អ្នកនាំពាក្យក្រសួងការពារជាតិ ទាត់ចោលការប្រកាន់របស់ថៃថា កម្ពុជាប្រើ BM21 បាញ់ចូលប្រាសាទតាមាន់, គ្មានហេតុផលដែលកម្ពុជាបំផ្លាញប្រាសាទខ្លួនឯងឡើយ មានតែថៃទេជាអ្នកបាញ់

ចែករំលែក៖

ភ្នំពេញ៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៅវេលាម៉ោង១១ព្រឹក ថ្ងៃទី២៧ ខេកក្កដា ឆ្នាំ២០២៥នេះ បានចេញមកទាត់ចោលទាំងស្រុងចំពោះការចោទប្រកាន់របស់ថៃថា កម្ពុជាបានប្រើប្រាស់អាវុធ BM21 បាញ់ចូលប្រាសាទតាមាន់ ដែលជាការចោទប្រកាន់ដោយមិនសមហេតុផល និងមានចេតនាទុច្ចរិត។

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានអះអាងក្នុងសន្និសីទសារព័ត៌មាននៅព្រឹកនេះថា ថៃទេជាអ្នកបាញ់ផ្លោងចូលប្រាសាទតាមាន់ ដែលជាប្រាសាទរបស់កម្ពុជាដោយផ្អែកតាមផែនទីស្របច្បាប់។

លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានថ្លែងយ៉ាងដូច្នេះថា «មុននេះបន្ដិច មានការបង្ហោះផ្សាយព័ត៌មានពីផេកផ្លូវការរបស់កងទ័ពជើងគោកថា កម្ពុជាបានបាញ់ BM21 ទៅកាន់ទីតាំងប្រាសាទតាមាន់។ ការពិតប្រាសាទតាមាន់ជាប្រាសាទដែលដូនតាខ្មែរសាងសង់ ហើយជាកម្មសិទ្ធិស្របច្បាប់នៅក្នុងដែនអធិបតេយ្យភាពកម្ពុជា ដោយផ្អែកលើផែនទីស្របច្បាប់។ ប្រាសាទតាមាន់ស្ថិតក្នុងទឹកដី នៃខេត្តឧត្តរមានជ័យ ប្រទេសកម្ពុជា ដូច្នេះគ្មានហេតុផលណាមួយដែលកម្ពុជាត្រូវបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់ខ្លួនទេ ប៉ុន្ដែមានតែភាគីថៃទេ ដែលមានចេតនាទុច្ចរិតទាំងអស់នេះ»។

សូមជម្រាបថា នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង០២៖០០នាទីព្រឹក កងកម្លាំងថៃបានបាញ់ផ្លោងមកលើទីតាំងវាលឥន្ទ្រី។ នៅម៉ោង០២៖៣០នាទី ពួកគេបានបង្កើនការទម្លាក់គ្រាប់បែក ទៅដល់តាថាវ ភ្នំ៣៣៣ និងភ្នំខ្មោច។ ហើយនៅម៉ោង០៤៖៥០នាទី ការបាញ់ផ្លោងបន្ថែមទៀតទៅលើប្រសាទតាមាន់ធំ និងប្រសាទតាក្របី។ នៅម៉ោង ០៦៖០០នាទី កងទ័ពថ្មើរជើងថៃ បានឈ្លានពានចូលទីតាំងភ្នំខ្មោច តំបន់អានសេះ និងវាលឥន្ទ្រី បន្ទាប់មកក៏មានការឈ្លានពានជាទ្រង់ទ្រាយធំនៅម៉ោង ០៦៖៣០នាទី ដោយមានរថក្រោះ និងកងទ័ពថ្មើរជើងចូលទៅក្នុងតំបន់ជាច្រើន រួមមាន វាលឥន្រ្ទី ៥មករា ភ្នំខ្មោច និងអានសេះ។

ការបន្តរំលោភលើអធិបតេយ្យភាពរបស់កម្ពុជា ប្រតិបត្តិការយោធាដ៏គឃ្លើន និងការមិនគោរពតាមច្បាប់អន្តរជាតិ គឺជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរមួយចំពោះសណ្តាប់ធ្នាប់អន្តរជាតិ សន្តិភាព និងស្ថិរភាព មិនត្រឹមតែនៅតាមព្រំដែនកម្ពុជា-ថៃប៉ុណ្ណោះទេ ប៉ុន្តែនៅទូទាំងតំបន់ទាំងមូល។ សកម្មភាពបែបនេះធ្វើឱ្យខូចដល់កិច្ចខិតខំប្រឹងប្រែងទាំងអស់ឆ្ពោះទៅរកដំណោះស្រាយដោយសន្តិវិធី និងបង្ហាញពីចេតនាច្បាស់លាស់របស់ប្រទេសថៃក្នុងការបង្កើនជាជាងកាត់បន្ថយជម្លោះ។
កម្ពុជាអំពាវនាវឲ្យកងទ័ពភូមិន្ទថៃ បញ្ឈប់ការភូតភរជាបន្ទាន់ ហើយឈប់ប្រើលេសមិនពិត ដើម្បីបង្ហាញពីហេតុផលការឈ្លានពានខុសច្បាប់របស់ខ្លួន។ សហគមន៍អន្តរជាតិត្រូវតែចាត់ទុកប្រទេសថៃ ឲ្យទទួលខុសត្រូវពេញលេញចំពោះឧក្រិដ្ឋកម្មរបស់ខ្លួន ហើយទាមទារឱ្យបញ្ចប់រាល់អរិភាពទាំងអស់។

...

កម្ពុជា បញ្ជាក់សារជាថ្មីពីការប្ដេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ចំពោះបទឈប់បាញ់ជាបន្ទាន់ និងដោះស្រាយរាល់វិវាទដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ។ ជាមួយគ្នានេះដែរ កម្ពុជាសូមបញ្ជាក់សារជាថ្មីនូវអធិបតេយ្យភាព និងសិទ្ធិស្វ័យការពាររបស់ខ្លួន ដូចមានចែងក្នុងមាត្រា ៥១ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ដើម្បីការពារបូរណភាពទឹកដី អធិបតេយ្យភាពជាតិ និងអាយុជីវិតរបស់ប្រជាជនខ្លួនប្រឆាំងនឹងការឈ្លានពានខុសច្បាប់របស់ប្រទេសថៃ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print