ភ្នំពេញ : ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅវិមានសន្តិភាព ទីស្ដីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃអាទិត្យ ទី២៧ ខែកក្កដា ឆ្នាំ២០២៥ នេះ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានប្រកាសបដិសេដយ៉ាងដាច់អហង្ការចំពោះការការអះអាងរបស់ភាគីថៃថាកម្ពុជាបានកំណត់វាយប្រហារលើគោលដៅស៊ីវិល និងមន្ទីរពេទ្យនៅក្នុងប្រទេសថៃ។
លោកអ្នកនាំពាក្យបានលើកឡើងថា «ឆ្លើយតបទៅនឹងការចុះផ្សាយរបស់ប្រព័ន្ធឃោសនារបស់ថៃ ដែលបានលើកឡើងថាក្រសួងការបរទេសថៃបានប្រកាសថាថៃកំពុងតែត្រៀមរៀបចំដើម្បីប្ដឹងតវ៉ាទៅគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ហើយនិងទៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC ចោទប្រកាន់កម្ពុជាថាបានរំលោភច្បាប់មនុស្សធម៌អន្តរជាតិ ជាពិសេសគឺចោទដោយគ្មានមូលដ្ឋានសម្អាង ថាកម្ពុជាបានវាយប្រហារទៅលើជនស៊ីវិល និងមន្ទីរពេទ្យ»។
លោក ជុំ សុន្ទរី បានបន្តទៀតថា «ពាក់ព័ន្ធនឹងការចោទប្រកាន់នេះ ខ្ញុំសូមប្រកាសបដិសេដយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់ដែលគ្មានមូលដ្ឋានរបស់ក្រសួងរបស់ក្រសួងការបរទេសថៃ ដូចដែលបានលើកឡើងខាងលើនេះ។ ការអះអាងរបស់ភាគីថៃដែលថា កម្ពុជាបានបើកការវាយប្រហារដោយឥតរើសមុខលើជនស៊ីវិល និងទីតាំងសាធារណៈ គឺជាការបំភ្លៃការពិតដោយចេតនារបស់ភាគីថៃ។ ខ្ញុំសូមគូសបញ្ជាក់ថាកម្ពុជាបានប្រកាន់យ៉ាងម៉ឺងម៉ាត់នូវគោលការណ៍ក្នុងការបញ្ចៀសគោលដៅជនស៊ីវិលស្របតាមកាតព្វកិច្ចរបស់ខ្លួនក្រោមអនុសញ្ញាទីក្រុងហ្សឺណែវ និងច្បាប់មនុស្សធម៌អន្តរជាតិ»។
បើតាមលោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាដែលបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននេះដែរ គិតមកដល់ម៉ោង៦ព្រឹកនេះ ភាគីថៃនៅតែបន្តឈ្លានពានមកលើទឹកដីកម្ពុជាយ៉ាងកម្រោល និងយ៉ាងគឃ្លើនជាងមុន ដែលបង្ហាញឲ្យឃើញថា ភាគីថៃមិនគោរពតាមបំណងសម្របសម្រួលឲ្យមានបទឈប់បាញ់ជាបន្ទាន់របស់លោក Donald Trump ប្រធានាធិបតីអាមេរិក ដែលបានធ្វើឡើងកាលពីម៉ោងរំលងអាធ្រាតឈានចូលថ្ងៃអាទិត្យ ទី២៧ ខែកក្កដា ឆ្នាំ២០២៥ នេះ។
គួរបញ្ជាក់ថា នេះជាថ្ងៃទី៤ ហើយនៃការឈ្លានពានរបស់យោធាថែមកលើអធិបតេយ្យភាពស្របច្បាប់របស់កម្ពុជា ក្រោយពីយោធាថៃបានបើកការវាយប្រហារមុនមកលើកងទ័ពកម្ពុជាដែលឈរជើងនៅប្រាសាទតាមាន់ធំនៅវេលាម៉ោង ៨:៤៦ នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ទី២៤ ខែកក្កដា ឆ្នាំ២០២៥ ហើយកម្ពុជាបានប្រើសិទ្ធិការពារខ្លួនបាញ់តបវិញ៕
ដោយ : សិលា