មនោរាល គឺជាកុមារីម្នាក់ដែលមានសម្បុរខ្មៅស្រអែម សក់ពណ៌ខ្មៅស្រឡូន និងមានមាឌតូចល្អិត។ មនោរា ជាក្មេងស្រីចូលចិត្តអានសៀវភៅហើយភាគច្រើនសៀវភៅដែល មនោរា ចូលចិត្តអានគឺជាប្រវត្តិសាស្ត្ររបស់ខ្មែរក្រហម។ ទោះបីមនោរា មានអាយុត្រឹមតែ១២ឆ្នាំ ប៉ុន្តែការគិតរបស់ មនោរា បានជ្រាលជ្រៅ និងល្អិតល្អន់ខ្លាំងណាស់។ ឆ្នាំសិក្សាថ្មីនេះ មនោរា ចូលរៀនថ្នាក់ទី៧ហើយ។ នាងរស់នៅជាមួយយាយជរា និងតាពិការជើងម្ខាង។នៅក្នុងភូមិអណ្ដើកហែប ស្រុក រតនៈមណ្ឌលលខេត្តបាត់ដំបង។ មនោរា ជាកូនកំព្រាព្រោះកាលពីសម័យខ្មែរក្រហមឪពុកម្ដាយរបស់នាងបានស្លាប់បាត់បង់ជីវិត បន្ទាប់ពីកើត មនោរា រួចភ្លាមៗ។ ក្រោយមកនាងបានមករស់នៅជាមួយយាយ និងតាដោយមិនបានស្គាល់មុខឪពុកម្ដាយទេ។ នៅថ្ងៃមួយពេល មនោរា មានអាយុប្រហែលពីរឆ្នាំ តារបស់នាងបានពិការជើងដោយសារជាន់មីនបន្ទាប់ពីលួចបេះដំណាំ ក្រោយត្រឡប់មកពីលើកទំនប់វិញ។
ថ្ងៃមួយពេលដែលមនោរា ត្រឡប់ពីសាលារៀនវិញនាងបានឃើញអ៊ំស្រីម្នាក់ដើរទូលនំអាកោលក់នៅក្នុងភូមិ។ មនោរា នឹកឃើញដល់យាយដែលចូលចិត្តហូបនំអាកោខ្លាំងណាស់។ ដូចនេះនាងក៏បានស្រែកហៅអ្នកលក់នំថា
មនោរា÷ មីងៗឈប់សិន!
អ្នកលក់នំ÷ អ៎!ក្មួយមនោរាទេហើយនេះចេញពីរៀនហើយឬ?
មនោរា÷ ចា៎ស! ចេញហើយមីងចុះមីងលក់នំអស់ហើយឬនៅ ? ខ្ញុំចង់ទិញនំអាកោពីរឱ្យយាយហូប ពីព្រោះគាត់ចូលចិត្តខ្លាំងណាស់មីង។ យាយគាត់តែងតែប្រាប់ខ្ញុំថានៅពេលដែលញ៉ាំនំនេះពេលណាធ្វើឲ្យបេះដូងគាត់រំជួលដូចជារំភើបចង់យំបន្តិច ចង់សើច ខ្ញុំមិនសូវយល់ចិត្តរបស់យាយដែរ។ នាងនិយាយបណ្ដើររកមើលលុយបណ្ដើរ។
អ្នកលក់នំ÷ អើ!នំមីងនៅតើក្មួយ។ នេះអស់ ៥០០ រៀលណា។ ល្អហើយដែលឯងឆ្លាតចេះដឹងពីរបស់ដែលយាយឯងចូលចិត្ត។ប្រសិនកូនមីងនៅរស់មីងមិនដឹងជាល្អប៉ុណ្ណាទេ។ ពេលនេះប្រហែលជាកូនមីងធំជាងឯងហើយ។ មីងក៏មិនលំបាកដូចសព្វថ្ងៃនេះដែរ ប្រសិនបើកូនមីងនៅរស់នោះ។ ជីវិតរស់នៅជាស្ត្រីមេម៉ាយមិនស្រួលទេ ហើយគ្មានកូនគ្មានចៅនឹងគេទៀត។ មីងឈប់និយាយហើយ បើនិយាយទៅក៏មិនដឹងបានអ្វីមកវិញដែរ។ គាត់និយាយទាំងទឹកមុខស្រពោនកែវភ្នែករលីងរលោងចង់យំ។
មនោរា÷ សុំទោសមីងដែលឮបែបនេះ ចុះកូនមីងគាត់ស្លាប់ដោយសារអីដែរ?
