ខេត្តបាត់ដំបង ៖ លោក សុខ លូ អញ្ជើញទទួលស្វាគមន៍ពលករខ្មែរដែលកំពុងបន្តសម្រុកចាកចេញពីប្រទេសថៃវិលត្រឡប់មកស្រុកកំណើតវិញ អនុវត្តតាមការណែនាំពីប្រមុខរាជរដ្ឋាភិបាល ។
លោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញចុះពិនិត្យស្ថានភាពនៅច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុកកំរៀង និងទទួលស្វាគមន៍ពលករខ្មែរដែលបាននិងកំពុងបន្តសម្រុកចាកចេញពីប្រទេសថៃវិលត្រឡប់មកស្រុកកំណើតវិញ។
លោក សុខ លូ បញ្ជាក់បន្ថែមថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាណែនាំឱ្យបញ្ចេញរថយន្តជាច្រើនគ្រឿងដើម្បីដឹកជញ្ជូនបងប្អូនពលករត្រឡប់ទៅស្រុកកំណើតវិញ។
គួរកត់សម្គាល់ថា បន្ទាប់ពីភាគីថៃបានបង្កសង្រ្គាមតាមព្រំដែនជាមួយកម្ពុជាក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះមានពលករខ្មែរកាន់តែច្រើនឡើងបានសម្រុកចាកចេញពីប្រទេសថៃវិលត្រឡប់មកស្រុកកំណើតវិញ។
ការវិលត្រឡប់របស់បងប្អូនពលករខ្មែរជាបន្តបន្ទាប់នេះបានទទួលការយកចិត្តទុកដាក់ខ្ពស់ពីរដ្ឋបាលខេត្តបាត់ដំបង និងមន្រ្តីជំនាញមកពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈតាមរយៈការរៀបចំរថយន្តសម្រាប់ដឹកជញ្ជូនបងប្អូនពលករទៅតាមបណ្តាខេត្តផ្សេងៗដើម្បីត្រលប់ទៅស្រុកកំណើតរៀងៗខ្លួនវិញ ការរៀបចំមណ្ឌលសំចត ផ្ដល់អាហារសម្រន់ និងការប្រឹក្សាផ្សេងៗពីមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។ អភិបាលខេត្តបាត់ដំបង បានបញ្ជាក់ថា ៖ គិតត្រឹមវេលាម៉ោង១៖៤០នាទីរសៀលថ្ងៃនេះ ពលរដ្ឋខ្មែរយើងសម្រុកចេញពីថៃ តាមច្រកទ្វារដូងរាប់ម៉ឺននាក់ ! ៕
ដោយ ៖ សិលា