មកទល់ថ្ងៃនេះ ជាថ្ងៃទី៤ហើយ ដែលចោរសៀមបានប៉ុនប៉ងឈ្លានពានទឹកដីខ្មែរ តែត្រូវបានកងទ័ពការពារជួរមុខដ៏ក្លាហានរារាំងបានទាំងស្រុង។ ទាហានចោរសៀមបានប្រើគ្រប់មធ្យោបាយល្បិចកល់មកលើទាហានកម្ពុជា ក្នុងនោះមានការដាក់កាំភ្លើងធំជិតព្រំដែន បង្វែរកាណុងបាញ់ទៅលើផ្ទះពលរដ្ឋខ្លួនឯងដើម្បីទម្លាក់កំហុសមកលើទាហានកម្ពុជា។ មិនតែប៉ុណ្ណោះសៀមបានបាញ់ចូលទឹកដីឡាវផងដែរ ដោយមានចេតនាដូចគ្នា។ ដោយមិនអាចឈ្លានពានទឹកដីកម្ពុជាដ៏ពិសិដ្ឋបាន យោធាថៃបានប្រើផ្សែងពុល យន្តហោះចម្បាំង គ្រាប់បែកចង្កោម ដ្រូនអត្តឃាត វាយប្រហារកម្ពុជា ។
នៅពេលនេះប្រធានាធិបតីសហរដ្ឋអាមេរិកជឿជាក់ថា ភាពតានតឹងកម្ពុជា-ថៃអាចដោះស្រាយបានយ៉ាងងាយដូចលោកបានធ្វើនៅក្នុងជម្លោះឥណ្ឌានិងប៉ាគីស្ថានដែរនាពេលកន្លងមក។
លោកប្រធានាធិបតីអាមេរិក Donald Trump បាននិយាយក្នុងជំនួបជាមួយប្រធានគណៈកម្មការអឺរ៉ុប Ursula von der Leyen ក្នុងប្រទេសស្កុតឡែនកាលពីថ្ងៃទី 27 ខែកក្កដាថា “យើងមានពាណិជ្ជកម្មច្រើនជាមួយប្រទេសថៃ និងកម្ពុជា ហើយខ្ញុំដឹងថាពួកគេមានជម្លោះជាមួយគ្នា។
ចៅហ្វាយសេតវិមានបាននិយាយថា លោកបានទូរស័ព្ទដាច់ដោយឡែកពីគ្នាជាមួយមេដឹកនាំកម្ពុជា និងថៃ ដោយព្រមានពីផលវិបាកប្រសិនបើប្រទេសទាំងពីរមិនបញ្ចប់ការប្រយុទ្ធគ្នានោះទេ។ គាត់បាននិយាយថា “ខ្ញុំបាននិយាយថាយើងនឹងមិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មទេ លុះត្រាតែពួកគេដោះស្រាយភាពតានតឹង។ នៅចុងបញ្ចប់នៃការសន្ទនា ខ្ញុំគិតថាពួកគេចង់ដោះស្រាយវា” ។
លោក Trump បានបញ្ជាក់ថា លោកនឹង “រីករាយ” ប្រសិនបើគាត់អាចប្រើពាណិជ្ជកម្មជាអានុភាពដើម្បីដោះស្រាយបញ្ហាបែបនេះ។
លោក Marco Rubio រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកបានថ្លែងថា មន្ត្រីការទូតអាមេរិកកំពុងស្ថិតក្នុងប្រទេសម៉ាឡេស៊ីដើម្បីគាំទ្រដល់ការចរចាសន្តិភាពរវាងកម្ពុជានឹងថៃ។ រដ្ឋមន្ត្រីការបរទេសអាមេរិកបានបន្ថែមថា លោកនិងប្រធានាធិបតី Trump បានធ្វើការជាមួយនឹងសមភាគីរបស់ពួកគេនៅក្នុងប្រទេសនីមួយៗ ហើយកំពុងតាមដានយ៉ាងដិតដល់នូវស្ថានភាព។ លោក Rubio បាននិយាយថា “យើងចង់បញ្ចប់ជម្លោះនេះឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន”៕ ដោយធីរីណា
រូបថត: AP