ព្រះវិហារ ៖ រដ្ឋបាលរាជធានីភ្នំពេញនាំយកអំណោយជាង១០០មុខ ប្រគល់ជូនវីរកងទ័ពជួរមុខ និងពលរដ្ឋភៀសសឹកនៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍ ៥០០០ដើម ។
នៅព្រឹកថ្ងៃទី២៨កក្ដដា២០២៥អំណោយចម្រុះជាង១០០មុខ ដែលបានមកពីទឹកចិត្តសប្បុរសជន និងប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ នាំយកទៅប្រគល់ជូនវីរកងទ័ពជួរមុខ និងពលរដ្ឋកំពុងជម្លៀសចេញពីតំបន់ប្រឈមមុខគ្នា ដោយអាវុធពីការឈ្លានពាន យ៉ាងគឃ្លើនរបស់ទាហានថៃមកលើអធិបតេយ្យភាពកម្ពុជានៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍ ៥០០០ដើម។
អំណោយទាំងអស់នេះ ត្រូវបាន លោក ឯក ឃុនដឿន អភិបាលរងរាជធានីតំណាង លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាំទៅប្រគល់ជូនដល់ លោក ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ និង លោក គីម រិទ្ធី អភិ បាលខេត្តព្រះវិហារ សម្រាប់ផ្ដល់ដល មណ្ឌល សុវត្ថិភាពវត្តពោធិ៍ ៥០០០ដើម ក្នុងស្រុកគូលែន ខេត្តព្រះវិហារ ក្រោមការទទួលពីអាជ្ញាធរខេត្ត ដើម្បីចែកជូនបន្តដល់ប្រជាពលរដ្ឋដែលបានជម្លៀសចេញពីផ្ទះសម្បែងចំនួន ៣៧៤៨ គ្រួសារ ស្មើនឹង ១២៧២២នាក់ ។
អំណោយដែលរដ្ឋបាលរាជធានីភ្នំពេញនាំយកមកប្រគល់ជូនដល់កងទ័ពជួរមុខនិងប្រជាពលរដ្ឋភៀសសឹកនាពេលនេះ រួមមាន ៖ ថ្នាំពេទ្យ មី ត្រីខកំប៉ុង ទឹកត្រី ទឹកស៊ីអៀវ ភួយមុង កន្ទេល បន្លែ ត្រីសាច់ និងសម្ភារប្រើប្រាស់ផ្សេងៗទៀត សរុបទាំងអស់ចំនួន១០៣មុខ ។
លោក ឯក ឃុនដឿន តំណាងឱ្យ អភិបាលរាជធានីភ្នំពេញ លោលឃួង ស្រេង ក្នុងឱកាសនោះ បានអររគុណគុណ ចំពោះទឹកចិត្តសប្បុរសជន នៅរាជធានីភ្នំពេញ ដែលតែងតែចូលរួមចែករំលែកធនធាន តាមលទ្ធលភាពរៀងៗខ្លួន ដើម្បីឧបត្ថម្ភដល់វីរកងទ័ពជួរមុខ និងក្រុមគ្រួសារប្រជាពលរដ្ឋ ដែលបាននិងកំពុងជម្លៀសចេញពីផ្ទះសម្បែងមកស្នាក់នៅទីកន្លែងសុវត្ថិភាព។ នេះពិតជាបានបង្ហាញឱ្យឃើញពីសាមគ្គីភាពជាធ្លុងមួយ ខ្មែរស្រលាញ់ខ្មែរ។ សូមអរគុណនូវទឹកចិត្តរបស់បងប្អូនប្រជាពលរដ្ឋយើង និងសប្បុរសជន ក្នុងស្មារតីខ្មែរជួយខ្មែរ។
តាមរបាយការណ៍របស់រដ្ឋបាលខេត្តព្រះវិហារបានឲ្យដឹងថា គិតត្រឹមថ្ងៃទី២៧ ខែកក្កដា ឆ្នាំ ២០២៥ មាន ប្រជាពលរដ្ឋ ចំនួន៦ឃុំ ក្នុងចំណោម ៨ឃុំនៃស្រុកជាំក្សាន្ត បានជម្លៀសចេញពីឃុំ សរុបចំនួន១១៥៥៨គ្រួសារ ស្មើនឹង ២៧០៥៣ នាក់ ក្នុងនោះបងប្អូនមួយចំនួនក៏បានទៅស្នាក់ នៅផ្ទះសាច់ញាតិ និងផ្ទះមិត្តភក្តិ ។
ដោយទ្បែក ប្រជាជនបានមកទីតាំងមានសុវត្ថិភាពចំនួន ១៥កន្លែង ទូទាំងខេត្តព្រះវិហារ សរុបមានចំនួន ៥៨៥៥គ្រួសារ ស្នើនឹង ១៩៩៤៣ នាក់។ ដោយឡែកនៅ មណ្ឌលសុវត្ថិភាពវត្តពោធិ៍ ៥០០០ដើម សរុបមានចំនួន ៣៧៤៨គ្រួ សារ ស្មើនឹង ១២៧២២នាក់។
លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ក្នុងឱកាសនោះដែរ ក៏បានអរគុណជូនចំពោះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបាន ចាត់ឱ្យតំណាងអភិបាលរងរាជធានីមួយរូបនាំយកអំណោយរបស់ប្រជាពលរដ្ឋនិងសប្បុរស ជនក្នុងរាជធានីភ្នំពេញមកផ្តល់ជូនប្រជាពលរដ្ឋភៀសសឹកនៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍ ៥០០០ ដើមនេះ ពិតជាបានបង្ហាញឱ្យឃើញពីសាមគ្គី ភាពជាធ្លុងមួយ ខ្មែរស្រលាញ់ខ្មែរ៕ ដោយ សំរិត