ភ្នំពេញ ៖ អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុខៈ (សុឃៈ) បានបញ្ជាក់ពី ថៃជាអ្នកបើកការវាយប្រហារមុនមកលើកម្ពុជានាព្រឹកថ្ងៃទី២៤ ខែកក្ដដា ! គឺមាន៩ចំណុចដែលបញ្ជាក់ថាថៃជាអ្នកបើកការវាយប្រហារមុនមកលើកម្ពុជានាព្រឹកថ្ងៃទី២៤ ខែកក្ដដា ឆ្នាំ២០២៥!
មានចំណុចច្រើន ដែលនៅលើគោកៗ និងត្រូវមហាជនជាតិ អន្តរជាតិ គេដឹងអំពីគំនិតទុច្ចរិតរបស់ថៃ ចិញ្ចឹមចិត្តវាយប្រហារមកលើកម្ពុជា។ ជាក់ស្ដែង ខ្ញុំសូមលើកមកខ្លះៗ ជាតឹកតាងថាថៃជាអ្នកវាយប្រហារមុន៖
១.ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ យោធាថៃ បានបើកការវាយប្រហារលើកម្ពុជាទាំងព្រឹកនៅមុំបី បណ្ដាលឱ្យយោធិនកម្ពុជាម្នាក់ពលិកម្ម។ ទាំងគ្មានរឿងសោះ ក៏ទាហានថៃបើកការវាយប្រហារដែរហ្នឹង។
២.មេយោធាភូមិភាគ២ និយាយម្ដងហើយម្ដងទៀត មិនទទួលយកយន្តការតុលាការICJ ដោយបោះសម្ដីថា «បើចង់បានដីបាញ់គ្នាទៅ»។ តើនេះ មិនមែនជាគំនិតអរិភាពចាប់ផ្ដើមសង្គ្រាមមុនទេ?
៣.អ្នកនយោបាយថៃនិយាយជារឿយៗ ដោយប្រកាសប្រើពេល៣ម៉ោងវាយចូលដល់ភ្នំពេញ និងវាយយកខេត្តកោះកុង។ល។និង។ល។ នេះជាតឹងតាងបង្ហាញចិត្តស្មោគគ្រោកនិងផែនការវាយមុន។
៤.យោធាថៃ តែងតែបន្ថែមនិងចល័តទ័ព យុទ្ធោបករណ៍ ជីកលេនដ្ឋាន ឈូសឆាយផ្លូវបម្រើយុទ្ធសាស្ត្រយោធា និងតែងតែល្បាតខុសពីតម្រាយផ្លូវចាស់ដែលបានឯកភាពគ្នា និងរុលចូលដែនដីកម្ពុជា បង្ករឿង បំណងឱ្យយោធាកម្ពុជាទប់មិនបានតែកម្ពុជាខាំមាត់សង្កត់អារម្មណ៍មិនចាញ់កល។ នេះសុទ្ធតែជាការចាប់ផ្ដើមមុន។
៥.យោធាថៃព្យាយាមប្រើយុទ្ធសាស្ត្រ«ចាយជីវិតពលទាហាន»ឱ្យបន្តល្បាតរុលចូលតំបន់អតីតសមរភូមិក្ដៅ ដោះមីនមិនទាន់អស់ បណ្ដាលឱ្យទាហាថៃជាន់មីនផ្ទុះរបួសធ្ងន់ស្រាលជាបន្តបន្ទាប់ រួចមួលបង្កាច់ចោទមកលើកម្ពុជានិងគម្រាមប្ដឹងទៅអង្គការសហប្រជាជាតិដើម្បីបញ្ឆេះកំហឹងកម្ពុជាឱ្យអស់ភាពអត់ធ្មត់។ ទាំងនេះ ជាការដុតរោលអុជអាលមុនទាំងអស់។
៦.ឱ្យទាហានក្លែងធ្វើជាអ្នកទេសចរណ៍ ជិះកង់ឡើងមកប្រាសាទតាមាន់បង្កបញ្ហាជាមួយយោធាកម្ពុជា ឱ្យទេសចរណ៍ថៃឡើងមកឌឺដងដាក់ភ្ញៀវទេសចរណ៍កម្ពុជានិងយោធាកម្ពុជា បណ្ដោយឱ្យអតីតទាហាថៃនិងជនស៊ីវិលវាយយោធិនកម្ពុជានៅប្រាសាទតាមាន់និងទាហាថៃតែរករឿងរារាំងភ្ញៀវទេសចរណ៍កម្ពុជាជាញឹកញាប់។ បង្ហាញច្បាស់ណាស់ជាការញុះកម្ពុជាមុន។
៧.មកដល់រសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ ថៃបានកោះហៅឯកអគ្គរាជទូតខ្លួន និងបណ្ដេញឯកអគ្គរាជទូតកម្ពុជាចេញពីប្រទេសខ្លួន ព្រមទាំងទម្លាក់កម្រិតកាទូតជាមួយកម្ពុជា មកនៅត្រឹមលេខាទី២ ដោយពុំបានបំពេញនីតិវិធីតាមច្បាប់កាទូតនិងច្បាប់អន្តរជាតិ។ កាន់តែធ្វើឱ្យស្ថានការណ៍ឡើងកម្ដៅ។ នរណាផ្ដើមមុនហ្នឹង?
