ភ្នំពេញ : ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅវិមានសន្តិភាព ទីស្ដីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃអាទិត្យ ទី២៧ ខែកក្កដា ឆ្នាំ២០២៥ នេះ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានគូសបញ្ជាក់ថា ការចោទប្រកាន់របស់ថៃដែលថាកម្ពុជាលួចដាក់មីននៅក្នុងទឹកដីថៃ គឺជាការចោទប្រកាន់ដែលមានចរិតលាក់ពុត និងថាកម្ពុជាបានប្ដេជ្ញាចិត្តខ្ពស់ចំពោះអនុសញ្ញាទីក្រុងអូតាវ៉ា ហើយក៏ត្រូវបានទទួលស្គាល់ និងកោតសរសើរពីសហគមន៍អន្តរជាតិផងដែរលលើការងារបោសសម្អាតមីន។
លោកអ្នកនាំពាក្យបានលើកឡើងថា «ចំពោះការចោទប្រកាន់ដែលមានចរិតលាក់ពុតរបស់ថៃពាក់ព័ន្ធនឹងបញ្ហាមីន ខ្ញុំក៏សូមបញ្ជាក់ដែរថា កម្ពុជានៅតែជារដ្ឋភាគីប្រកបដោយការប្ដេជ្ញាចិត្តខ្ពស់ចំពោះអនុសញ្ញាអូតាវ៉ា (Ottawa Treaty) ហើយតែងតែបានសហការយ៉ាងសកម្មជាមួយស្ថាប័នបោសសម្អាតមីនអន្តរជាតិ ហើយនិងត្រូវបានទទួលស្គាល់ និងកោតសរសើរពីសហគមន៍អន្តរជាតិ ជាពិសេសគឺអង្គការសហប្រជាជាតិ»។
បើតាមលោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាដែលបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននេះដែរ គិតមកដល់ម៉ោង៦ព្រឹកនេះ ភាគីថៃនៅតែបន្តឈ្លានពានមកលើទឹកដីកម្ពុជាយ៉ាងកម្រោល និងយ៉ាងគឃ្លើនជាងមុន ដែលបង្ហាញឲ្យឃើញថា ភាគីថៃមិនគោរពតាមបំណងសម្របសម្រួលឲ្យមានបទឈប់បាញ់ជាបន្ទាន់របស់លោក Donald Trump ប្រធានាធិបតីអាមេរិក ដែលបានធ្វើឡើងកាលពីម៉ោងរំលងអាធ្រាតឈានចូលថ្ងៃអាទិត្យ ទី២៧ ខែកក្កដា ឆ្នាំ២០២៥ នេះ។
គួរបញ្ជាក់ថា នេះជាថ្ងៃទី៤ ហើយនៃការឈ្លានពានរបស់យោធាថែមកលើអធិបតេយ្យភាពស្របច្បាប់របស់កម្ពុជា ក្រោយពីយោធាថៃបានបើកការវាយប្រហារមុនមកលើកងទ័ពកម្ពុជាដែលឈរជើងនៅប្រាសាទតាមាន់ធំនៅវេលាម៉ោង ៨:៤៦ នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ទី២៤ ខែកក្កដា ឆ្នាំ២០២៥ ហើយកម្ពុជាបានប្រើសិទ្ធិការពារខ្លួនបាញ់តបវិញ៕
ដោយ : សិលា