ភ្នំពេញ៖ លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ស្ត្រីទី១នៃកម្ពុជា នៅព្រឹកថ្ងៃចន្ទទី២៨ ខែកក្កដា ឆ្នាំ២០២៥នេះ បានមានប្រសាសន៍ថា សូមជំរាបជូនបងប្អូនប្រជាពលរដ្ឋថាស្បៀងរបស់បងប្អូនកងទ័ពជួរមុខមិនខ្វះទេ មានការផ្គត់ផ្គង់គ្រប់គ្រាន់ជូនដល់ពួកគាត់។
សូមជម្រាបជូនថា កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ម្សិលមិញ ក្រុមការងារនិងនិស្សិតអាហារូបករណ៍ អ.ម.ត រាជធានីភ្នំពេញ រួមជាមួយនឹងក្រុមការងារសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បានចូលរួមយ៉ាងសកម្មក្នុងការរៀបចំកញ្ចប់ថ្នាំពេទ្យសង្រ្គោះបឋម (ឃីត) សម្ភាៈ និងគ្រឿងបរិក្ខារចាំបាច់នានានៅស្នាក់ការសមាគម អ.ម.ត សម្រាប់ត្រៀមផ្តល់ជូនកងទ័ព និងកងនគរបាលជាតិកម្ពុជានៅសមរភូមិជួរមុខ, ជូនប្រជាពលរដ្ឋជាជនភៀសសឹក និងជូនបងប្អូនពលករខ្មែរយើងពីប្រទេសថៃ។
ក្នុងនាមថ្នាក់ដឹកនាំ សមាជិក សមាជិកាសមាគម អ.ម.ត សូមបួងសួងដល់វត្ថុស័ក្ដិសិទ្ធិក្នុងលោក ទេវតារក្សាស្វេតច្ឆត្រ ដួងព្រលឹងបុព្វបុរសខ្មែរគ្រប់ជំនាន់ សូមជួយបីបាច់ថែរក្សាការពារបងប្អូនប្រជាពលរដ្ឋខ្មែរ ជនភៀសសឹក កងទ័ពជួរមុខ និងព្រះរាជាណាចក្រកម្ពុជាឱ្យទទួលបានសុខសុវត្ថិភាព និងយកជ័យជម្នះឈ្នះលើខ្មាំងឈ្លានពានទឹកដីនៅគ្រប់សមរភូមិមុខ៕