ខេត្តឧត្តរមានជ័យក លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលខេត្តឧត្តរមានជ័យ គិតត្រឹមព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥នេះ មានប្រជាពលរដ្ឋជាជនស៊ីវិលស្លូតត្រង់ម្នាក់បានរងគ្រោះថ្នាក់ដល់អាយុជីវិត និង ៥នាក់ទៀតរងរបួស បង្កដោយការឈ្លានពានរបស់ទ័ពថៃ។
អ្នកនាំពាក្យរដ្ឋបាលខេត្តឧត្តរមានជ័យ បានឱ្យដឹងថា ប្រជាពលរដ្ឋជាង ២,៤០០ គ្រួសារ ត្រូវបានជម្លៀសចេញពីតំបន់ជម្លោះក្នុងខេត្តឧត្តរមានជ័យដោយសុវត្ថិភាពអស់ហើយ។
គួររម្លឹកថា កាលពីម្សិលមិញនេះលោក ម៉េត មាសភក្តី ក៏បានជម្រាបជូនសាធារណជន ក៏ដូចជាអ្នកសារព័ត៌មានទូទៅជ្រាបថា៖ ប្រជាពលរដ្ឋប្រមាណ ១,៥០០ គ្រួសារ ក្នុង ១២ ភូមិ ៣ ឃុំ នៃស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ដែលរស់នៅក្បែរតំបន់ប្រឈមកំពុងមានជម្លោះប្រដាប់អាវុធរវាងកងទ័ពកម្ពុជា-ថៃ នៅតំបន់ប្រាសាទតាមាន់ ប្រាសាទតាក្របី និងថ្មដូន បានជម្លៀសចេញពីតំបន់គ្រោះថ្នាក់មកទីទួលសុវត្ថិភាព ដោយសុវត្ថិភាពអស់ហើយ។
សរុបរួមទាំងប្រជាពលរដ្ឋមកពីតំបន់ផ្សេងទៀតផង មានប្រមាណជាង ២,៤០០ គ្រួសារ ដែលកំពុងស្ថិតនៅទីទួលសុវត្ថិភាពទាំងអស់ តាមបណ្តាស្រុកក្នុងខេត្តឧត្តរមានជ័យ៕