ភ្នំពេញ៖ បើតាមលោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ថ្លែងក្នុងសន្និសីទកាសែតស្តីពីបច្ចុប្បន្នភាពនៃការឈ្លានពានរបស់ថៃ មកលើទឹកដីកម្ពុជា នាម៉ោង១២៖៣០នាទី ថ្ងៃទី២៥ កក្កដានេះ បញ្ជាក់ថា ៖ តំបន់ទីប្រជុំជនកម្ពុជា និងវត្តអារាម នៅតាមតំបន់ខ្សែបន្ទាត់ព្រំដែន រងការខូចខាតដោយសារថៃ ប្រើប្រាស់គ្រាប់បែកចង្កោម ដែលផ្ទុយពីអនុសញ្ញាស្តីពីគ្រាប់បែកចង្កោម (Convention on Cluster Munitions – CCM)។។
បើតាមលោកស្រី ម៉ាលី សុជាតា ភាគីថៃ បានប្រើប្រាស់អាវុធធន់ធ្ងន់ វាយប្រហារមកលើកម្ពុជា ជាពិសេសការប្រើប្រាស់គ្រាប់បែកចង្កោមនេះ ជារំលោភលើអនុសញ្ញាស្តីពីគ្រាប់បែបចង្កោម និងប្រឆាំងការគោរពសិទ្ធិមនុស្ស។ អ្នកនាំពាក្យក្រសួងការពារជាតិ ស្នើឱ្យសហគមន៍អន្តរជាតិ ថ្កោលទោសលើសកម្មភាពថៃឈ្លានពានកម្ពុជា ដោយមិនស្ទាក់ស្ទើរ ហើយស្នើឱ្យថៃបញ្ឈប់សកម្មភាពសាហាវឃោឃៅនេះ ជាបន្ទាន់។
សូមបញ្ជាក់ថា ៖ សាលារៀនសរុប២៦០កន្លែង ទូទាំងខេត្តឧត្តរមានជ័យ ត្រូវបានផ្អាកទាំងស្រុង ដើម្បីការពារសុវត្ថិភាពសិស្ស និងបុគ្គលិកអប់រំ នៅក្នុងខេត្តឧត្តរមានជ័យ។ បុគ្គលិកអប់រំ សិស្សានុសិស្សទាំងអស់មានសុវត្ថិភាព ហើយក៏គ្មានអគារសិក្សា និងថ្នាក់រៀនណាមួយ រងផលប៉ះពាល់ឡើយ៕
ដោយ ៖ សិលា