ភ្នំពេញ…ក្រោយពីមានការអំពាវនាវរបស់រដ្ឋបាលរាជធានីភ្នំពេញ រកសប្បុរសជនបរិច្ចាគ ជាថវិកា ស្បៀងអាហា សម្ភារៈ ដើម្បីជួយកងទ័ពជួរមុខ និងពលរដ្ឋជម្លៀលពីសឹក ពួកចោឈ្លៀនពានសៀម នៅថ្ងៃអាទិត្យទី២៧ ខែកក្កដា ឆ្នាំ២០២៥ រយៈពេលពីថ្ងៃមកនេះ រដ្ឋបាលរាជធានីភ្នំពេញ បានទទួលទឹកប្រាក់សុទ្ធជាង១៣ម៉ឺនដុល្លារ ប្រាក់រៀលជាង៥០០លានរៀល និងស្បៀងអាហារ គ្រឿងឧបភោគ បរិភោគ សម្ភារប្រើប្រាស់ផ្សេងៗ ព្រមទាំងថ្នាំពេទ្យ ត្រូវបានសប្បុរសជនប្រគល់អំណោយជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីយកទៅចែកជូនដល់វីរកងទ័ពជួរមុខនិងពលរដ្ឋកំពុងជម្លៀសខ្លួន បន្ទាប់ពីមានជម្លោះប្រដាប់អាវុធ ដែលបង្កឡើង ដោយទាហានថៃឈ្លានពានមកលើដែន អធិបតេយ្យភាពរបស់កម្ពុជា។
សំរាប់ថ្ងៃទី២ ដែលត្រូវនឹងថ្ងៃទី២៧ កក្កដាឆ្នាំ២០២៥នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅតែបង្ហាញក្នុងវត្តមានចំទទួលអំណោយនានា ពីប្រជាពលរដ្ឋនិងសប្បុរសជននៅសាលារាជធានីភ្នំពេញ។
លោកស្រីដោ សម្ផស្ស នាយិការរងរដ្ឋបាលរាជធានីភ្នំពេញ និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងនៅព្រឹកថ្ងៃទី២៧ កក្កដានេះថា៖ គិតត្រឹមម៉ោង១១និង២៥នាទីព្រឹកថ្ងៃទី២៧ កក្កដានេះ រដ្ឋបាលរាជធានីភ្នំពេញបានទទួលបានថវិកាពីសប្បុរសជនជាប្រាក់ដុល្លារសរុបចំនួន១៣ម៉ឺន ០៧០១ ដុល្លារ និងប្រាក់រៀលសរុបចំនួន៥៣២៨៩២៦២៥ រៀល រួមទាំងអំណោយជាគ្រឿងឧបភោគបរិភោគ ថ្នាំពេទ្យ និងសំភារៈផ្សេងៗមួយចំនួនធំទៀត។
លោកស្រីបន្តថា៖ សកម្មភាពនេះបាន បង្ហាញឱ្យឃើញពីស្មារតីស្នេហាជាតិជាធ្លុងមួយ របស់បងប្អូនប្រជាពលរដ្ឋកម្ពុជាទាំងអស់ នៅសមូរភូមិក្រោយ គាំទ្រនិងលើកទឹកចិត្តដល់វីរកង ទ័ពជួរមុខ ដែលបាននឹងកំពុងខិតខំតស៊ូការពារបន្ទាត់ព្រំដែនកម្ពុជា-ថៃ ប្រកបដោយភាពក្លាហាន មុះមុត ប្រឆាំង នឹងសត្រូវឈ្លានពាន ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនិងបន្តមកសម្តេចបវរមហាធិបតី ហ៊ុន ម៉ាណែត ជានាយកដ្ឋមន្ត្រីនាពេលបច្ចុប្បន្ន។
លោកស្រីដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានឱ្យបញ្ជាក់ឱ្យដឹងទៀតថា៖ សម្រាប់ខឿនការពារជាតិប្រជាជននេះបងប្អូនប្រជាពលរដ្ឋយើងបានចូលរួមយ៉ាងសស្រាក់សស្រាំ ជាមួយសាលារាជធានីភ្នំពេញ ដើម្បីជាកិច្ចឆ្លើយតបជាមួយនឹងការលះបង់សាច់ស្រស់ឈាមស្រស់ របស់វីរៈកងទ័ពជួរមុខ ក្នុងកិច្ចការពារបូរណភាពទឹកដីកម្ពុជាពីចោលឈ្លានពានថៃ ជាមួយនឹងការចូលរួមរំលែកការលំបាករបស់បងប្អូនប្រជាពលរដ្ឋដែលជាជនភាសឹក ដែលកំពុងតែជ្រូកកោននៅតាមទីតាំងសុវត្ថិភាពនានា។ ទាំងអស់នេះគឺជាទឹកចិត្តរបស់បងប្អូនប្រជាពលរដ្ឋខ្មែរ ក្នុងស្មារតីសមមរភូមិក្រោយ ជួយសមរភូមិមុខ,ស្មារតីខ្មែរជួយខ្មែរ។
លោកស្រីសូមជម្រាបបងប្អូនសប្បុរសជននានាអាចបន្តចូលរួមបរិច្ចាគជាបន្តបន្ទាប់ទៀតបានដោយរដ្ឋបាលរាជធានីភ្នំពេញបានចាត់តាំងក្រុមការងារចាំទទួលសំភារៈនិងថវិកាតាមរយះQR Code។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញក្នុងឱកាសនោះបានថ្លែងអំណរគុណគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះទឹកចិត្តបងប្អូនប្រជាពលរដ្ឋកំពុងផុសផុល មកចូលរួមឧបត្ថម្ភដល់វីរកងទ័ពជួរមុខ និងក្រុមគ្រួសារប្រជាពលរដ្ឋដែលកំពុងជម្លៀសចេញមកទីកន្លែងសុវត្ថិភាព ដែលនេះពិតជាបានបង្ហាញពីសាមគ្គីភាពជាធ្លុងមួយ ខ្មែរស្រលាញ់ខ្មែរ។ បងប្អូនអាចបន្តចូលរួមបរិច្ចាគជាបន្តបន្ទាប់ទៀតបាន។សូមគោរពអរគុណនូវទឹកចិត្តរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងស្មារតីខ្មែរជួយខ្មែរ៕
