យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍អាមេរិក An American Airlines មួយគ្រឿងបានទទួលរងភ្លើងឆេះនៅលើឧបករណ៍ចុះចតរបស់ខ្លួន ខណៈដែលត្រៀមហោះឡើងនៅអាកាសយានដ្ឋាន Denver ក្នុងរដ្ឋ Colorado ដោយបង្ខំឱ្យអ្នកដំណើរជម្លៀសខ្លួនចេញជាបន្ទាន់។
យោងតាមអ្នកដំណើរ Mark Tsurkis បានឱ្យដឹងថា យន្តហោះ Boeing 737 MAX 8 របស់ក្រុមហ៊ុនអាកាសចរណ៍អាមេរិក បានជួបហេតុការណ៍ឆេះកាលពីថ្ងៃទី 26 ខែកក្កដា ខណៈពេលកំពុងត្រៀមដើម្បីហោះចេញពីទីក្រុង Denver ទៅ Miami ។
លោកបាននិយាយថា៖ «ក្នុងអំឡុងពេលកំពុងបង្កើនល្បឿន ខណៈយន្តហោះជិតនឹងហោះចេញ យើងបានឮសំឡេងផ្ទុះ ហើយខ្ញុំគិតថា នេះមិនល្អទេ » ។ Tsukis ជឿថា សំបកកង់នៅលើយន្តហោះបានផ្ទុះ និងធ្វើឱ្យខូចប្រព័ន្ធឧបករណ៍ចុះចត “ដោយសារតែនៅពេលយើងកំពុងបន្ថយល្បឿន យើងបានឃើញកង់មួយរមៀលនៅផ្នែកខាងឆ្វេងនៃយន្តហោះ”។
ក្រោយមកក្រុមហ៊ុនអាកាសចរណ៍ American Airlines បានបញ្ជាក់ថា យន្តហោះមានបញ្ហាថែទាំទាក់ទងនឹងសំបកកង់ ហើយត្រូវបានដកចេញពីសេវាសម្រាប់ការត្រួតពិនិត្យដោយក្រុមថែទាំ។ ការផ្ទុះកង់រួមនឹងការបន្ថយល្បឿនរបស់យន្តហោះក្នុងពេលចាប់ហ្វ្រ័ងបណ្តាលឱ្យមានភ្លើងឆេះ ។
Tsurkis បន្ថែមថា “វាពិតជាពេលវេលាដ៏គួរឱ្យភ័យខ្លាចមួយ ប៉ុន្តែយើងមានសំណាងដែលយើងមិនទាន់បានហោះឡើង។
យោងទៅតាមគាត់ នៅពេលដែលគាត់បានកត់សម្គាល់ឃើញបញ្ហានោះ ប្រធានក្រុមបានបន្ថយល្បឿនយន្តហោះ ហើយនាំវាឱ្យឈប់ទាំងស្រុង។ ប្រហែលមួយនាទីក្រោយមក អ្នកដំណើរផ្សេងទៀតបានឃើញផ្សែងហុយចេញ ហើយការជម្លៀសបានចាប់ផ្តើមភ្លាមៗ៕ ដោយធីរីណា
រូបថត: vnexpress