ខេត្តកណ្តាល៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់មជ្ឈមណ្ឌលផ្កាឈូក អង្គភាពការពារកុមារ នៃអង្គការមូលនិធិកុមារកម្ពុជា។
សូមអានប្រសាសន៍សំខាន់ៗរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានដូចខាងក្រោម៖
– សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណដល់ មូលនិធិកុមារកម្ពុជា ក៏ដូចជា អង្គភាពការពារកុមារ ដែលបានចូលរួមក្នុងប្រតិបត្តិការ ថែទាំ គាំពារ និងផ្ដល់ក្ដីសង្ឃឹមដល់កុមារកម្ពុជា ដែលរងគ្រោះ និងងាយរងគ្រោះនៅកម្ពុជា។
– សម្ដេចធិបតី ថ្លែងកោតសរសើរ និងរម្លឹកពីការលះបង់របស់ លោក Scott Neeson ស្ថាបនិកមូលនិធិកុមារកម្ពុជា ដែលបានលះបង់ និងខិតខំជួយដល់កុមារកម្ពុជា ខណៈលោកបានលះបង់ប្រាក់ខែរាប់សែនដុល្លារមកជួយដល់កុមារកម្ពុជាដោយគ្មានប្រពន្ធ ឬកូនបង្កើតទេ ប៉ុន្ដែមានកុមារកម្ពុជារាប់ពាន់នាក់ហៅលោកថាលោកប៉ា។
– សម្ដេចធិបតី ថ្លែងបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា តាំងតែពីការដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន រហូតដល់អាណត្តិទី៧នេះ បានស្វាគមន៍ និងគាំទ្រខ្លាំងណាស់ ចំពោះអង្គការក្រៅរាជរដ្ឋាភិបាលដែលបានជួយដល់ប្រទេសកម្ពុជាពិតប្រាកដដូចជា មូលនិធិកុមារកម្ពុជា ឬអង្គភាពការពារកុមារ ដែលជាដៃគូសហការល្អរបស់កម្ពុជា។
-សម្តេចធិបតី ថ្លែងថា រាជរដ្ឋាភិបាលបានបង្កើតក្រុមប្រឹក្សាជាតិ និងដាក់ចេញគោលនយោបាយ ដើម្បីកុមារ ទាក់ទងនឹងការរស់រានមានជីវិតសុខភាពកុមារ សិទ្ធិចូលរួម សិទ្ធិអភិវឌ្ឍន៍ដើម្បីការពារកុមារ។
– សម្ដេចធិបតី ថ្លែងប្រកាសបន្តផ្ដល់ការឧបត្ថម្ភបន្ថែម ដល់មូលនិធិកុមារកម្ពុជា នូវអង្ករមួយតោន និងថវិកា ៥ លានរៀល ចាប់ពីខែសីហា ឆ្នាំ២០២៥ តទៅ ដើម្បីគាំទ្រដល់ការដំណើរការជួយកុមារកម្ពុជា។
- សម្ដេចធិបតី ថ្លែងគូសបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់ និងជាប់ជាប្រចាំពាក់ព័ន្ធកិច្ចការពារកុមារ ពិសេសការបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងការរំលោភបំពានគ្រប់ទម្រង់លើកុមារកម្ពុជា។
ដោយឡែកលោក Scott Neeson ស្ថាបនិកមូលនិធិកុមារកម្ពុជា លើកឡើងថា នៅពេលដែលការគំរាមកំហែង តាមអ៊ីនធឺណិតទៅលើកុមារចេះតែកើនឡើង ការការពារកុមារកាន់តែមានភាពបន្ទាន់ជាងពេលណាៗទាំងអស់។ ដូច្នេះយើងកំពុងតែប្រឈមមុខនឹងបញ្ហានេះដោយផ្ទាល់ ជាមួយនឹងការបើក មជ្ឈមណ្ឌល ផ្កាឈូក ដែលជាកន្លែងដំបូងបង្អស់តែមួយគត់សំរាប់ដោះស្រាយ ការប្រឈមនេះ នៅក្នុងប្រទេសកម្ពុជា។
