ប្រទេសម៉ាឡេសុី ៖ រដ្ឋាភិបាលម៉ាឡេស៊ី កម្ពុជា និងថៃ ចេញសេចក្តីប្រកាសព័ត៌មានរួមនេះ បន្ទាប់ពីកិច្ចប្រជុំពិសេស ដែលមាន ឯកឧត្តម ជាតូ ស៊េរី អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ជាប្រធាន, ជាម្ចាស់ផ្ទះ និងជាសាក្សី នៅទីក្រុង Putrajaya ប្រទេសម៉ាឡេស៊ី ដោយមានការចូលរួមពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងឯកឧត្តម ភូមថាំ វេឆាយ៉ាឆៃ នាយករដ្ឋមន្ត្រីស្តីទីថៃ ហើយកិច្ចប្រជុំនេះត្រូវបានសហការរៀបចំឡើងដោយសហរដ្ឋអាមេរិក ដោយមានការចូលរួមយ៉ាងសកម្មពី សាធារណរដ្ឋប្រជាមានិតចិន ដើម្បីជំរុញដំណោះស្រាយដោយសន្តិវិធីចំពោះស្ថានការណ៍បច្ចុប្បន្ន។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រីស្តីទី ភូមថាំ វេឆាយ៉ាឆៃ បានសម្តែងជំហរ និងឆន្ទៈរបស់ខ្លួន សម្រាប់ បទឈប់បាញ់ជាបន្ទាន់ និងវិលត្រឡប់ទៅរកភាពប្រក្រតីវិញ។
លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក បានទាក់ទងជាមួយមេដឹកនាំនៃប្រទេសទាំងពីរ ដោយជំរុញឱ្យមេដឹកនាំ ស្វែងរកដំណោះស្រាយដោយសន្តិវិធីចំពោះស្ថានការណ៍នេះ។
ភាគីចិនបានរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយកម្ពុជា ថៃ ម៉ាឡេស៊ី និងប្រទេសពាក់ព័ន្ធ ដើម្បីជំរុញយ៉ាងសកម្មនូវកិច្ចសន្ទនា បទឈប់បាញ់ និងការស្តារសន្តិភាពឡើងវិញ។
វត្តមាន និងកិច្ចសហការរបស់ភាគីទាំងអស់ បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរួមគ្នាចំពោះសន្តិភាព កិច្ចសន្ទនា និងស្ថិរភាព ក្នុងតំបន់។
ទាំងកម្ពុជា និងថៃ បានឈានដល់ការយល់ស្របគ្នាដូចខាងក្រោម៖
1. បទឈប់បាញ់បន្ទាន់ និងគ្មានលក្ខខណ្ឌ ចាប់ពីម៉ោង ២៤:០០ (ម៉ោងក្នុងស្រុក) ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ នេះគឺ ជាជំហានដំបូងដ៏សំខាន់ឆ្ពោះទៅរកការកាត់បន្ថយភាពតានតឹង និងការស្ដារសន្តិភាព និងសន្តិសុខឡើងវិញ។
ii. រៀបចំកិច្ចប្រជុំក្រៅផ្លូវការរវាងមេបញ្ជាការតំបន់ (យោធភូមិភាគទី១ និងទី២ នៃភាគីថៃ និងយោធភូមិភាគទី៤ និងទី៥ នៃ ភាគីកម្ពុជា) នៅម៉ោង ០៧:០០ ព្រឹក ថ្ងៃទី២៩ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ហើយបន្តបន្ទាប់ដោយកិច្ចប្រជុំជាមួយអនុព័ន្ធយោធា ដែលដឹកនាំដោយប្រធានអាស៊ាន ប្រសិនបើភាគីទាំងពីរយល់ព្រម។
iii. កោះប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ ដែលរៀបចំដោយកម្ពុជា។
ក្នុងនាមជាប្រធានអាស៊ានបច្ចុប្បន្ន ម៉ាឡេស៊ីត្រៀមខ្លួនជាស្រេចដើម្បីសម្របសម្រួលក្រុមអ្នកសង្កេតការណ៍ ដើម្បីផ្ទៀងផ្ទាត់ នឹងធានាការអនុវត្តបទឈប់បាញ់។ ម៉ាឡេស៊ីក៏នឹងពិគ្រោះយោបល់ជាមួយបណ្តាប្រទេសជាសមាជិកអាស៊ានផ្សេងទៀត ដើម្បីចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងសង្កេតការណ៍ ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តក្នុងតំបន់ក្នុងការគាំទ្រសន្តិភាពនៅនឹងកន្លែង។ ភាគីទាំងពីរក៏បានយល់ព្រមបន្តការទំនាក់ទំនងផ្ទាល់រវាងនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិទាំងពីរ ផងដែរ។
រដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិនៃប្រទេសម៉ាឡេស៊ី កម្ពុជា និងថៃ ត្រូវបានណែនាំឱ្យបង្កើតយន្តការលម្អិតសម្រាប់ ការអនុវត្ត ការផ្ទៀងផ្ទាត់ និងការរាយការណ៍អំពីបទឈប់បាញ់។ យន្តការនេះនឹងបម្រើជាមូលដ្ឋានគ្រឹះសម្រាប់សន្តិភាព និង គណនេយ្យភាពប្រកបដោយចីរភាព។
កិច្ចប្រជុំនេះបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នារបស់ម៉ាឡេស៊ី កម្ពុជា និងថៃ ដើម្បីរក្សាគោលការណ៍ច្បាប់អន្តរជាតិ ការរួម រស់ដោយសន្តិវិធី និងកិច្ចសហប្រតិបត្តិការពហុភាគី ក្នុងការស្វែងរកដំណោះស្រាយប្រកបដោយយុត្តិធម៌ និងយូរអង្វែង ចំពោះស្ថានការណ៍នេះ។
ទីក្រុង PUTRAJAYA
ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