ភ្នំពេញ ៖ យោងតាម សេចក្ដីថ្លែងការណ៍ របស់ ក្រសួង ការបរទេស និង សហប្រតិបត្ដិការ កម្ពុជា កាល ពីថ្ងៃទី ២១ ខែ កក្កដា ម្សិលមិញ ឧប្បត្តិហេតុ ទាហាន ថៃជាន់ មីន កាលពីថ្ងៃទី ១៦ ខែកក្កដា បាន កើតឡើង នៅ ក្នុង ភូមិ តេជោ មរកត ស្រុក ជាំក្សាន្ត ខេត្ត ព្រះវិហារ ជា តំបន់ ស្ថិត នៅ ក្នុង ទឹកដី កម្ពុជា ដែល ទទួល ស្គាល់ ជា អន្តរជាតិ យ៉ាង ច្បាស់។
សេចក្ដី ថ្លែងការណ៍ នេះ បាន បញ្ជាក់ ថា ទឹកដី នេះ ត្រូវ បាន កំណត់ ដោយ ផែនទី មាត្រដ្ឋាន ១:២០០.០០០ ដែល ផលិត ដោយ គណៈកម្មការ ចម្រុះ បារាំង-សៀម ស្រប តាម អនុសញ្ញា ឆ្នាំ ១៩០៤ និង សន្ធិសញ្ញា ឆ្នាំ ១៩០៧។
រាជរដ្ឋាភិបាល កម្ពុជា បដិសេធ យ៉ាង ដាច់អហង្ការ ចំពោះ ការចោទប្រកាន់ ដោយ គ្មាន មូលដ្ឋាន និង គ្មាន ភ័ស្តុតាង នេះ ។ ក្នុងនាម ជា រដ្ឋ ភាគី មួយ ដែលមាន ការប្តេជ្ញាចិត្ត យ៉ាង ពេញទំហឹង ចំពោះ ខ្លឹមសារ និង ស្មារតី នៃ អនុសញ្ញា ទីក្រុង អូ តា វ៉ា កម្ពុជា សូម បដិសេធ យ៉ាង ដាច់អហង្ការ នូវ រាល់ ការ លើកឡើងថា កម្ពុជា បាន រំលោភ ចំពោះ កាតព្វកិច្ច របស់ខ្លួន ក្រោម អនុសញ្ញា នេះ »។
កម្ពុជា បាន ច្រានចោល យ៉ាង ដាច់អហង្ការ ចំពោះ ការ អះអាង របស់ ថៃ ដែល ថា ខ្លួន បាន បំពាក់ មីន ប្រឆាំង មនុស្ស ថ្មីៗ នេះ ប៉ុន្តែ បាន អះអាង វិញ ថា ការ រង របួស របស់ ទាហាន ថៃ កាល ពី ពេល ថ្មីៗ នេះ គឺ ជា លទ្ធផល ផ្ទាល់ នៃ ការ ចូល ទឹកដី កម្ពុជា ដោយ គ្មាន ការ អនុញ្ញាត និង ជា ការ រំលោភ បំពាន យ៉ាង ច្បាស់ លើ កិច្ច ព្រមព្រៀង ទ្វេភាគី ដែល មាន ស្រាប់។
សេចក្ដី ថ្លែងការណ៍ បាន លើក ឡើង ថា៖ « វា ជាការ សោកស្តាយ យ៉ាងខ្លាំង ដែល កម្លាំងយោធា ថៃ បាន ចូលទៅក្នុង តំបន់ នេះ ដោយ រំលោភ លើ អនុស្សរណៈ នៃ ការយោគយល់ គ្នា ឆ្នាំ ២០០០ ដែល មានចែង យ៉ាងច្បាស់ អំពី ការងារ ខណ្ឌសីមា ព្រំដែន រួមគ្នា និង ការហាមឃាត់ មិន ឲ្យ មាន សកម្មភាព ឯកតោភាគី នៅក្នុង តំបន់ ដែល មិនទាន់ បានកំណត់ ខ្សែ ព្រំដែន រួច »។
