ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ សៅ សុខា ប្រកាសឧបត្ថម្ភជាថវិកាចំនួន ១,២០០លានរៀលជូនកម្លាំងជួរមុខដើម្បីលើកទឹកចិត្ត ក្នុងការការពារបូរណអធិបតេយ្យជាតិ និងការអនុវត្តបទបញ្ជាដែករបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ។
សូមបញ្ជាក់ថា ៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមថ្លែងនូវការកោតសរសើរ ស្មារតីអង់អាចក្លាហាន ការពារបូរណអធិបតេយ្យជាតិ និងការអនុវត្តបទបញ្ជាដែកសម្តេចតេជោ ហ៊ុន សែន និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត។
ដើម្បីលើកទឹកចិត្តដល់កម្លាំងជួរមុខ នាយឧត្តមសេនីយ៍ សៅ សុខា បានប្រកាសថា អាវុធហត្ថសូមចូលរួមចំណែកឧបត្ថម្ភជាថវិកាចំនួន ១,២០០លានរៀល ដល់កម្លាំងជួរមុខ ។
សូមជម្រាបថា ៖ ខណៈពេលដែលការប្រយុទ្ធរវាងកងទ័ពកម្ពុជា-ថៃ នៅតាមបណ្តោយព្រំដែន បានចាប់ផ្តើមនៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះ លោក នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បង្ហាញប្រភពព័ត៌មានផ្លូវការ ទាក់ទងនឹងសមរភូមិយោធានៅតំបន់ព្រំដែន ហើយអំពាវនាវដល់អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញសង្គមគ្រប់ប្រភេទ កុំចែកចាយប៉ះពាល់ដល់ការសម្ងាត់កងទ័ព។
តាមបណ្តាញសង្គម លោក នេត្រ ភក្រ្តា បានលើកឡើងថា សម្រាប់ប្រភពព័ត៌មានផ្លូវការទាក់ទងនឹងសមរភូមិយោធានៅតំបន់ព្រំដែន, ប្រភព ៤សំខាន់ដែលជាប្រភពផ្លូវការ គឺ១-ថ្នាក់ដឹកនាំកំពូលរបស់ជាតិ ២-ក្រសួងការពារជាតិ ៣-ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង ៤-អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ដែលជាប្រភពផ្លូវ ក្រៅពីនោះ គឺមិនមែនជាព័ត៌មានផ្លូវការទេ៕
ដោយ ៖ សិលា