កិច្ចប្រជុំពិភាក្សាការងារស្តីពីវឌ្ឍនភាពនៃការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស និងទិសដៅការងារបន្តក្នុងការអភិវឌ្ឍតំបន់ជាមួយគំនិតផ្តួចផ្តើមបង្កើតតំបន់ឧស្សាហកម្មប្រមូលផ្តុំ

ចែករំលែក៖

ភ្នំពេញ​៖​ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារស្តីពីវឌ្ឍនភាពនៃការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស និងទិសដៅការងារបន្ត ក្នុងការអភិវឌ្ឍតំបន់ជាមួយគំនិតផ្តួចផ្តើមបង្កើតតំបន់ឧស្សាហកម្មប្រមូលផ្តុំ នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ នាថ្ងៃព្រហស្បតិ៍ ទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះ។​ ដោយមានការចូលរួមពីឯកឧត្តមអគ្គលេខាធិការ លោករដ្ឋលេខាធិការ លោក លោកស្រី តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ លោកឧកញ៉ា លោក លោកស្រី និងអ្នកអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសជាច្រើនរូប។

នៅក្នុងមតិបើកកិច្ចប្រជុំ លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវអំណរគុណចំពោះវត្តមានចូលរួមកិច្ចប្រជុំពិភាក្សានាព្រឹកនេះពីតំណាងក្រុមហ៊ុនអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស ដែលនេះបានបង្ហាញឱ្យឃើញពីឆន្ទៈខ្ពស់ និងការតាំងចិត្តឥតងាករេ របស់វិស័យឯកជនក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា។ លោក ក៏បានធ្វើការកត់សម្គាល់ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងនិងការចូលរួមរបស់វិស័យឯកជន ដែលបានបោះជំហានទៅមុខឥតដកថយ ក្នុងការបង្កើនវឌ្ឍនភាពគម្រោងវិនិយោគរបស់ខ្លួន ក៏ដូចជាចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការទាក់ទាញការវិនិយោគមកកម្ពុជា។

នៅក្នុងបទអន្តរាគមន៍ស្តីពី បច្ចុប្បន្នភាពនៃការវិនិយោគ និងវឌ្ឍនភាពនៃការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានបង្ហាញនូវវឌ្ឍនភាពនៃការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស ដែលគិតត្រឹមចុងឆមាសទី១ ឆ្នាំ២០២៥ បានទាក់ទាញគម្រោងវិនិយោគចំនួន៩៦០ ក្នុងដើមទុនសរុបប្រមាណ១២,៦ពាន់លានដុល្លារអាម៉េរិក និងបង្កើតការងារបានជាង២០ម៉ឺនកន្លែង។ លោកបានបន្ថែមថា គម្រោងតំបន់សេដ្ឋកិច្ចពិសេស គឺជាកម្លាំងចលករ និងជាដែកឆក់ដ៏មានប្រសិទ្ធភាពក្នុងការស្រូបយកគម្រោងវិនិយោគលើឧស្សាហកម្មថ្មីៗ។ 

ជាមួយគ្នានេះ លោក ជា កុកហុង អគ្គនាយករង នៃអគ្គនាយកដ្ឋានគោលនយោបាយ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានធ្វើបទអន្តរាគមន៍ស្តីពីទស្សនាទាននៃគំនិតផ្តួចផ្តើមបង្កើតតំបន់ឧស្សាហកម្មប្រមូលផ្តុំ Integrated Industrial Initiative ដែលជាការចង្អុលបង្ហាញ និងតម្រង់ទិសដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី។ 

...

ជាកិច្ចបញ្ចប់ លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់សមាជិកអង្គប្រជុំដែលបានផ្តល់ធាតុចូល សំដៅបង្កើតនូវបរិយាកាសវិនិយោគនៅកម្ពុជាដែលកាន់តែមានភាពអំណោយផលនិងទាក់ទាញ ដើម្បីក្តាប់យកនូវឧស្សាហកម្មថ្មីៗ ដែលមានតម្លៃបន្ថែមខ្ពស់ចូលមកវិនិយោគនៅកម្ពុជា៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print