កម្លាំងនគរបាលស្រុកអង្គស្នួល បង្ក្រាបក្មេងទំនើង ៣ក្រុម ឃាត់ខ្លួន ១១នាក់ កំពុងប៉ុនប៉ងបង្កហិង្សា

ចែករំលែក៖

ខេត្តកណ្ដាល÷ កម្លាំងនគរបាលស្រុកអង្គស្នួល បានបើកកិច្ចប្រតិបត្តិការបង្ក្រាបមុខសញ្ញាក្រុមក្មេងទំនើង ដែលកំពុងជិះម៉ូតូប្រដាប់ដោយកាំបិតផ្គាក់ ជើងឆ័ត្រ និងខ្សែក្រវ៉ាត់ប៉ុនប៉ងប្រព្រឹត្តអំពើហិង្សា។ ហេតុការណ៍នេះកើត ឡើងកាលពីវេលាម៉ោង ៣និង៣០នាទីរំលងអធ្រាត្រ ថ្ងៃទី២៧ កក្កដា ២០២៥ នៅបណ្ដោយផ្លូវជាតិលេខ ៤ស្ថិតក្នុងភូមិព្រៃរកា ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្ដាល។ សមត្ថកិច្ចបានឃាត់ខ្លួនយុវជនទាំង នោះបានរហូតដល់ ១១នាក់ មាន៣ក្រុមផ្សេងគ្នា។

លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល បានឲ្យដឹងថា មុនពេលកើតហេតុ កម្លាំងអន្តរាគមន៍នៃអធិការដ្ឋាននគរបាលស្រុក សហការជា មួយកម្លាំងប៉ុស្តិ៍នគរបាលទាំង ១០ បានចេញល្បាតក្នុងភូមិសាស្ត្រស្រុក ដើម្បីបង្ការ និងទប់ស្កាត់បទល្មើសផ្សេងៗ។ ក្រោយមក ក៏ទទួលបានព័ត៌មានពីប្រជាពលរដ្ឋល្អថា មានក្រុមក្មេងទំនើងជាច្រើនក្រុមជិះម៉ូតូ ហើយមានកាន់កាំបិតផ្គាក់ផងដែរ។ ភ្លាមៗនោះ កម្លាំងសមត្ថកិច្ចបានដេញតាមពួនស្ទាក់ និងឃាត់ខ្លួនក្រុមប្អូនៗទំនើងទាំង ៣ក្រុម រួមទាំងម៉ូតូចំនួន ៥គ្រឿង និងវត្ថុតាងមួយចំនួន។

លោកអធិការបានបន្តថា ក្នុងចំណោមជនសង្ស័យទាំង ១១នាក់ដែលត្រូវបានឃាត់ខ្លួន មានឈ្មោះ ហ៊ីង ហ្វុង ភេទប្រុស អាយុ១៨ឆ្នាំជាអ្នកកាន់កាំបិតផ្គាក់, ឈ្មោះ ប៉ែន មីនា ភេទប្រុស អាយុ១៨ឆ្នាំជាអ្នកកាន់ជើងឆ័ត្រ, និងឈ្មោះ ឌុល រិទ្ធីភេទប្រុស អាយុ១៨ឆ្នាំជាអ្នកកាន់ខ្សែក្រវ៉ាត់។ ក្រោយការសាកសួរ ជនសង្ស័យទាំងអស់បានឆ្លើយសារភាពថា ពួកគេពិតជាបានកាន់កាំបិតផ្គាក់ ជើងឆ័ត្រដែក និងខ្សែក្រវ៉ាត់មែន តែគ្រាន់តែទុកសម្រាប់ការពារខ្លួនប៉ុណ្ណោះ។ ក្រោយការពិនិត្យ ទឹកនោមរបស់ពួកគេមិនមានផ្ទុកសារធាតុញៀនឡើយ។

វត្ថុតាងដែលសមត្ថកិច្ចចាប់យករួមមាន៖ ម៉ូតូសរុប ៤គ្រឿង (ម៉ាក Honda C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1AA-6903, ម៉ាក Honda C125 ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1LP-1744, ម៉ាកនិចធូ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1LE-7443, និងម៉ាកនិច ពណ៌ស-លឿង ពាក់ផ្លាកលេខ កំពង់ស្ពឺ 1AA-9664)។ វត្ថុតាងផ្សេងទៀតរួមមាន កាំបិតផ្គាក់ដងឬស្សី ១, ជើងឆ័ត្រដែក ១, និងខ្សែក្រវ៉ាត់ ១។

...

លោកអធិការបានបញ្ជាក់ថា ចំពោះករណីនេះ កម្លាំងផ្នែកជំនាញបានសម្រេចអនុវត្តតាមវិធានការអប់រំ ដោយឃាត់ខ្លួនពួកគេរយៈពេល ៣៦ម៉ោង និង ៤៨ម៉ោង។ ទន្ទឹមនឹងនេះ សមត្ថកិច្ចក៏បានដកហូតម៉ូតូរក្សាទុករយៈពេល ៣ខែ នៅអធិការដ្ឋាននគរបាលស្រុក ដើម្បីធ្វើអនាម័យ និងហៅក្រុមគ្រួសារមកចូលរួមធ្វើកិច្ចសន្យាអប់រំ ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print