លោកសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ គូសបញ្ជាក់ពីការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលក្នុងការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា តាមរយៈការបង្កើត គ.ប.ឆ.ប ដែលជាយន្តការបន្ថែម លើយន្តការមានស្រាប់

ចែករំលែក៖

ភ្នំពេញ ៖ លោកសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ បានអនុញ្ញាតឱ្យ លោក Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ក្នុងជំនួបនោះ លោកសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលក្នុងការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា តាមរយៈការបង្កើត គ.ប.ឆ.ប ដែលជាយន្តការបន្ថែម លើយន្តការមានស្រាប់។ ក្រោយការបង្កើតគ.ប.ឆ.ប. កម្ពុជាបានផ្តោតលើការស្រាវជ្រាវ ស៊ើបអង្កេត បង្រ្កាប និងបោសសម្អាត ព្រមទាំងចាត់វិធានការច្បាប់លើជនសង្ស័យ ដោយទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់។ លោកសន្តិបណ្ឌិតបានសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការអន្តរជាតិ សម្រាប់កិច្ចប្រឹងប្រែងរួមគ្នា ដើម្បីប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលបាននិងកំពុងកើតមានឡើងក្នុងប្រទេសជាច្រើន។

លោកឯកអគ្គរដ្ឋទូតឥណ្ឌា បានឯកភាពថា ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាគឺជាបញ្ហាសកល ដែលទាមទារឱ្យប្រទេសទាំងអស់ផ្តល់កិច្ចសហប្រតិបត្តិការជាមួយគ្នា និងបានគូសបញ្ជាក់ថា ភាគីឥណ្ឌាត្រៀមខ្លួនជាស្រេចក្នុងសហការ និងធ្វើការជាមួយកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ លោកឯកអគ្គរដ្ឋទូតបានបញ្ជាក់ថា ភាគីឥណ្ឌាអាចពិនិត្យលទ្ធភាពពិចារណាផ្តល់កម្មវិធីកសាងសមត្ថភាព តាមសំណើរបស់ គ.ប.ឆ.ប. ។ លោកឯកអគ្គរដ្ឋទូតបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ចំពោះកិច្ចសហប្រតិបត្តិការកន្លងមក ជាពិសេសការជួយសង្គ្រោះពលរដ្ឋឥណ្ឌា ។

ភាគីទាំងពីរបានពិភាក្សា និងផ្លាស់ប្តូរយោបល់លើបទពិសោធន៍នៃកិច្ចសហប្រតិបត្តិការកន្លងមក រវាងប្រទេសទាំងពីរ និងបានឯកភាពលើជំហានបន្ទាប់មួយចំនួន ដើម្បីបន្តជំរុញកិច្ចសហប្រតិបត្តិការឱ្យបានកាន់តែជិតស្និទ្ធថែមទៀត រួមមានការចែករំលែកព័ត៌មាន ការស៊ើបអង្កេត ការកសាងសមត្ថភាព ការផ្លាស់ប្តូរបទពិសោធន៍ និងការបញ្ជូនពលរដ្ឋឥណ្ឌាត្រឡប់ទៅប្រទេសកំណើតវិញឱ្យបានឆាប់៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print