ខេត្តកណ្តាល ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍ថា មានមតិអ្នកខ្លះលើកឡើងថា រាជរដ្ឋាភិបាល មានបញ្ហាជាមួយអង្គការក្រៅរដ្ឋាភិបាល ដែលការលើកឡើងនោះ មិនមែនជាការពិតទេ ព្រោះ រាជរដ្ឋាភិបាល នៅតែចាត់ទុកអង្គការសង្គមស៊ីវិលជាដៃគូពិសេសក្នុងការអភិវឌ្ឍប្រទេសជាតិនិងបន្តសហការគាំទ្រដដែល។
ក្នុងពិធីសម្ពោធមជ្ឈមណ្ឌលផ្កាឈូក អង្គភាពការពារកុមារ នៃអង្គការមូលនិធិកុមារកម្ពុជា ស្ថិតនៅសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជា ស្វាគមន៍អង្គការសង្គមស៊ីវិលតាំងពីដើមមក តាំងពីថ្ងៃរំដោះ៧មករា មានអង្គការសង្គមស៊ីវិលច្រើនណាស់ដែលចូលមកជួយប្រទេសកម្ពុជា រួមទាំងអង្គការ World Vision ដែលយើងនៅតែបន្តធ្វើ ដដែល។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលប្តេជ្ញាបន្តយកចិត្តទុកដាក់ចំពោះអង្គការជាដៃគូ នានា ដែលធ្វើការងារពិតប្រាកដ ធ្វើការងារជាក់ស្តែង ដើម្បីជួយដល់ប្រជាពលរដ្ឋ ជួយដល់គ្រប់វិស័យរបស់កម្ពុជា។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា លោក Scott Neeson ជាបុគ្គលគ្មាន ភរិយាទេតែមានកូនរាប់ពាន់(កូនខ្មែរ) ហើយមួយវិញទៀតសម្តេចថា លោក Scott Neeson ជាពលរដ្ឋអាមេរិកមានប្រាក់ខែរាប់សែនដុល្លារអាមេរិក(ជាអ្នកដឹកនាំផលិតរឿងហូលីវូដ) ប៉ុន្តែលោកបានលះបង់ភាពហាយសូរបស់គាត់ផ្ទាល់មកជួយសង្គមកម្ពុជា ជាពិសេសជួយកុមារ និងស្រ្តីរងគ្រោះរបស់កម្ពុជា។
Ohសម្ដេចធិបតីនាយករដ្ឋមន្រ្ដី បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា តាំងតែពីការដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន រហូតដល់អាណត្តិទី៧នេះ បានស្វាគមន៍ និងគាំទ្រខ្លាំងណាស់ ចំពោះអង្គការក្រៅរាជរដ្ឋាភិបាលដែលបានជួយដល់ប្រទេសកម្ពុជាពិតប្រាកដដូចជា មូលនិធិកុមារកម្ពុជា ឬអង្គភាពការពារកុមារ ដែលជាដៃគូសហការល្អរបស់កម្ពុជា។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី ប្រកាសបន្តផ្ដល់ការឧបត្ថម្ភបន្ថែម ដល់មូលនិធិកុមារកម្ពុជា នូវអង្ករមួយតោន និងថវិកា ៥ លានរៀល ចាប់ពីខែសីហា ឆ្នាំ២០២៥ តទៅ ដើម្បីគាំទ្រដល់ការដំណើរការជួយកុមារកម្ពុជា៕
ដោយ ៖ សិលា