៨.ការប្រកាសជារឿយៗ ដោយសង្ខើយម្ដងហើយម្ដងទៀត ទាំងអ្នកនយោបាយ និងយោធាថៃ អំពីការបិទច្រកឡើងប្រាសាទតាមាន់ធំ និងបិទប្រាសាទតាមាន់ធំទាំងមូល។ ជាពិសេសនៅរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ដដែល យោធាថៃ បានចេញលិខិតលាយលក្ខណ៍អក្សរប្រកាសសាធារណៈថា គេនឹងព័ទ្ធខ្សែលួសបិទប្រាសាទតាមាន់ធំ និងបិទច្រកផ្សេងៗ នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥។ កាន់តែច្បាស់ទៅៗ ជាការបង្កាត់ភ្លើងមុនទៀតហើយ និងស្រួចស្រាវណាស់ គឺចូលចំណុចខ្ពស់ហើយ។
៩.នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ដដែលនេះដែរ គេបានបញ្ចេញជាសាធារណៈក្នុងចេតនាផ្ញើសារប្រកាសប្រកាសសង្គ្រាម និងសម្លុតកម្ពុជាផង តាមរយៈការ ផ្សព្វផ្សាយ«ផែនការចក្រពង្សភូវនាថ» ដែលជាផែនការសង្គ្រាមធ្លាប់ប្រើកាលពីឆ្នាំ២០១១ តែចាញ់កម្ពុជាទូរស័ព្ទសុំចរចា និងបទបញ្ជារបស់អគ្គមេបញ្ជាការដាក់បញ្ជាឱ្យមេបញ្ជាការកងពលធំភូមិភាគ១ និង២ ត្រៀមកម្លាំងប្រតិបត្តិការផែនការនេះ។ ច្បាស់ទេប៉ុណ្ណឹង ថាថៃរៀបចំផែនការជាមុន។
៩ចំណុចខាងលើនេះ សុទ្ធតែប្រទាក់ក្រឡាគ្នា បង្ហាញពីចេតនាចិញ្ចឹមចិត្ត ដោយមានផែនការគិតទុកជាមុន ដើម្បីបង្កាត់ភ្លើងសង្គ្រាមជាមួយកម្ពុជា ឱ្យតែមានឱកាស និងព្យាយាមបង្កើតឱកាសគ្រប់យ៉ាង និងរកលេសគ្រប់រឿងដើម្បីមានហេតុផលផ្ទុះអាវុធ ពង្រីកជាសង្គ្រាមដណ្ដើមទឹកដី។ សំយោគខ្លីទៅ គ្រប់សកម្មភាព និងទង្វើទាំងកាទូត ពាណិជ្ជកម្ម សេដ្ឋកិច្ច ទំនាក់ទំនងផ្សេងៗ សុទ្ធតែចាប់ផ្ដើមដោយថៃមុនទាំងអស់ បង្កើតអរិភាពជាមួយកម្ពុជា។ ដូច្នេះ ភ្លើងសង្គ្រាមព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ គឺថៃជាអ្នកផ្ទុះអាវុធវាយប្រហារលើកម្ពុជាមុន មិនមែនកម្ពុជាទេ កម្ពុជាបង្ខំចិត្តការពារខ្លួន ទាំងគ្មានជម្រើស។
ជាក់ស្ដែងណាស់ នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ យោធាថៃ បានយកខ្សែលួសមកព័ទ្ធប្រាសាទតាមាន់ធំដូចការប្រកាសរបស់ខ្លួន ទាំងក្រុមប្រាសាទនេះស្ថិតក្នុងបូរណភាពដែនដីកម្ពុជាតាមសន្ធិសញ្ញាបារាំង-សៀម បើទោះជាយោធាកម្ពុជាហាមប្រាមក៏ដោយ។ ផ្ទុយទៅវិញទាហានថៃ បានផ្ទុះអាវុធនិងបើកការបាញ់ប្រហារ ដែលចាំបាច់កងទ័ពកម្ពុជាត្រូវបង្ខំចិត្តប្រើសិទ្ធិការពារខ្លួន ដោយបាញ់តបតត្រឡប់ទៅវិញទាំងការពារខ្លួននិងអធិបតេយ្យជាតិ។
