នៅរង្វះទឹកស្រែជ្រៅមួយកន្លែង ពេលទឹកជិតរីងស្ងួតអស់ ត្រីផ្ទក់មួយក្បាលខំប្រឹងននៀលទៅរកទឹកស្រះដែលមានទឹកច្រើន។ ពេលនោះក៏ជួបសត្វកុកនៅឈរក្បែរស្រែនោះរង់ចាំចាប់ត្រីធ្វើជាចំណី។ ពេលឃើញដូច្នោះ ត្រីផ្ទក់ សួរទៅកុកថា÷
-អ្ហេ! បងកុក ទៅណាមកណា?
– អេី!មកស៊ីត្រីឯងហ្នឹងណា(កុកឆ្លើយ)
បានឮដូច្នេះ ត្រីផ្ទក់ភ័យណាស់ក៏ត្រិះរិះរកវិធីរំដោះខ្លួនពីសត្វកុកចាប់ធ្វើចំណី។ ត្រីផ្ទក់បានប្រើបញ្ញាសួរទៅកុកវិញថា
– បងកុកចង់ស៊ីខ្ញុំក៏ស៊ីទៅចុះ តែមុននឹងស៊ី ខ្ញុំឲ្យដោះប្រស្នាសិន បើដោះប្រស្នាត្រូវ ស៊ីខ្ញុំចុះ តែបើមិនត្រូវវិញ ត្រូវពាំខ្ញុំយកទៅទម្លាក់ក្នុងបឹងផង។
សត្វកុកគិតមួយសន្ទុះក៏ឆ្លើយថាយើងយល់ព្រម។
បន្ទាប់មកត្រីផ្ទក់បានដាក់ប្រស្នាឲ្យកុកឆ្លើយ។ ១.ដូចម្ដេចហៅថាផ្អែមជាងគេ? ២.ដូចម្ដេចហៅថាជូរជាងគេ? ៣.ដូចម្ដេចដែលហៅថាស្អុយជាងគេ?
កុកក៏ឆ្លើយតាមលំដាប់លំដោយថា ១.ផ្អែមជាងគេគឺស្ករនិងទឹកឃ្មុំ។ ២. ជូរជាងគេគឺអំពិលក្រសាំង និងសណ្ដាន់។ ៣.ស្អុយជាងគេគឺផោម លាមក និងគម្រង់។
បានឮចម្លើយនេះត្រីផ្ទក់ប្រាប់ថាខុសទេ ។ ១.ផ្អែមជាងគេគឺជាសម្ដីដែលនិយាយស្ដីមានសីលធម៌ល្អ។ ២.ជូរជាងគេ គឺសម្តី និយាយស្តីមកគ្រោឌគ្រាត និង ៣.ស្អុយជាងគេមិនមែនផោម លាមកឬ គម្លង់នោះទេ គឺ កេរ្តិ៍ឈ្មោះដែលប្រព្រឹត្តអំពើមិនល្អអ្វីមួយ។
កុកដោយដឹងថាចាញ់បញ្ញាត្រីផ្ទក់ សុខចិត្តចុះចាញ់ ហើយក៏ពាំត្រីទៅទម្លាក់នៅបឹងក្បែរនោះទៅ៕ ដោយ÷ហុក បួន
គំនិតគួរពិចារណា÷ បញ្ញាអាចធ្វើឲ្យជីវិតប្រសើរ
