ភ្នំពេញ៖ ជម្លោះរវាងសកម្មជនរបស់គណបក្សសង្រ្គោះជាតិប្រចាំមូលដ្ឋានជាមួយម្ចាស់គ្រប់គ្រងដីឡូត៍មួយកន្លែង ខណៈដែលម្ចាស់ទីតាំងមិនអនុញាតិឲ្យយកស្លាកគណបក្សសង្ក្រ្គោះជាតិយកទៅដាំមុខផ្ទះ កើតជាជម្លោះ ផ្អើលសមត្ថកិច្ច កាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅមុខដីឡូត៍គម្រោងបើកហាងថ្មី តន្រ្តីបុប្ផាជាយក្រុង ផ្លូវជាតិលេខ៣ ភូមិត្រាំងដូនតី សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនពេលកើតហេតុមនុស្សមួយក្រុមមានគ្នា៥ទៅ៦នាក់បានយកស្លាកគណបក្សសង្គ្រោះជាតិទៅដាំនៅចញ្ចើមផ្លូវមុខទីតាំងខាងលើដោយពុំមានការអនុញាតពីម្ចាស់ដីខាងលើឡើយ ទើបបណ្តាលឲ្យទំនាស់ពាក្យសម្ដីខណៈដែលម្ចាស់ទីតាំងមិនពេញចិត្តដាក់ស្លាកខាងលើ ។ ទំនាស់សម្ដីតិងមាត់តឹងកទៅមកឈានទៅដល់បុរសជាម្ចាស់ទីតាំងវាយស្លាកឲ្យរហែកទើបផ្ទុះកំហឹងខាងសកម្មជនខាងគណបក្សលើកគ្នាជាច្រើននាក់មកកន្លែងខាងលើ។
តាមសម្ដីម្ចាស់ទីតាំងខាងលើបានឲ្យដឹងថា ថ្វីត្បិតដីជាចំណីផ្លូវក៏ពិតមែនតែជាមុខផ្ទះរបស់គាត់បើពុំមានការអនុញាតមិនអាចដាំស្លាកបានឡើយ។
បើតាមសម្ដីមនុស្សជាសកម្មជនរបស់គណបក្សសង្គ្រោះជាតិបានឲ្យដឹងថា ចំណុចដែលដាំស្លាកជាចំណីផ្លូវ រឿងអ្វីដាំមិនបានហើយឈានទៅដល់ប្រើហិង្សាមកវាយរហូតដល់រហែកស្លាកទៀត។ ការជជែករកខុសរកត្រូវនៅកន្លែងកើតហេតុមិនដាច់ស្រាច់ឡើយរហូតដល់នាំគ្នាទៅសាលាសង្កាត់ក្រោមការសម្របសម្រួលពីចៅសង្កាត់ទើបមានសភាពស្ងប់ស្ងាត់ទៅវិញ៕
ដោយ៖ សុខាសែនជ័យ
...