ជាបន្តបន្ទាប់ ទាហានថៃបានបើកការបាញ់ប្រហារ និងផ្លោងគ្រាប់ចូលដែនអធិបតេយ្យកម្ពុជាចំនួន៨ទីតាំង ទាំងបន្ទាត់ព្រំដែនខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ដោយមិនសំដៅតែគោលដៅយោធាទេ គឺទាំងគោលដៅស៊ីវិលថែមទៀត។ ជាលទ្ធផល ទេវតាមានភ្នែក កងទ័ពកម្ពុជា បានឈានទៅគ្រប់គ្រងប្រាសាទតាក្របី ប្រាសាទតាមាន់ធំ និងតំបន់មុំបីបានទាំងស្រុង និងបន្តឈរជើងយ៉ាងរឹងមាំបំផុតដោយគ្មានទាហានថៃ។
ជារួម គ្រប់យ៉ាងថៃហ៊ានមូលបង្កាច់បំភាន់បំភ្លៃទាំងបំពាន ដែលស៊ាំក្នុងសាធារណមតិអន្តរជាតិទៅហើយ ដូចឃ្លាមួយថា «Don’t to me!» ឬ ថៃធ្វើបាន! និយាយឱ្យខ្លីថៃភូតពិភពលោកលែងជឿហើយ ដោយជាក់ស្ដែងសារព័ត៌មានពិភពលោកល្បីៗគេចុះផ្សាយព្រោងព្រាតថា ថៃជាអ្នកបើកការវាយប្រហារមុនមកលើកម្ពុជា កម្ពុជាជាជនរងគ្រោះ ក្នុងនោះមាន សារព័ត៌មាន Reuters , The Guardian, CNN, France24, Mathrubhumi, Scoop ជាដើម ហើយក៏ត្រូវនឹងពាក្យខ្មែរថា«ភូតច្រើន ច្រើនចាញ់អាត្មា»។
ការចាប់ផ្ដើមវាយប្រហារមុនមកលើកម្ពុជាពីសំណាក់ថៃ ទាំងស៊ីវិល និងយោធា ពុំមែនមានតែប៉ុណ្ណឹងទេ បើរាប់ថយក្រោយខ្លួះៗ៖
១.កាលសម័យជប៉ុនឈ្នះសង្គ្រាមលោក ថៃលើកបានលើកទ័ពមកវាយប្រហារឈ្លានពានកម្ពុជា ក្នុង១៩៤១ រហូតមានអនុសញ្ញាទីក្រុងតូក្យូ។
២.ឆ្នាំ១៩៤៩ ថៃបានបញ្ជូនឆ្មាំ និងនគរបាលមកកាន់កាប់ប្រាសាទព្រះវិហារ និងតំបន់ជុំវិញ។
៣.ឆ្នាំ១៩៥៤ ថៃបញ្ជូនកងទ័ពមកកាន់កាប់ទឹកដីប្រាសាទព្រះវិហារ។
៤.ថ្ងៃទី១២-១៩ ខែមេសា ឆ្នាំ១៩៦៦ ថៃបានលើកទ័ពមកវាយប្រហារប្រាសាទ និងតំបន់ជុំវិញប្រាសាទព្រះវិហារជាថ្មីទៀត។
៦.ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០០៨ ថៃបានបញ្ជូនកងទ័ពវាយប្រហារឈ្លានពានប្រាសាទព្រះវិហារ ដោយដាក់គោលដៅយុទ្ធសាស្ត្រ៤ចំណុច រួមមាន ភ្នំទ្រព្យ ព្រលានឥន្ទ្រីយ៍ វត្តកែវសិក្ខាគិរីស្វរៈ និងចំណុចទល់មុខខាងកើតផ្សារនៅជើងភ្នំព្រះវិហារ។ ក្រៅពីនេះ ថ្មីៗសើមៗនេះ គឺ៖
៧.ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ លើកកម្លាំងទ័ពទាំងព្រឹក វាយប្រហារទាំងមិនដឹងខ្លួន និងគ្មានរឿងអ្វីសោះ នាំឱ្យយោធិនកម្ពុជាម្នាក់ពលី និងរបួស។
៨.ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ បង្ករឿងតាំងពីព្រលឹម និងទំរាំរក
លេសបើកការវាយប្រហារមកកម្ពុជា ទាំងកំរោល៕
ដោយ ៖ សិលា