លោក Scott Neeson បានឱ្យដឹងថា មជ្ឈមណ្ឌល ផ្កាឈូកនេះគឺជាមជ្ឈមណ្ឌលលំដាប់ពិភពលោក ដែលនឹងក្លាយជាផ្ទះរបស់ក្រុមការងារប្រឆាំងនឹងឧក្រិដ្ឋកម្មអ៊ិនធឺណិតទៅលើកុមារនៅកម្ពុជា។ មជ្ឈមណ្ឌលនេះ នឹងដាក់ប្រទេសកម្ពុជាជាចំណុចកណ្តាល នៃការប្រយុទ្ធប្រឆាំងនឹងអ្នកដែលព្យាយាមធ្វើបាបកុមារ។
លោក Scott Neeson បានឱ្យដឹងថា មជ្ឈមណ្ឌល ផ្កាឈូកនេះនឹងកំណត់ស្តង់ដារថែទាំមួយសម្រាប់កុមាររងគ្រោះ ក្នុងប្រទេសកម្ពុជា។ វាជាទីកន្លែងមួយ ដែលជនរងគ្រោះដែលនៅរស់រានមានជីវិតទទួលបាននូវការយកចិត្តទុកដាក់ដោយសេចក្តីថ្លៃថ្នូរ និងការគោរព។
លោក Scott Neeson បានឱ្យដឹងថា មជ្ឈមណ្ឌល ផ្កាឈូក ត្រូវបានបង្កើតឡើងជាពិសេសដើម្បីផ្តល់នូវសេវាកម្មដែលមានកម្រិតខ្ពស់ទៅដល់កុមាររងគ្រោះ នៅក្នុងបរិយាកាសមួយដែលមានសុវត្ថិភាព ការថែទាំ និងការគាំទ្រ។ ការរចនារបស់មជ្ឈមណ្ឌលនេះ ត្រូវបានទទួលការកោតសរសើរពីដៃគូអន្តរជាតិ ហើយត្រូវបានគេពិពណ៌នាថាជាគំរូរួមមួយ ដែលអាចយកទៅចម្លងជាអន្តរជាតិ។
លោក Scott Neeson បានឱ្យដឹងថា មជ្ឈមណ្ឌល ផ្កាឈូក ផ្តល់ជូននូវ ការព្យាបាលរបួសបឋម, ការពិនិត្យកោសល្យវិច័យ, មន្ទីរពិសោធន៍កោសល្យវិច័យដំបូងគេរបស់កម្ពុជា, បន្ទប់ពិសេសសម្រាប់សម្ភាសន៍, អ្នកប្រឹក្សាដែលទទួលបានការបណ្តុះបណ្តាលច្បាស់លាស់ និងជំនួយផ្នែកផ្លូវចិត្ត, ការផ្តល់កន្លែងស្នាក់នៅដែលមានសុវត្ថិភាពសម្រាប់ជនរងគ្រោះ និងក្រុមគ្រួសាររបស់ពួកគេ, ក្រុមការងារពេញម៉ោងសម្រាប់ផ្តល់ការថែទាំបន្ទាប់ និងខ្សែទូរស័ព្ទទាន់ហេតុការណ៍ ២៤ ម៉ោង។
លោក Scott Neeson បានឱ្យដឹងថា មជ្ឈមណ្ឌល ផ្កាឈូកនេះក៏ជាទីកន្លែងពិសេសសំរាប់ផ្តល់វគ្គបណ្តុះបណ្តាលលើការស៊ើបអង្កេតផ្នែកកោសល្យវិច័យដល់នគរបាលថ្នាក់តំបន់និងថ្នាក់ជាតិ គិលានុបដ្ឋាយិកា និងវេជ្ជបណ្ឌិត។
លោក Scott Neeson បានឱ្យដឹងថា មជ្ឈមណ្ឌល ផ្កាឈូក ផ្តល់នូវវគ្គសិក្សាដែលរចនាឡើងជាពិសេស និងបង្រៀនដោយគ្រូបណ្តុះបណ្តាលដែលមានវិញ្ញាបនបត្រអន្តរជាតិមកពីជុំវិញពិភពលោក ដើម្បីកសាងសមត្ថភាព និងបណ្តុះបណ្តាលដល់អ្នកដែលមានភារកិច្ចមិនត្រឹមតែពាក់ព័ន្ធ នឹងការស៊ើបអង្កេតឧក្រិដ្ឋកម្មប្រឆាំង នឹងកុមារប៉ុណ្ណោះទេ ថែមទាំងសម្រាប់អ្នកដែលឆ្លើយតបដំបូង អ្នកថែទាំ និងអ្នកព្យាបាល កុមាររងគ្រោះដោយឧក្រិដ្ឋកម្មផងដែរ៕ដោយ៖តារា