ក្រសួង បាន ថ្កោលទោស ទង្វើ នេះ ថា ជា «ទង្វើ មិន ទទួល ខុស ត្រូវ» ដែល បាន រំលោភ លើ ការ យោគយល់ គ្នា ទ្វេភាគី រំលោភ បំពាន អធិបតេយ្យភាព កម្ពុជា ធ្វើ ឱ្យ អាយុជីវិត មាន គ្រោះថ្នាក់ និង បំផ្លាញ ទំនុក ចិត្ត គ្នា ទៅ វិញ ទៅ មក។
សេចក្ដី ថ្លែងការណ៍ នេះ ក៏ បាន ចង្អុល បង្ហាញ ផង ដែរ ពី « បំណង ខុសច្បាប់ និង មិន ស្របតាម ច្បាប់ » ដែល បាន លើកឡើង ពី យោធា ថៃ ក្នុងការ ដាក់ចេញ បទបញ្ញត្តិ សម្រាប់ ភ្ញៀវទេសចរ និង អ្នកធ្វើ ធម្ម យាត្រា ចូលទៅក្នុង ប្រាសាទតាមាន់ធំ ដោយសារតែ គេ អះអាង អធិបតេយ្យ របស់ ថៃ លើ តំបន់ ប្រាសាទ នេះ ។
ទោះបីជា ការពិត ច្បាស់លាស់ និង មិនអាច ប្រកែក បាន ក៏ដោយ ក៏ ប្រទេស ថៃ នៅតែ បន្ត ចេញ សេចក្តីថ្លែងការណ៍ ដែល មិនមាន ការទទួលខុសត្រូវ និង បំភ័ន្ត មតិ ដោយ អះអាងថា ខ្លួន បាន បោស សម្អាត មីន នៅ តំបន់ ដែល ទាហាន ថៃ រងរបួស ដោយសារ កា រ ផ្ទុះ មីន។
តាម ពិត កងទ័ព កម្ពុជា នៅតែ ឈរជើង នៅ ក្នុង តំបន់ នោះ ហើយក៏ មិន ដែលមាន សកម្មភាព ដោះ មិនកើត ឡើង ដូច ការអះអាង របស់ ថៃ នោះទេ ព្រោះថា តំបន់ នេះ ស្ថិតនៅក្នុង ទឹកដី កម្ពុជា ។
ជាជាង ទទួលស្គាល់ ការពិត និង ទទួលយក ការទទួលខុសត្រូវ ថៃ នៅតែ បន្ត ផ្សព្វផ្សាយ ព័ត៌មាន មិន ពិត ដល់ សាធារណជន និង សហគមន៍ អន្តរជាតិ ។ កម្ពុជា ជំរុញ ឱ្យ ថៃ បញ្ឈប់ ជាបន្ទាន់ នូវ សកម្មភាព ទាំងអស់នេះ ហើយ ចាត់វិធានការ ឱ្យបាន ស ម ស្រប ដើម្បី កែតម្រូវ ការនិយាយ មិន ពិត របស់ខ្លួន ។
ក្រសួង បានបន្ដថា ៖ «ឧប្បត្តិហេតុ ខាងលើ នេះ បាន បង្ហាញ យ៉ាង ច្បាស់ ពី ភាព ចាំបាច់ សម្រាប់ ប្រទេស ទាំង ពីរ ដើម្បី ស្វែងរក ដំណោះស្រាយ ដោយ សន្តិវិធី ដែល មាន កាតព្វកិច្ច ផ្លូវ ច្បាប់ តាមរយៈ យន្តការ អន្តរជាតិ សមស្រប ជា បន្ទាន់»។
កម្ពុជា បាន លើក ឡើង វិញ នូវ ជំហរ យូរ អង្វែង របស់ ខ្លួន ថា តុលាការ យុត្តិធម៌ អន្តរជាតិ ដែល ជា ស្ថាប័ន តុលាការ សំខាន់ របស់ អង្គការ សហប្រជាជាតិ គឺ ជា វេទិកា ដែល គួរ ឱ្យ ទុក ចិត្ត និង មាន ភាព មិន លំអៀង បំផុត សម្រាប់ ដោះស្រាយ ជម្លោះ ព្រំដែន ដែល នៅ សេសសល់ រវាង ប្រទេស ទាំង ពីរ៕
ដោយ ៖ សិលា