សម្ដេចប្រធានរដ្ឋសភាកម្ពុជា រួមជាមួយនឹងប្រធានសភាស្រ្តី មកពី ៣០ប្រទេស ជួបជុំនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ក្នុងក្របខ័ណ្ឌកិច្ចប្រជុំកំពូលប្រធានសភាស្រ្តីលើកទី១៥

ចែករំលែក៖

ទីក្រុង​ហ្សឺណែវ​៖​ ក្នុងក្របខ័ណ្ឌកិច្ចប្រជុំកំពូលប្រធានសភាស្រ្តីលើកទី១៥​ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយនឹងប្រធានសភា ជាស្រ្តីមកពី ៣០ប្រទេស បានផ្តើមជួបជុំគ្នា នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។

លោកស្រី Maja Riniker ប្រធានរដ្ឋសភាប្រទេសស្វីស នៅល្ងាចថ្ងៃទី ២៧ ខែក្កដាឆ្នាំ២០២៥ បានរៀបចំទទួលស្វាគមន៍ លៀងសាយភោជន៍ជូនគណៈប្រតិភូប្រធានសភាជាស្រ្តីទាំងអស់ដែលបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលប្រធានសភាស្រ្តីលើកទី១៥ នៅសណ្ឋាគារ Four Seasons Hotel Des Bergues ប្រកបដោយភាពរាក់ទាក់និងកក់ក្តៅជាទីបំផុត។

ឆ្លៀតនៅក្នុងឱកាសនោះ សម្តេចប្រធានរដ្ឋសភា បានជួបសន្ទនាក្រៅផ្លូវការជាមួយប្រធានសភានានាដែលបានអញ្ជើញចូលរួម ក្នុងការពង្រឹងចំណងការទូត កិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាណាចក្រកម្ពុជា ជាមួយបណ្តាប្រទេសជាមិត្ត ក្នុងការទាញយកផលប្រយោជន៍ជូនប្រទេសជាតិ និងប្រជាពលរដ្ឋកម្ពុជា ទាំងវិស័យការទូតសភា សេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ កសិកម្ម និងទេសចរណ៍ជាដើម ក៏ដូចជាការជម្រាបជូនបណ្តាប្រទេសជាមិត្តពីសភាពការណ៍ពិតដែលកំពុងកើតមានឡើងនៅកម្ពុជា គឺការឈ្លានពាន និងការបង្កការវាយប្រហារ បង្កសង្រ្គាមដោយយោធោថៃមកលើដែនអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជាចាប់តាំងពីថ្ងៃទី២៤ ខែកក្កដា រហូតមកដល់ពេលនេះ។

សូមជម្រាបថា​ អញ្ជើញអមដំណើរ សម្តេចប្រធានរដ្ឋសភាក្នុងពិធីលៀងសាយភោជន៍នេះ រួមមាន លោកស្រី​ ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា និង លោកស្រី​ ចាន់ សុទ្ធាវី ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃព្រឹទ្ធសភា។

គួរបញ្ជាក់ថា​ កិច្ចប្រជុំកំពូលប្រធានសភាស្រ្តីលើកទី១៥ នឹងធ្វើពិធីបើកជាផ្លូវការនៅព្រឹកថ្ងៃទី២៨ ខែកក្កដា ក្រោមប្រធានបទ «ការដឹកនាំសម្រាប់សន្តិភាពរួម និងយូរអង្វែង» ។ នៅក្នុងកិច្ចប្រជុំនេះ សម្តេចរដ្ឋសភាធិបតី នឹងអញ្ជើញថ្លែងបទអន្តរាគមន៍ចំនួន ២ លើក៖ សម័យប្រជុំលើកទី១ ស្តីពី “របៀបវារៈស្រ្តី សន្តិភាព និងសន្តិសុខក្រោយរយៈពេល២៥ ឆ្នាំៈ បញ្ហាប្រឈមកំពុងកើតមាន និងមាគ៌ាឆ្ពោះទៅអនាគត” និង សម័យប្រជុំលើកទី២ ក្រោមប្រធានបទ «បញ្ហាប្រឈមកំពុងកើតឡើងចំពោះសន្តិភាពរួម និងយូរអង្វែង និងមាគ៌ាឆ្ពោះទៅមុខ»។

ក្រោយពីបញ្ចប់កិច្ចប្រជុំកំពូលប្រធានសភាស្រ្តីលើកទី១៥ហើយ គណៈប្រតិភូសភានៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តចូលរួមសន្និសីទប្រធានសភាពិភពលោកលើកទី៦ ទៀត។

សន្និសីទនេះ មានការអញ្ជើញចូលរួមពីប្រធាន អនុប្រធានរដ្ឋសភា និងព្រឹទ្ធសភាសរុបប្រមាណជាង ១០០ ប្រទេស។ សម្តេចរដ្ឋសភាធិបតី ប្រធានគណៈប្រតិភូសភាកម្ពុជា នឹងអញ្ជើញថ្លែងចំណាប់អារម្មណ៍លើកិច្ចពិភាក្សាទូទៅក្រោមមូលបទស្តីពី «ពិភពលោកក្នុងភាពចលាចល៖ កិច្ចសហប្រតិបត្តិការសភា និងពហុភាគីនិយម ដើម្បីសន្តិភាព យុត្តិធម៌ និងវិបុលភាពសម្រាប់ទាំងអស់គ្នា» ទៀតផង៕

...

ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print