ខេត្តសៀមរាប៖ ថ្លែងក្នុងសន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីទី២០ និងកិច្ចប្រជុំពាក់ព័ន្ធ (The 20th AMS 2025) នៅខេត្តសៀមរាប រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក នេត្រ ភក្រ្តា បានបង្ហាញជំហរថា នឹងលើកយកបញ្ហាដែលភាគីថៃតាមរយៈបណ្តាញសារព័ត៌មានថៃបានប្រើប្រាស់ព័ត៌មានក្លែងក្លាយមកបំផ្លាញមុខមាត់កម្ពុជា ទៅចែករំលែកដល់បណ្តាប្រទេសផ្សេងទៀត។
បន្ទាប់ពីភាគីថៃ បានព្យាយាមបំភ្លៃព័ត៌មានពីកម្ពុជាឱ្យអន្តរជាតិមានការយល់ច្រលំពាក់ព័ន្ធជម្លោះព្រំដែនលោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបញ្ជាក់ថា កម្ពុជាក៏ត្រូវតែឆ្លើយតបវិញដែរតាមរយៈការផ្តល់ព័ត៌មានពិតឱ្យពលរដ្ឋនិងអន្តរជាតិបានឃើញថា អ្វីដែលថៃកំពុងប្រព្រឹត្តគឺការប្រើប្រាស់ព័ត៌មានក្លែងក្លាយលាបពណ៌លើកម្ពុជា។
គួររម្លឹកដែរថា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានលើកឡើងក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី២១ ខែកក្កដាម្សិលមិញថា តាមរយៈការតាមដានជុំវិញប្រព័ន្ធផ្សព្វផ្សាយថៃកន្លងមក គឺអ្នកសារព័ត៌មានថៃបានបង្កើតនូវភាពមន្ទិល និងបំប៉ោងព័ត៌មានខុសពីការពិត។ ដូច្នេះលោករដ្ឋមន្រ្តី ក៏បានស្នើដល់ប្រព័ន្ធផ្សព្វផ្សាយថៃ ឱ្យប្រកាន់នូវក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានឱ្យបានត្រឹមត្រូវ ការផ្សព្វផ្សាយត្រូវប្រកាន់នូវសច្ចៈភាពនៃព័ត៌មាន ភាពត្រឹមត្រូវនៃព័ត៌មាន ហើយសូមកុំឱ្យបញ្ចូលនូវនិន្នាការនយោបាយនៅក្នុងព័ត៌មានរបស់ខ្លួន។
គួរជម្រាបជូនថា ចាប់តាំងពីផ្ទុះឡើងនៅភាពតានតឹងតាមបណ្តោយព្រំដែន កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥កន្លងទៅ បណ្តាញសារព័ត៌មានថៃភាគច្រើន រាប់ទាំងសារព័ត៌មានជាភាសាអង់គ្លេសផងត្រូវបានប្រើប្រាស់ជាមធ្យោបាយបញ្ចេញព័ត៌មានក្លែងក្លាយ បំផ្លើសបំភ្លៃ បំពុលសង្គម លាបពណ៌មកលើកម្ពុជាទាំងទទឹងទិស ដោយមិនខ្វាយខ្វល់ពីក្រមសីលធម៌វិជ្ជាជីវៈទាល់តែសោះ។ ដោយក្នុងមួយថ្ងៃៗ ពួកគេតែងបញ្ចេញព័ត៌មានដែលគ្មានប្រភពច្បាស់លាស់ ព័ត៌មានដែលមានលក្ខណៈគាំទ្រនយោបាយរបស់កងទ័ពដោយបំភិតបំភ័យ ចោទប្រកាន់ មួលបង្កាច់ ទម្លាក់កំហុសមកលើកម្ពុជាដើម្បីបិទបាំងអំពើបាញ់ប្រហារសម្លាប់កងទ័ពខ្មែរ និងនយោបាយឈ្លានពានរបស់ខ្លួន៕