្កើតតម្រាយផ្លូវថ្មីចូលក្នុងដីកម្ពុជាដោយខ្លួនឯងដោយខុសពីកិច្ចព្រមព្រៀង ហើយបានជាន់មីនដែលសល់ពីសម័យសង្គ្រាមក្នុងភូមិតេជោមរកត ឃុំមរកត ស្រុកជាំខ្សាន្ត ខេត្តព្រះវិហារ។ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាក៏បានបញ្ជាក់ទៀតថា កម្ពុជាបានដាស់តឿនភាគីថៃជាញឹកញាប់ឱ្យគោរពឱ្យបានម៉ឺងម៉ាត់នូវតម្រាយផ្លូវដែលបានឯកភាពគ្នាក្នុងការដើរល្បាតពីព្រោះតំបន់នោះមានគ្រាប់មីនដែលសល់ពីសម័យសង្គ្រាម។

ទោះបីជាកម្ពុជាបានដេញទាន់ជាន់កែងបែបនេះក៏ដោយ ក៏ភាគីថៃនៅតែអះអាងដោយមិនខ្មាសអៀនថា ខ្លួននឹងនាំយករឿងនេះទៅប្តឹងអង្គការសហប្រជាជាតិថាកម្ពុជាបំពានអនុសញ្ញាទីក្រុងអូតាវ៉ាស្តីពីការប្រឆាំងនឹងការប្រើប្រាស់គ្រាប់មីនប្រឆាំងមនុស្ស។ តាមពិត បើតាមទស្សនៈយល់ឃើញផ្ទាល់របស់ខ្ញុំ ការប្រកាសនាំយកសំណុំរឿងនេះទៅប្តឹងអង្គការសហប្រជាជាតិពីសំណាក់ភាគីថៃគឺជាដំណឹងល្អណាស់សម្រាប់កម្ពុជា ពីព្រោះថ្នាក់ដឹកនាំកម្ពុជាតែងប្រកាសម្តងហើយម្តងទៀតថា កម្ពុជាគឺជារដ្ឋអធិបតេយ្យមួយដែលគោរពច្បាប់អន្តរជាតិ និងយកច្បាប់អន្តរជាតិជាគោល។ ក្នុងន័យនេះ បំណងរបស់ថៃដែលចង់នាំយកសំណុំរឿងនេះទៅអង្គការសហប្រជាជាតិគួរតែត្រូវបានស្វាគមន៍ ហើយការនាំសំណុំរឿងផ្ទុះមីនទៅអង្គការសហប្រជាជាតិគឺជាភស្តុតាងថ្មីមួយទៀតដ៏មានទម្ងន់ ក្នុងការជំរុញរឿងនេះទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។

កន្លងទៅនេះ បន្ទាប់ពីមានព្រឹត្តិការណ៍ដែលទាហានថៃចូលទៅបាញ់កងទ័ពខ្មែរម្នាក់ឱ្យស្លាប់កាលពីថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២៥ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចនាំយកសំណុំរឿងប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងតំបន់មុំបី ទៅដោះស្រាយនៅឯតុលាការយុត្តិធម៌អន្តរជាតិ។ ប៉ុន្តែ រហូតមកដល់ពេលនេះ ភាគីថៃនៅតែបដិសេធមិនព្រមសហការណ៍ដោយអះអាងថា ថៃមិនទទួលស្គាល់យុត្តាធិការតុលាកនេះឡើយ។

ដូច្នេះ ការដែលថៃនាំសំណុំរឿងផ្ទុះមីននៅមុំ៣ទៅប្តឹងអង្គការសហប្រជាជាតិគឺជាឱកាសល្អណាស់សម្រាប់កម្ពុជា ក្នុងការជំរុញឱ្យអង្គការសហប្រជាជាតិជួយដាក់សម្ពាធលើថៃដើម្បីឱ្យយល់ព្រមទៅដោះស្រាយនៅតុលាការ ICJ ពីព្រោះហេតុការណ៍ផ្ទុះគ្រាប់មីននេះក៏ស្ថិតនៅក្នុងតំបន់ដែលថៃទាមទារយកដីខ្មែរដែលកម្ពុជាបានដាក់ទៅតុលាការយុត្តិធម៌អន្តរជាតិនោះដែរ។ ដូច្នេះ មានតែតុលាការរបស់អង្គការសហប្រជាជាតិមួយនេះទេទើបអាចសម្រេចក្តីបានដោយយុត្តិធម៌លើសំណ រឿងនេះ។

យើងសង្ឃឹមជឿជាក់ថា ពេលដែលថៃដាក់សំណុំរឿងនេះដល់អង្គការសហប្រជាជាតិ កម្ពុជាអាចប្រើប្រាស់ឱកាសនេះដើម្បីជំរុញឱ្យអង្គការសហប្រជាជាតិជួយគាំទ្រដើម្បីនាំយកសំណុំរឿងនេះទៅតុលាការអន្តរជាតិបាន ពីព្រោះអង្គការសហប្រជាជាតិមិនមែនជាស្ថាប័នកាត់ក្តីរឿងព្រំដែនទេ។ ម្យ៉ាងទៀត រឿងពីរផ្ទួនគ្នាដែលកើតនៅកន្លែងតែមួយ ហើយជាទីកន្លែងដែលភាគីនីមួយៗទាមទារថាជាដែនដីរបស់ខ្លួន ដូច្នេះ មានតែតុលាការយុត្តិធម៌អន្តរជាតិទេដែលជាស្ថាប័នមានសមត្ថកិច្ចក្នុងការសម្រេចសេចក្តី។ ក្រោមសម្ពាធរបស់អង្គការសហប្រជាជាតិ ថៃដែលជាសមាជិកអង្គការសហប្រជាជាតិដែរនោះប្រាកដជាពិបាកក្នុងការប្រកែកណាស់។ តើនេះមិនមែនជាឱកាសមាសសម្រាប់កម្ពុជាទេឬ? ៖

...

ដោយ ៖ លោក វង្ស មករា សាស្ត្រាចារ្យ និងជា អ្នកវិភាគនយោបាយ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print