គណៈប្រតិភូសភានៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយសម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញដល់ទីក្រុងហ្សឺណែវ ប្រទេសស្វីស ដោសុវត្ថិភាព ក្នុងការចូលរួមកិច្ចប្រជុំកំពូលប្រធានសភាស្រ្តីលើកទី១៥ និងសន្និសីទប្រធានសភាពិភពលោក លើកទី៦

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភានៃព្រះរាជាណាចក្រកម្ពុជា ដល់ទីក្រុងហ្សឺណែវ ប្រទេសស្វីស ដោយសុវត្ថិភាព ក្នុងការចូលរួមកិច្ចប្រជុំកំពូលប្រធានសភាស្រ្តីលើកទី១៥ (15th SWSP) និងសន្និសីទប្រធានសភាពិភពលោក លើកទី៦ (6th WCSP)  ពីថ្ងៃទី២៧ ខែកក្កដា ដល់ថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥។

នៅអាកាសយានដ្ឋានអន្តរជាតិហ្សឺណែវ គណៈប្រតិភូជាន់ខ្ពស់សភានៃព្រះរាជាណាចក្រកម្ពុជា ទទួលស្វាគមន៍យ៉ាងកក់ក្តៅ ពីសំណាក់ ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសស្វីស និងសហការី ជាពិសេសប្រជាពលរដ្ឋខ្មែរដែលរស់នៅក្នុងប្រទេសស្វីស យ៉ាងច្រើនកុះករ ប្រកបដោយក្តីនឹករលឹក គោរពស្រឡាញ់ជ្រាលជ្រៅ ចំពោះសម្តេចប្រធានរដ្ឋសភា ក៏ដូចជាគណៈប្រតិភូទំាងមូល។  

សូមជម្រាបថា កិច្ចប្រជុំកំពូលប្រធានសភាស្រ្តីលើកទី១៥ និងសន្និសីទប្រធានសភាពិភពលោក លើកទី៦ ជាព្រឹត្តិការណ៍ដ៏សំខាន់នៃស្ថាប័នសភាអន្តរជាតិក្នុងការពង្រឹងយន្តការសភា ការលើកកម្ពស់កិច្ចសន្ទនា និងការគាំទ្រកិច្ចសហប្រតិបត្តិការពហុនិយម សំដៅធានាការពារសុខសន្តិភាព ការលើកកម្ពស់សមភាពយេនឌ័រ ការជំរុញតួនាទីដឹកនាំរបស់ស្រ្តី ដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋ ប្រកបដោយចីរភាព បរិយាបន្ន និងវិបុលភាព។

ក្នុងដំណើរបំពេញបេសកកម្មការទូតសភាដ៏សំខាន់នៅលើឆាកអន្តរជាតិនេះ សម្តេចប្រធានរដ្ឋសភា និងថ្នាក់ដឹកនាំសភាមកពីបណ្តាប្រទេសនានាក្នុងសកលោកនឹងពិភាក្សាលើប្រធានបទសំខាន់ៗ ដូចជាកិច្ចប្រជុំកំពូលប្រធានសភាស្រ្តីលើកទី១៥ ដែលមានការចូលរួមពីប្រធានសភាជាស្ត្រីចំនួន ៣០ ប្រទេសមានប្រធានបទ «ការដឹកនាំសម្រាប់សន្តិភាពរួម និងយូរអង្វែង» នឹងប្រជុំពិភាក្សាលើរបៀបវារៈសំខាន់ៗដូចជា “របៀបវារៈស្រ្តី សន្តិភាព និងសន្តិសុខក្រោយរយៈពេល២៥ ឆ្នាំៈ បញ្ហាប្រឈមកំពុងកើតមាន និងមាគ៌ាឆ្ពោះទៅអនាគត” និង «បញ្ហាប្រឈមកំពុងកើតឡើងចំពោះសន្តិភាពរួម និងយូរអង្វែង និងមាគ៌ាឆ្ពោះទៅមុខ» ។

ចំពោះសន្និសីទប្រធានសភាពិភពលោកលើកទី៦ នឹងមានការអញ្ជើញចូលរួមពីប្រធាន អនុប្រធានរដ្ឋសភា និងព្រឹទ្ធសភាសរុបប្រមាណជាង ១០០ ប្រទេសនឹងពិភាក្សាលើមូលបទស្តីពី «ពិភពលោកក្នុងភាពចលាចល៖ កិច្ចសហប្រតិបត្តិការសភា និងពហុភាគីនិយម ដើម្បីសន្តិភាព យុត្តិធម៌ និងវិបុលភាពសម្រាប់ទាំងអស់គ្នា»។

សម្តេចរដ្ឋសភាធិបតី និងសមាជិកគណៈប្រតិភូដទៃទៀត នៃសភាកម្ពុជានឹងអញ្ជើញថ្លែសន្ទរកថា បទអន្តរាគមន៍នៅក្នុងកិច្ចប្រជុំទំាងពីរនិងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀត។ ជាមួយគ្នានេះ អំឡុងពេលស្នាក់នៅទីក្រុងហ្សឺណែវ  សម្តេចរដ្ឋសភាធិបតី ឃួន សុដារី នឹងមានជំនួបពិភាក្សាទ្វេភាគីជាមួយប្រធានសភានិងថ្នាក់ដឹកនាំដៃគូអភិវឌ្ឍន៍មួយចំនួន ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ រវាងព្រះរាជាណាចក្រកម្ពុជា និងបណ្តាប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍នានា សំដៅស្វែងរកផលប្រយោជន៍ជូនប្រទេសជាតិនិងប្រជាពលរដ្ឋកម្ពុជា ផងដែរ។

គណៈប្រតិភូអមដំណើរសម្តេចប្រធានរដ្ឋសភា មាន លោកជំទាវ ឡោក ខេង ប្រធានគណ:កម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា លោកជំទាវ ចាន់ សុទ្ធាវី ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃព្រឹទ្ធសភា ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ នាយកខុទ្ទកាល័យសម្តេចប្រធានរដ្ឋសភា ឯកឧត្តម ឃួន ដាវិត អគ្គលេខាធិការរងរដ្ឋសភា ឯកឧត្តមណ្ឌិត ឈាង វណ្ណារិទ្ឋ ប្រធានក្រុមទីប្រឹក្សារដ្ឋសភា៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print