ភ្នំពេញ ៖ សេចក្តីអំពាវនាវ ក្នុងអំឡុងពេលមានសង្រ្គាមតាមព្រំដែន ដែលជាការឈ្លានពានពីភាគីសៀមមកលើកម្ពុជា ចាប់តាំងពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ មកដល់បច្ចុប្បន្ន នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សង្កេតឃើញថា ប្រជាពលរដ្ឋកម្ពុជាបានរួបរួមសាមគ្គីភាពផ្ទៃក្នុងយ៉ាងអស្ចារ្យក្រោមរូបភាពផ្សេងៗ ក្នុងការលើកទឹកចិត្តដល់វីរៈកងទ័ពជួរមុខដែលកំពុងជាប់ដៃប្រយុទ្ធយ៉ាងមោះមុតជាមួយសត្រូវឈ្លានពានសៀម ក្នុងនោះក៏សង្កេតឃើញមានការកៀរគរថវិការពីជនដែលមានប្រជាប្រិយដល់សប្បុរសជន ដើម្បីទិញជាសម្ភារៈ ឧបភោគ បរិភោគ និងឧបករណ៍ប្រើប្រាស់ចាំបាច់ផ្សេងៗ ឧបត្ថម្ភជូនដល់វីរៈកងទ័ពជួរមុខ និងប្រជាពលរដ្ឋដែលភៀសខ្លួនចេញពីតំបន់ក្តៅកំពុងប្រឈមនឹងការធ្វើសង្រ្គាមរកទីទួលមានសុវត្ថិភាព។ ទន្ទឹមនឹងមានទឹកចិត្តដ៏ល្អប្រពៃរបស់បងប្អូនសប្បុរសជននេះ នាយកដ្ឋានក៏សូមអំពាវនាវ និងសំណូមពរដល់សាធារណជនទាំងអស់÷
– សម្រាប់សប្បុរសជនដែលបានដឹកនាំថវិការ និងស្បៀងដែលបានរៀនចំជូនដល់វីរៈកងទ័ពជួរមុខ ក៏ដូចជាប្រជាពលរដ្ឋភៀសសឹក សូមកុំបង្ហោះរូបភាព និងវីដេអូតាមបណ្តាញសង្គម ដែលបង្ហាញពីទីតាំងជំរុំភៀសសឹក ប្រើប្រាស់បច្ចេកទេស បិទ Location Service និងកំណត់ប្លង់ថតជៀសវាងការបង្ហាញពីមជ្ឈដ្ឋាននៃទីតាំងនោះ ដែលជាហេតុឲ្យសត្រូវអាចកំណត់ពីទីតាំងបាន។
– ចំពោះប្រជាពលរដ្ឋ និងអ្នកយកសារព័ត៌មាន សូមកុំថត ចែករំលែក ឬបង្ហោះតាមបណ្តាញសង្គមបង្ហាញរូបភាព ឬវីដេអូ ពីទីតាំងឈរជើង ពីការចល័តកងទ័ព ឬសកម្មភាពនានារបស់កងទ័ព ដើម្បីជៀសវាងការកំណត់បានទីតាំងរបស់កងទ័ពយើងពីសត្រូវ។
នាយកដ្ឋានសូមគោរពថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋយើងទាំងអស់ ដែលបានរួមសាមគ្គីគ្នាយ៉ាងពេញទំហឹងគាំទ្រដល់វីរៈកងទ័ពយើងក្នុងពេលដែលសត្រូវកំពុងឈ្លានពាន ៕
ដោយ ៖ សិលា