អ្នកលក់នំ÷ កូនមីងស្លាប់កាលពីសម័យខ្មែរក្រហម ពីព្រោះអត់មានអាហារហូបចុកគ្រប់គ្រាន់ទេក្មួយ។ឥឡូវមីងត្រូវទៅលក់បន្តទៀត ហើយមីងក៏មិនចង់រំលឹកពីរឿងនេះដែរ ព្រោះវាធ្វើឲ្យមីងឈឺចាប់គ្រប់ពេលនិយាយចេញមកចង់តែយំទេ។
និយាយហើយមីងលក់នំអាកោក៏ក្រោកដើរចេញទៅបាត់ទុកឲ្យមនោរា ឈរភ្លឹកមិនដឹងថារកពាក្យអ្វីមកនិយាយតបត ពេលឃើញគាត់ពិបាកចិត្តបែបនេះ។
ពេលដើរចេញមក មនោរា ចេះតែនឹកឆ្ងល់ហើយ នឹកឆ្ងល់ទៀតថា តើរឿងនេះយ៉ាងម៉េចទៅហេតុអ្វីបានជាមនុស្សម្នាគ្រាន់តែរំលឹកពីរឿងនេះធ្វើឲ្យគាត់មានអារម្មណ៍ថាប៉ះទង្គិចផ្លូវចិត្តទោះបីជា ឥឡូវរបបខ្មែរក្រហមបានកន្លងផុតទៅហើយក៏ដោយនោះ។ តើរឿងមួយនេះមានអ្វីនៅពេលក្រោយ? ខ្ញុំនៅតែមិនយល់ថា អ្វីទៅជាក្បាលរបស់រឿង ? តើជាខ្លួនរបស់រឿង និងជាចុងបញ្ចប់នៃរឿង។ ការឆ្ងល់នេះស្ទើរតែធ្វើឲ្យ មនោរា ដើរហួសផ្ទះទៅហើយ កុំតែបានយាយស្រែកហៅទាន់។
មនោរា÷ ជំរាបសួរយាយ ខ្ញុំមកពីសាលាវិញហើយ។
យាយ÷ ល្អហើយចៅ ចុះអារម្មណ៍ឯងរវល់គិតពីអីមនោរាបានជាដើររហូតហួសផ្ទះបែបនេះអ៊ីចឹង?
មនោរា÷ យាយខ្ញុំមិនដឹងថាត្រូវនិយាយពីណាទៅមុនទេ។ អ៊ីចឹងយប់នេះចៅសូមឱ្យយាយ និងតានិទានរឿងប្រវត្តិសាស្ត្រឱ្យចៅស្ដាប់ម្ដងបានទេ?
គ្រាន់តែឮបែបនេះ យាយផេមប្រញាប់សួរចៅភ្លាមថា
យាយ÷ ចុះរឿងអីទៅដែលចៅចង់ស្ដាប់នោះ?
មនោរា÷ គឺរឿងរបបខ្មែរក្រហមនឹងណាយាយ!
យាយ÷ មនោរា ល្អហើយចៅដែលចៅចង់ចេះ ចង់ដឹងពីប្រវត្តិសាស្រ្ត ប៉ុន្តែយាយពិបាកក្នុងការធ្វើអារម្មណ៍នៅពេលដែលនិយាយរឿងនេះម្ដងៗ។
មនោរា÷ លោកយាយយើងញ៉ាំបាយសិនទៅអ៊ីចឹង កុំទាន់គិតអី។ ចាំពេលលោកយាយមានអារម្មណ៍ល្អ ពេលណាចាំរៀបរាប់ឲ្យចៅស្ដាប់ក៏បាន មិនអីទេណា។
យាយឮដូច្នោះ ក៏សម្លឹងមើលមុខចៅដោយក្តីអាណិតអាសូរហើយអោបចៅទាំងទឹកភ្នែករលីងរលោង បន្ទាប់មកអ្នកទាំងពីរក៏ទៅញ៉ាំបាយជុំគ្នា។ ពេលយប់មកដល់ មនោ រាចាប់ផ្ដើមធ្វើកិច្ចការផ្ទះដែលគ្រូដាក់ឲ្យ។ ពេលកំពុងធ្វើលំហាត់នាងក៏ចាប់ផ្ដើមគិតដល់សម្ដីរបស់មីងលក់នំ ហើយក៏ចាប់ផ្ដើមសង្កេតឃើញពីអាកប្បកិរិយា យាយផេម រួចនាងឆ្ងលថា ហេតុទៅអីបានជាមីងនិងយាយមានប្រតិកម្មដូចគ្នាម្ល៉េះ?
យាយ÷ យ៉ាងម៉េចហើយចៅលំហាត់ពិបាកដែរទេថ្ងៃនេះ?មានអីឆ្ងល់សួរយាយ និងតាបានណា។ តែរឿងអានវិញ យាយមិនចេះទេ ព្រោះជំនាន់នោះយាយមិនបានរៀនអក្សរទេ។
តា÷ យាយ នឹកឃើញជំនាន់នោះយើងមិនមែនជាគូព្រេងនឹងគ្នាទេ។ពេលដែលបានឯងដំបូង ខ្ញុំដូចជាមិនស្រឡាញ់ឯងសោះ តែបែរជារស់នៅជាមួយគ្នាយូរៗទៅក៏ស្រឡាញ់គ្នាទៅវិញ។ ខ្ញុំមិនយល់សោះយាយវាអើយ។ មនោរា ស្ដាប់ឮដូចនេះនាងញញឹមហើយក៏សួរទៅយាយ និងតា វិញទាំងអៀន។
មនោរា÷ ចុះកាលនោះស្នេហាយាយ និងតា យ៉ាងម៉េចទៅ?
យាយ÷ វាពិបាកណាស់ចៅអើយសម័យពីដើម។ យាយមិនដែលដើរចេញពីផ្ទះទេ ហើយតារបស់ឯងនេះបានជួបជាមួយយាយ។ យាយ និងតា មិនដែលបានជួបមុខគ្នាទេមុនរៀបការ។ រហូតដល់ធំឡើងក៏ចាស់ៗរៀបចំឲ្យជាគូនឹងគ្នា។ និយាយចប់ តាក៏តបទៅវិញ÷