ខេត្តបាត់ដំបង ៖ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥នេះ លោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំគណៈប្រតិភូ អង្គភាពជុំវិញខេត្ត ចុះសំណេះសំណាល សាកសួរសុខទុក្ខ និងនាំយកអំណោយរបស់សប្បុរសជន ដែលបានឧបត្ថមតាមរយៈរដ្ឋបាលខេត្តទៅប្រគល់ជូនដល់កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ដែលកំពុងឈរជើងការពារនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃក្នុងភូមិសាស្រ្តខេត្តបាត់ដំបង រួមមាន ស្រុក សំឡូត, ស្រុកកំរៀង, ស្រុកភ្នំព្រឹក និងស្រុកសំពៅលូន។
ក្នុងឱកាសនោះ លោក សុខ លូ មានប្រសាសន៍ថា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា គឺបានគិតគូរយកចិត្តទុក ដាក់ឧបត្ថម្ភគាំទ្រនិងផ្គត់ផ្គង់គ្រប់បែបយ៉ាងដល់កងទ័ពកម្ពុជាពុំឱ្យមានការខ្វះខាតនោះឡើយ។
លោក សុខ លូ គូសបញ្ជាក់ថា អំណោយរបស់សប្បុរសជននាពេលនេះគឺជាការជួយគាំទ្រដល់កងកម្លាំងជួរមុខក្រោមស្មារតីស្នេហាជាតិ និងការចូលរួមចំណែកជួយជាតិតាមរយៈសមរភូមិក្រោយជួយសមរភូមិជួរមុខ។
ក្នុងនាមរដ្ឋបាលខេត្តបាត់ដំបង លោក សុខ លូ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសប្បុរសជននានាដែលបានឧបត្ថម្ភគាំទ្រជាថវិកា គ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ផ្សេងៗ សម្រាប់ចូលរួមទ្រទ្រង់ដល់បងប្អូនប្រជាពលករខ្មែរត្រឡប់ពីប្រទេសថៃ និងជួយគាំទ្រដល់កងកម្លាំងជួរមុខ ដែលជាការចូលរួមចំណែកជួយជាតិតាមរយៈសមរភូមិក្រោយ និងជាការលើកទឹកចិត្តដល់វីរៈកងទ័ព ជួរមុខរបស់ប្រទេសកម្ពុជាយើង។
ជាមួយគ្នានោះ លោក សុខ លូ បានអំពាវនាវដល់សប្បុរសជនសូមបន្តជួយឧបត្ថម្ភគាំទ្របន្ថែមទៀតទៅតាមលទ្ធភាព៕
ដោយ ៖ សិលា