ភ្នំពេញ៖. ក្រោយពីរដ្ឋបាលរាជធានីភ្នំពេញ ធ្វើការអំពាវនាវ ស្វែងរកសប្បុរសជន ជួយជាថវិកា ស្បៀងអាហារ សម្ភារៈ គ្រឿងឧបភោគ បរិ ភោគ និងថ្នាំពេទ្យរយៈពេលតែ១ថ្ងៃមានសប្បុ រសជន បានស្មាគ្រ័ចិត្ដ ចូលរួមបរិច្ចាគ ជាថវិកាបានចំនួន១០ម៉ឺន ៤២៣៨ដុល្លារ និង៣៧៦លាន ៥៦៧៦៣៩រៀល រួមជាមួយនិងសម្ភារៈជាច្រើនមុខទៀត.ដើម្បីជួយពលរដ្ឋកំពុងជម្លៀសខ្លួន បន្ទាប់ពីមានជម្លោះប្រដាប់អាវុធ ដែលបង្កឡើងដោយទាហានថៃឈ្លានពានមកលើដែន អធិបតេយ្យភាពរបស់កម្ពុជា និងសម្រាប់ជួយវីរៈកងទ័ពជួរមុខ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ មានសប្បុរជនជាច្រើនបានសម្រុកមកបរិច្ចាគធនធាន នៅសាលារាជធានីភ្នំពេញ ដោយមានការចូលរួមពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញផងដែរ ។
រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្តីអំពាវនាវកាលពីព្រឹកថ្ងៃទី២៦កក្កដានេះ ពោលគឺការអំពាវនាវមិនបានប៉ុន្មានម៉ោង ក៏មានសប្បុរសជនយ៉ាងច្រើនសន្លឹកសន្ធាប់បានសម្រុកនាំគ្នាមកប្រគល់អំណោយជូនរដ្ឋបាលរាជធានីភ្នំពេញ ដែលមានទាំងថវិកា ស្បៀងអាហារ គ្រឿង ឧបភោគបរិភោគ សម្ភារប្រើប្រាស់ផ្សេងៗ ព្រមទាំងថ្នាំពេទ្យផងដែរ ដើម្បីយកទៅចែកជូនដល់វីរកង ទ័ពជួរមុខ ដែលបាននឹងកំពុងខិតខំតស៊ូការពារបន្ទាត់ព្រំដែនកម្ពុជា-ថៃ ប្រកបដោយភាពក្លាហាន មុះមុត ប្រឆាំង នឹងសត្រូវឈ្លានពាន ប្រកបដោយស្មារតីស្នេហាជាតិមាតុភូមិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋ ដែលត្រូវបានជម្លៀស ខ្លួនមកកាន់មណ្ឌលសុវត្ថិភាពនានា ក្នុងខេត្តព្រះវិ ហារ និងខេត្តឧត្តរមានជ័យ។
លោកស្រីដោ សម្ផស្ស នាយិការរងរដ្ឋបាលរាជធានីភ្នំពេញ និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា៖ នេះជាខឿនការពារជាតិប្រជាជនធ្វើឱ្យបងប្អូនប្រជាពលរដ្ឋនិងសប្បុរសជនយើងជាច្រើនបានចូលរួមយ៉ាងស្រាក់សស្រាំ ជាមួយសាលារាជធានីភ្នំពេញ ដើម្បីជាកិច្ចឆ្លើយតបជាមួយនឹងការលះបង់សាច់ស្រស់ឈាមស្រស់ របស់វីរៈកងទ័ពជួរមុខ ក្នុងកិច្ចការពារបូរណភាពទឹកដីកម្ពុជាពីចោរថៃឈ្លានពានជាមួយនឹងការចូលរួមរំលែកការលំបាករបស់បងប្អូនប្រជាពលរដ្ឋជាជនភាសឹក ដែលកំពុងតែជ្រកកោននៅតាមទីតាំងសុវត្ថិភាពនានា។ ទាំងអស់នេះគឺជាទឹកចិត្តរបស់បងប្អូនប្រជាពលរដ្ឋខ្មែរ ក្នុងស្មារតីសមមរភូមិក្រោយ ជួយសមរភូមិមុខ,ស្មារតីខ្មែរជួយខ្មែរ។សកម្មភាពនេះបាន បង្ហាញឱ្យឃើញពីស្មារតីស្នេហាជាតិជាធ្លុងមួយ របស់បងប្អូនប្រជាពលរដ្ឋកម្ពុជាទាំងអស់ នៅសមូរភូមិក្រោយ គាំទ្រនិងលើកទឹកចិត្តដល់វីរៈកង ទ័ពជួរមុខ ដែលបាននឹងកំពុងខិតខំតស៊ូការពារបន្ទាត់ព្រំដែនកម្ពុជា-ថៃ ប្រកប ដោយភាពក្លាហាន មុះមុត ប្រឆាំង នឹងសត្រូវឈ្លានពាន ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនិងបន្តមកសម្តេចបវរមហាធិបតី ហ៊ុនម៉ាណែត ជានាយកដ្ឋមន្ត្រីនាពេលបច្ចុប្បន្ន។
លោកស្រីដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ រដ្ឋបាលរាជធានីភ្នំពេញទទួលបានថវិកាជាប្រាក់ដុល្លារសរុបចំនួន១០ម៉ឺន៤២៣៨ដុល្លារ និងជាប្រាក់រៀលសរុបចំនួន៣៧៦លាន៥៦៧៦៣៩រៀល រួមទាំងអំណោយជាគ្រឿងឧបភោគបរិភោគ ថ្នាំពេទ្យ និងសំភារៈផ្សេងៗមួយចំនួនធំទៀត។សូមជម្រាបបងប្អូនសប្បុរសជននានាអាចបន្តចូលរួមបរិច្ចាគជាបន្តបន្ទាប់ទៀតបានដោយរដ្ឋបាលរាជធានីភ្នំពេញបានចាត់តាំងក្រុមការងារចាំទទួលសំភារៈនិងថវិកាតាមរយះQR Code ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញក្នុងឱកាសនោះបានថ្លែងអំណរគុណគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះទឹកចិត្តបងប្អូនប្រជាពលរដ្ឋកំពុងផុសផុល មកចូលរួមឧបត្ថម្ភដល់វីរៈកងទ័ពជួរមុខ និងក្រុមគ្រួសារប្រជាពលរដ្ឋដែលកំពុងជម្លៀសចេញមកទីកន្លែងសុវត្ថិភាព ដែលនេះពិតជាបានបង្ហាញពីសាមគ្គីភាពជាធ្លុងមួយ ខ្មែរស្រលាញ់ខ្មែរ។ សូមអរគុណនូវទឹកចិត្តរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងស្មារតីខ្មែរជួយខ្មែរ៕. ដោយ សំរិត